ឈ្វេងយល់អំពីអ្វាស៊ីស(Oasis)៖ តំបន់ដែលមានប្រភពទឹកកណ្តាលវាលលំហ



អ្វាស៊ីស គឺជាតំបន់ដីដែលសម្បូរដោយជីជាតិនិងពោរពេញដោយទឹកបរិសុទ្ធ ហើយស្ថិតក្នុងតំបន់មួយដែលសោះកក្រោះនិងខ្សត់ទឹកខ្លាំងដូចជាតំបន់វាលខ្សាច់ជាដើម។ មូលហេតុដែលបណ្ដាលឱ្យមានប្រភពទឹកផុសចេញមកលើដីដែលក្រាំងស្ងួតបែបនេះ គឺដោយសារតែដីទាំងនោះស្រូបយកទឹកភ្លៀងដែលធ្លាក់មកលើដីតាំងពី២០ ០០០ឆ្នាំមុនឯណោះ។ អ្វាស៊ីស បានកើតឡើងនៅពេលដែលមានខ្យល់បក់ខ្លាំងមកលើស្រទាប់ដីខ្សាច់នៅតំបន់ជម្រាលស្តើង ហើយក៏បើកគម្របទឹកដែលនៅខាងក្នុងដីខ្សាច់នោះមកលើផ្ទៃដី។ ទឹកបរិសុទ្ធទាំងនោះមានប្រភពពីក្រោមដី ពេលខ្លះវាកើតជាទឹកជ្រោះ បឹង ទន្លេ ហើយប្រព័ន្ធទឹកនោះបានបញ្ជ្រាបជីជាតិនិងសំណើមដល់ដី និងដំណាំដែលដាំដុះនៅលើនោះ។ មិនតែប៉ុណ្ណោះ ប្រភពទឹកនៅតំបន់អ្វាស៊ីសផ្តល់ប្រភពទឹកដ៏សំខាន់ដល់ពពួកសត្វដែលរស់នៅតំបន់នោះដែរ។ នៅពេលមានប្រភពទឹក ដើមឈើនិងរុក្ខជាតិបានចាប់ផ្តើមដុះ ផ្តល់ជាអាហារ និងជម្រកដល់សត្វដែលរស់នៅជុំវិញនោះទៀតផង។

នៅតំបន់វាលខ្សាច់សាហារ៉ា ដែលជាវាលខ្សាច់ធំជាងគេលើពិភពលោក ពោរពេញដោយអ្វាស៊ីសចំនួនជាង៩០ ដែលសម្បូរដោយប្រភពទឹកក្រោមដី។​ ដោយសារទំហំវាលខ្សាច់សាហារ៉ាមានទំហំប្រហែលសហរដ្ឋអាម៉េរិក នោះបង្ហាញថា ការធ្វើដំណើរឆ្លងកាត់វាលខ្សាច់នេះមានរយៈពេលយូរ។ ប៉ុន្តែ ការធ្វើដំណើរមិនមែនជាបញ្ហាសម្រាប់ពាណិជ្ជករនោះទេ ពីព្រោះអ្វាស៊ីសដែលមាននៅលើវាលខ្សាច់សាហារ៉ាផ្តល់កន្លែងសម្រាក និងស្តុកអាហារ និងទឹកដើម្បីបន្តដំណើរទៅមុខទៀត។ ហេតុដូច្នោះហើយ ទោះបីប្រទេសឬបុគ្គលណាដែលអាចគ្រប់គ្រងការជួញដូរ ព្រមទាំងគ្រប់គ្រងផ្លូវដំណើរឆ្លងកាត់វាលខ្សាច់នេះបាន គឺជាអ្នកដែលមានឥទ្ធិពលខ្លាំង មិនថាលើវិស័យសេដ្ឋកិច្ច នយោបាយ និងយោធានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពទឹកអ្វាស៊ីសងាយនឹងរងផលប៉ះពាល់ ដោយសារតែគ្រាប់ខ្សាច់ដែលពទ្ធជុំវិញតំបន់នោះងាយបក់បោកដោយកម្លាំងខ្យល់ បំផ្លាញពូជដំណាំកសិផល ហើយទឹកទាំងនោះប្រែជាកខ្វក់និងប្រើប្រាស់លែងកើត។

---------------------------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ឯកសារយោង៖

-       National Geographic. (n.d.) Oasis. Retrieved from https://education.nationalgeographic.org/resource/oasis.

-       DKFindout. (2022). What is an Oasis? Retrieved from https://www.dkfindout.com/us/earth/deserts/what-is-an-oasis/.

 

 

 

 

 

Comments