កាលពីយើងនៅក្មេង យើងមិនបានយកចិត្តទុកដាក់ទៅនឹងទម្លាប់មួយចំនួនដែលអាចពន្យារភាពចាស់របស់យើងបាននោះទេ។ តាមការពិត ប្រសិនបើយើងមិនព្យាយាមប្រកាន់យកនូវទម្លាប់ដែលអាចជួយកាត់បន្ថយភាពចាស់បានទេនោះ វានឹងធ្វើឱ្យយើងមើលទៅកាន់តែចាស់ជាងវ័យ។ ខាងក្រោមនេះ គឺជាទម្លាប់ល្អចំនួនពីរដែលអាចទប់ស្កាត់នូវភាពចាស់មុនអាយុបាន៖
១- ថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ៖ ស្តាប់ទៅគួរឱ្យភ្ញាក់ផ្អើលណាស់ ប៉ុន្តែសុខភាពមាត់ធ្មេញរបស់អ្នកពិតជាមានទំនាក់ទំនងនឹងភាពចាស់ពិតប្រាកដមែន។ ការដុសធ្មេញរបស់អ្នកក៏អាចការពារជំងឺបេះដូងនិងសូម្បីតែជំងឺវង្វេងវង្វាន់ផងដែរ។ អនាម័យមាត់ធ្មេញមិនល្អអាចបណ្តាលឱ្យមានបាក់តេរីលើសនៅក្នុងមាត់របស់អ្នកដែលបង្កទៅជាជំងឺពុកធ្មេញនិងអញ្ចាញធ្មេញមិនល្អ។ ជាទូទៅ ការរលាករ៉ាំរ៉ៃតែងតែបង្កប់នៅក្នុងមាត់របស់អ្នក។ ការរលាកកម្រិតទាបរ៉ាំរ៉ៃបណ្តាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងការទប់ទល់នឹងការគំរាមកំហែងពីជំងឺតាមវ័យ។ និយាយម៉្យាងទៀត ការរលាករ៉ាំរ៉ៃជំរុញភាពចាស់ ប៉ុន្តែការដុសធ្មេញអាចបន្ថយដំណើរការឆាប់ចាស់នេះបាន។ ការសិក្សារបស់ជនជាតិស្កុតឡែនបានរកឃើញថា អ្នកដែលដុសធ្មេញពីរដងក្នុងមួយថ្ងៃមានហានិភ័យនៃការកើតជម្ងឺគាំងបេះដូងទាបជាងអ្នកដែលដុសធ្មេញតែមួយដងក្នុងមួយថ្ងៃ។ សមាគមន៍ទន្តពេទ្យអាម៉េរិកក៏បានណែនាំឱ្យដុសធ្មេញ២ដងក្នុងមួយថ្ងៃ រយៈពេល២នាទីដោយប្រើថ្នាំដុសធ្មេញដែលមានសារធាតុហ្វ្ល័រអរ៉ាយ (fluoride) និងហ្លូស៊ីង (flossing) ជារៀងរាល់ថ្ងៃ។
២- ត្រូវមានសកម្មភាពរស់រវើក៖ ការធ្វើលំហាត់ប្រាណផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កោសិកាខាងក្នុងរបស់អ្នក ដោយវាមានតួនាទីកាត់បន្ថយការរលាកនិងជំរុញការផលិតកោសិកាខូឡាជែន (Collagen) ដែលជះឥទ្ធិពលដល់កម្រិតភាពចាសរបស់អ្នកផងដែរ។ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលមានសកម្មភាពខ្ពស់ជាប់លាប់ធ្វើឱ្យតេឡូមែ (Telomeres) ដែលជាផ្នែកខាងចុងនៃក្រូម៉ូសូមលូតវែង ដែលការណ៍អាចកាត់បន្ថយភាពឆាប់ចាស់របស់អ្នកបាន។ ការសិក្សាមួយនៅឆ្នាំ២០១៧ បានរកឃើញថា មនុស្សពេញវ័យដែលមានកម្រិតនៃការហាត់ប្រាណខ្ពស់ (ហាត់ប្រាណរយៈពេល៣០នាទី និង៥ថ្ងៃក្នុងមួយសប្តាហ៍) មានតេឡូមែអាយុក្មេងជាង៩ឆ្នាំ បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។
ប្រភពពី៖ គេហទំព័រ CNBC
រៀបរៀងដោយ៖ អៀ ដាវី
Comments
Post a Comment