សម្រស់ភពសៅរ៍



           ភពសៅរ៍ គឺជាភពដែលស្រស់ស្អាតជាងភពណាៗទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភពសៅរ៍ត្រូវគេលើកសរសើរយ៉ាងខ្លាំងចំពោះសម្រស់របស់វា ដោយសារតែរង្វង់រាប់ពាន់ដែលពទ្ធជុំវិញវា។ ដ្បិតតែមានសម្រស់ស្រស់ស្អាត តែភពសៅរ៍ក៏ជាភពដែលមានភាពស្មុគស្មាញជាងភពដទៃដែរ។

ភពសៅរ៍​ ត្រូវបានរកឃើញជាលើកដំបូង ​ដោយលោកកាលីលេអូ(Galileo) នៅឆ្នាំ១៦១០។ ដោយការប្រើប្រាស់ត្រឹមតែកែវពង្រីកធម្មតា លោកកាលីលេអូមិនទាន់រកឃើញថា ភពនេះមិនមានរង្វង់ឬខ្សែក្រវាត់នោះទេ ប៉ុន្តែគាត់គ្រាន់តែបានដឹងថា វាមានអ្វីប្លែកអំពីភពដែលមានរង្វង់មូលពទ្ធជុំវិញមួយនេះ។ លោកកាលីលេអូបានពណ៌នាថា វាជាដៃឬជាបង្កាន់ដៃ។ ទើបតែនៅក្នុងឆ្នាំ១៦៥៥ប៉ុណ្ណោះ ដែលតារាវិទូជនជាតិហូឡង់ម្នាក់ឈ្មោះ គ្រីស្ទីអន ហេហ្គេនស៍ (Christiaan Huygens) បានសង្កេតមើលលើភពសៅរ៍ ដោយប្រើប្រាស់តេឡេស្កូបដែលទំនើបជាងមុន។ បន្ទាប់មក គេបានរកឃើញថា ដៃដែលលោកកាលីលេអូបានលើកឡើងនោះ គឺជាខ្សែក្រវាត់ដែលស្ដើងនិងមានរាងសំប៉ែត។

           ខ្សែក្រវាត់(រង្វង់មូល)នៃភពសៅរ៍ គឺជាលក្ខណៈដែលទាក់ទាញបំផុតរបស់ភពនេះ។ ខ្សែក្រវាត់ដែលយើងមើលឃើញ គឺជាលទ្ធផលនៃបរិយាកាសដែលមានចលនាលឿនស្លេវ។ ល្បឿនខ្យល់បក់នៅលើភពសៅរ៍ត្រង់ចំណុចអេក្វាទ័រ អាចឈានដល់១ ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្សែក្រវាត់ភពសៅរ៍ ត្រូវបានបង្កើតឡើងពីសមាសធាតុផ្សេងៗគ្នាដូចជាថ្មនិងភាគល្អិតនៃទឹកកក។ ទំហំនៃភាគល្អិតទាំងនេះក៏មានការប្រែប្រួលដែរ​ រាប់ចាប់ពីទំហំប៉ុនគ្រាប់ខ្សាច់ រហូតដល់ទំហំធំប៉ុនផ្ទះ។ អ្នកជំនាញប៉ាន់ស្មានថា ភាគល្អិតទាំងនេះ បានមកពីសំណល់នៃផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ ឬព្រះចន្ទ។ តាមការសិក្សានៅក្នុងឆ្នាំ២០១៦ ក៏បានបញ្ជាក់ផងដែរថា ភាគល្អិតគឺជាផ្នែកមួយនៃភពមនុស្សតឿ។

អង្កត់ផ្ចិតនៃខ្សែក្រវាត់(រង្វង់)ធំជាងគេបំផុតដែលរុំពទ្ធភពសៅរ៍ មានទំហំធំជាងភពសៅរ៍រហូតដល់ទៅ៧ ០០០ដង ឯកម្រាស់នៃខ្សែក្រវាត់នេះវិញ មានត្រឹមតែ៩ម៉ែត្រប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អាកាសយានិក លោក ខេសីនី ហេហ្គេនស៍ (Cassini-Huygens) បានរកឃើញថា ផ្នែកខ្លះនៃខ្សែក្រវាត់អាចមានកម្រាស់ដល់៣គីឡូម៉ែត្រ។

ប្រែសម្រួលនិងរៀបរៀងដោយ៖ រិន ធារ៉ា

ពិនិត្យនិងកែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភពឯកសារ៖ https://nationworldnews.com/saturn-the-most-beautiful-planet-in-the-solar-system-borneo24-com/

 

Comments