គន្លឹះក្នុងការកែលម្អជំនាញទន់ឱ្យកាន់តែប្រសើរឡើងក្នុងវិស័យការងារ


 


មនុស្សគ្រប់រូបតែងតែព្យាយាមបង្កើនជំនាញឯកទេស(Hard Skills) ក្នុងការបំពេញការងារ ប៉ុន្តែពួកគាត់តែងតែមើលរំលងសារៈសំខាន់ជំនាញទន់ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ពួកគាត់។ ជំនាញទន់(Soft Skills) គឺជាជំនាញដែលផ្តោតសំខាន់លើសិល្ប៍វិធីក្នុងការទំនាក់ទំនង ការនិយាយ ការប្រើប្រាស់មនោសញ្ចេតនា ក្នុងការបង្កើតបណ្តាញទំនាក់ទំនងនិងការរក្សាទំនាក់ទំនងទាំងនោះឱ្យបានឋិតថេរ ព្រមទាំងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រកបដោយសន្តិវិធីផងដែរ។ តួយ៉ាង ជំនាញទន់ត្រូវការពេលវេលានិងបទពិសោធរយៈពេលយូរ ដើម្បីមានជំនាញនិងជំរុញសមត្ថភាពក្នុងការបំពេញការងារ។ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានជំនាញទន់នេះ ដើម្បីធានាដល់ការរីកចម្រើនលើវិស័យការងាររបស់ពួកគេ។ 

ខាងក្រោមនេះ ជាគន្លឹះទាំង៥ក្នុងការកែលម្អជំនាញទន់ឱ្យកាន់តែរីកចម្រើន៖  

១- រីករាយទទួលនូវមតិកែលម្អពីអ្នកគ្រប់គ្រងនិងរៀមច្បង៖ ពេលខ្លះមានតែការផ្តល់មតិកែលម្អប៉ុណ្ណោះ ដែលអាចឆ្លុះបញ្ចាំងឱ្យដឹងយ៉ាងច្បាស់អំពីចំណុចខ្សោយនិងកំហុសផ្សេងៗដែលយើងមាន ស្របពេលដែលកំពុងបំពេញការងារ។ 

២- ឧស្សាហ៍បង្កើតទំនាក់ទំនងជាមួយនឹងអ្នករួមការងារនិងបណ្តាញទំនាក់ទំនងក្នុងសង្គម ព្រមទាំងរក្សាទំនាក់ទំនងនោះឱ្យបានឋិតថេរ៖ តាមរយៈការសន្ទនា កិច្ចពិភាក្សា ឬកិច្ចប្រជុំ ដើម្បីសិក្សាយល់ដឹងអំពីវិធីបំពេញការងារ ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយការងារទាំងនោះផងដែរ។ 

៣- ពង្រីកដែនសមត្ថភាពក្នុងការធ្វើការងារជាក្រុម៖ ការធ្វើការងារជាក្រុមមិនត្រឹមតែបង្កើនសមត្ថភាពក្នុងការធ្វើការជាមួយនឹងមិត្តរួមការងារតែប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញថា យើងជាមនុស្សដែលមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ព្រមទាំងអាចបំពេញការងារបានយ៉ាងល្អថែមទៀតផង។ 

៤- ព្យាយាមទទួលនូវការងារថ្មីប្លែកៗនិង ត្រៀមខ្លួនជានិច្ចក្នុងការសិក្សាអំពីការងារថ្មី ដើម្បីទទួលបានបទពិសោធ៖ នៅពេលដែលយើងទទួលការងារថ្មីៗ នោះវាបង្កើនសមត្ថភាពក្នុងការដោះស្រាយនិងធ្វើការងារទាំងនោះឱ្យបានល្អ។ នៅពេលយើងរក្សាផ្នត់គំនិតបែបនេះបាន នោះយើងនឹងអាចបង្កើនជំនាញទន់បានតាមរយៈការគិតដោះស្រាយបញ្ហាថ្មីៗ។ 

៥- ទទួលការងារណាដែលផ្តល់ឱកាសបង្កើនជំនាញភាពជាអ្នកដឹកនាំ៖ នៅពេលយើងដើរតួជាអ្នកដឹកនាំលើការងារអ្វីមួយ ឬគ្រប់គ្រងលើបុគ្គលិកដទៃទៀត នោះយើងនឹងចាប់ផ្តើមចេះមានការទទួលខុសត្រូវ ព្យាយាមដោះស្រាយរាល់បញ្ហានិងភាពមិនចុះសម្រុងគ្នាដោយសន្តិវិធី ព្រមទាំងស្វែងរកវិធីណាដើម្បីឱ្យការងារបានបញ្ចប់ទៅដោយភាពរលូន។ ប្រសិនបើយើងមិនធ្លាប់ដឹកនាំទេ នោះយើងប្រាកដជាមិនហ៊ានទទួលខុសត្រូវឬចេះគ្រប់គ្រងបុគ្គលិកថ្នាក់ក្រោមនោះទេ។ ដូច្នេះ ភាពជាអ្នកដឹកនាំបង្កើននូវជំនាញទន់មកដល់យើងបានយ៉ាងល្អ។ នៅពេលដែលបុគ្គលម្នាក់មានជំនាញទន់ នោះបុគ្គលនោះមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកដទៃ អាចគ្រប់គ្រងការងារ និងបុគ្គលិកដទៃ ព្រមទាំងមានទំនាក់ទំនងល្អជាមួយនឹងដៃគូមុខជំនួញថែមទៀតផង។ 

---- 

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា  

កែសម្រួលដោយ៖ ជុំ អូវីស្សា 

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក 

HeartBookCambodia  

ឯកសារយោង 

Indeed Editorial Team (n.d.). How to Improve Your Soft Skills in the Workplace. Retrieved from https://www.indeed.com/career-advice/career-development/how-to-improve-soft-skills.

Comments