សញ្ញាណទាំង១០បង្ហាញថាអ្នកអាចនឹងនៅលីវរហូត

 

មនុស្សជាច្រើនឆ្ងល់ថាគេមានស្នេហាបានយ៉ាងដូចម្ដេច ប៉ុន្តែអត់មានសួរខ្លួនឯងទេថាទៅធ្វើអ្វីខ្លះបាននៅលីវដល់សព្វថ្ងៃនេះ។

ដូចនេះសញ្ញាណទាំង១០ខាងក្រោមនឹងបញ្ជាក់ថា អ្នកនឹងមានលទ្ធភាពអាចនៅម្នាក់ឯងជារៀងរហូត៖

- អ្នកគិតថាគ្មាននរណាម្នាក់ត្រូវតាមស្ដង់ដាររបស់អ្នក៖ មនុស្សជាច្រើនសប្បាយរីករាយនឹងភាពនៅលីវព្រោះពួកគេមានស្ដង់ដារខ្ពស់ពេក ដោយគ្មាននរណាម្នាក់អាចបំពេញស្ដង់ដារនោះបាន ដូចនេះប្រសិនបើអ្នកចង់បញ្ឈប់ភាពនៅលីវគឺប្រហែលត្រូវបន្ទាបស្ដង់ដារបន្តិចហើយ។

- អ្នករីករាយជាមួយជីវិតរបស់អ្នក៖ មនុស្សជាច្រើនគិតថាពួកគេអាចរីករាយបានលុះត្រាតែមាននរណាម្នាក់ចូលមកបំពេញជីវិតរបស់គេ ប៉ុន្តែប្រសិនបើអ្នកអាចរីករាយបានដោយមិនចាំបាច់មានដៃគូ ដោយសារតែអ្នកមានការងារច្បាស់លាស់ មានចំណង់ចំណូលចិត្ត មានមិត្តភក្តិ អ្នកអាចរីករាយនឹងភាពនៅលីវរបស់អ្នកបាន។

- អ្នករីករាយនឹងភាពឯករាជ្យ៖ មនុស្សជាច្រើនរីករាយនឹងភាពនៅលីវរបស់ពួកគេដោយសារមានឯករាជ្យភាពគ្រប់គ្រាន់ នៅពេលធ្វើអ្វីមួយមិនចាំបាច់បារម្ភពីអារម្មណ៍ ឬត្រូវការសម្រេចចិត្តរបស់នរណាម្នាក់ឡើយ ប្រសិនបើបែបនេះនេះហើយជាមូលហេតុដែលអ្នកគួរនៅលីវម្នាក់ឯងទៅ។

- អ្នកគ្មានបំណងចង់មានស្នេហា៖ ប្រសិនបើអ្នកនៅចង់មានស្នេហា នោះអ្នកអាចមានសង្ឃឹម ប៉ុន្តែប្រសិនបើអ្នកគ្មានបំណងចង់មានស្នេហាឡើយដោយគិតថានៅម្នាក់ឯងគឺរីករាយបំផុតនេះហើយជាសញ្ញាណដែលអ្នកនឹងនៅលីវរហូត។

- អ្នកភ័យខ្លាចក្នុងការតាំងចិត្តក្នុងទំនាក់ទំនងស្នេហា៖ ប្រសិនបើអ្នកមិនភាពភ័យខ្លាចដោយសារទំនួលខុសត្រូវ និងមិនមានបំណងចង់មានស្នេហានោះទេ អ្នកគួរតែនៅលីវសិនទៅព្រោះអ្នកមិនទាន់ច្បាស់លាស់ក្នុងរឿងស្នេហាចៀសវាងឱ្យភាគីម្ខាងទៀតឈឺចាប់។

- អ្នកមិនងាយទុកចិត្តគេ៖ ភាពមិនងាយទុកចិត្តនរណាម្នាក់អាចធ្វើឱ្យអ្នកពិបាកក្នុងការស្វែងរកដៃគូដែលសក្តិសម ដោយសារគិតថាគេអាចនឹងធ្វើឱ្យអ្នកឈឺចាប់បាន ដោយអ្នកគិតថានៅម្នាក់ឯងគឺល្អបំផុតសម្រាប់អ្នក។

- មិត្តភាពមានសារៈសំខាន់ចំពោះអ្នក៖ វាគ្មានអ្វីខុសនោះទេបើអ្នកមានមិត្តល្អនៅក្បែរ ប៉ុន្តែវានឹងក្លាយជាបញ្ហាប្រសិនបើអ្នកទុកមិត្តភាពសំខាន់ខ្លាំងពេក ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់នឹងមិនចង់មានស្នេហា។

- អ្នកលាក់បាំងអារម្មណ៍របស់អ្នក៖ ស្នេហាគឺចាប់ផ្ដើមពីអារម្មណ៍ ប៉ុន្តែប្រសិនបើអ្នកព្យាយាមលាក់អារម្មណ៍របស់អ្នក និងមិនដែលបើកចិត្តមើលនរណាម្នាក់ផង នោះវាគ្មានអ្វីចម្លែកទេដែលអ្នកនៅតែនៅលីវ។

- ទំនុកចិត្តរបស់អ្នកទាប៖ នៅពេលទំនុកចិត្តរបស់អ្នកទាប អ្នកចូលចិត្តប្រាប់ខ្លួនអ្នកថាអ្នកសក្តិសមនៅម្នាក់ឯងគឺល្អបំផុត ប្រសិនបើអ្នកហ៊ានសាកល្បងផ្លាស់ប្ដូរនៅផ្នត់គំនិតនេះ អ្នកប្រហែលអាចមានសង្ឃឹមនឹងមានស្នេហានឹងគេ។

១០-  អ្នកមានគំនិតអវិជ្ជមានអំពីការណាត់ចួប៖ ក្នុងទំនាក់ទំនងស្នេហាតម្រូវឱ្យអ្នកណាត់ចួបជាញឹកញាប់ជាមួយដៃគូរបស់អ្នកប៉ុន្តែប្រសិនបើមានអារម្មណ៍ថាការណាត់ចួបគឺជាការខាតពេលវេលា នោះអ្នកអាចនឹងនៅម្នាក់ឯងជារៀងរហូតហើយ។

ក្នុងចំណោម១០ សញ្ញាណខាងលើតើបងប្អូនត្រូវប៉ុន្មានចំណុចហើយ? បើមិនចង់នៅម្នាក់ឯងទេប្រហែលត្រូវផ្លាស់ប្ដូរបណ្ដើរៗហើយ។

-------

ប្រែសម្រួលដោយ៖ ជុំ អូវីស្សា

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

ប្រភពអត្ថបទ៖ 20 Signs You Might Be Single Forever (marriage.com)

Comments