១០វិធីដើម្បីបង្កើនប្រសិទ្ធភាពការងារ

           តើអ្នកធ្លាប់មានអារម្មណ៍ថា ពេលខ្លះខ្លួនឯងជាមនុស្សឥតបានការ ធ្វើអ្វីមួយមិនទទួលបានផលល្អដែរឬទេ? មូលហេតុដែលធ្វើឱ្យអ្នកគិតបែបនេះ គឺអាចបណ្តាលមកពី​អារម្មណ៍ឬអាកប្បកិរិយាអវិជ្ជមានរបស់អ្នក ការឱ្យតម្លៃខ្លួនឯងទាប គ្មានការលើកទឹកចិត្តពីខ្លួនឯងនិងអ្នកជុំវិញ រស់នៅក្នុងមជ្ឈដ្ឋានមិនល្អ មានបញ្ហាសុខភាព ទាំងអស់នេះគឺសុទ្ធតែជះឥទ្ធិពលដល់ការរស់នៅនិងគុណភាពជីវិតរបស់អ្នក។ ដូច្នេះ ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារ៖

              - មើលថែសុខភាពនិងទទួលទានអាហារសុខភាព៖ សុខភាព គឺសំខាន់ណាស់ ដូច្នេះត្រូវមើលថែសុខភាព ដោយទទួលទានអាហារឱ្យបានទៀងទាត់ មានពេលសម្រាក ហាត់ប្រាណជាប្រចាំ និងពិនិត្យសុខភាពជារៀងរាល់ឆ្នាំ ព្រោះបើសុខភាពអ្នកមិនល្អ នោះការបំពេញការងារក៏មិនល្អដូចគ្នា។

           - គ្រប់គ្រងពេលវេលាបានល្អ៖​ អ្នកមានពេល២៤ម៉ោងដូចគ្នា មិនមានអ្នកណាមានពេលវេលាច្រើនជាងអ្នកណាឡើយ ដូច្នេះសូមកុំប្រើពេលវេលាខ្ជះខ្ជាយ អ្នកត្រូវចេះរៀបចំពេលវេលាខ្លួនឯងបានឱ្យបានល្អ និងបំពេញការងារតាមផែនការដែលអ្នកបានកំណត់។ តួយ៉ាង ប្រសិនបើអ្នកធ្វើសកម្មភាពដោយសប្បាយចិត្ត នោះអ្នកនឹងធ្វើការងារបានលឿន និងមានប្រសិទ្ធភាព។

           - ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយខ្លួនឯង៖ នៅពេលដែលអ្នកដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយខ្លួនឯង នោះអ្នកនឹងអាចរៀបចំផែនការងារដែលអាចសម្រេចបានតាមសមត្ថភាពខ្លួនឯង។

           - បន្តរៀនអ្វីដែលថ្មីជានិច្ច៖ អភិវឌ្ឍចំណេះដឹងបន្ថែមនិងរៀនជំនាញដែលថ្មីដើម្បីមានសមត្ថភាពប្រើប្រាស់និងអនុវត្តប្រចាំថ្ងៃ។

           - កំណត់សម្គាល់ការគិតអវិជ្ជមាននិងអារម្មណ៍អវិជ្ជមាន៖ នៅពេលដែលអ្នកដឹងពីអារម្មណ៍និងការគិតខ្លួនឯងច្បាស់ នោះអ្នកនឹងអាចគ្រប់គ្រងវាបាន ដោយអ្នកអាចចេះបំប្លែងអារម្មណ៍និងការគិតដែលមិនល្អទាំងនោះទៅជាសុទិដ្ឋិនិយមវិញ។

           - មានទំនាក់ទំនងល្អជាមួយនឹងអ្នកជុំវិញ៖ រក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ ទាំងនៅផ្ទះ ទាំងនៅកន្លែងការងារ។ នៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយនឹងអ្នកជុំវិញ នោះប្រសិទ្ធភាពនៃជីវិតក៏កាន់តែប្រសើរ ហើយសុខភាពផ្លូវចិត្តរបស់អ្នកក៏ល្អ។

           - បង្កើនសេចក្ដីជឿជាក់លើខ្លួនឯង៖ ការមានសេចក្ដីទុកចិត្តលើខ្លួនឯងនិងសេចក្ដីជឿជាក់លើអ្វីដែលអ្នកធ្វើ នឹងជួយអ្នកឱ្យមើលឃើញសមត្ថភាពខ្លួនឯងកាន់តែច្បាស់ផងដែរ។ ជាការពិត ដើម្បីបង្កើនសេចក្ដីជឿជាក់លើខ្លួនឯង គឺត្រូវពេញចិត្តនឹងភាពខ្លាំងខ្លួនឯង ចេះរីករាយនូវអ្វីដែលអ្នកសម្រេចបាន កំណត់សកម្មភាពតូចៗដែលអ្នកអាចធ្វើបាន ដោយកុំប្រៀបធៀបនឹងលទ្ធផលរបស់អ្នកដទៃ។

           - មានពេលសម្រាកនិងចៀសវាងការតានតឹង៖ នៅពេលដែលអ្នកសម្រាក អ្នកត្រូវគិតរឿងល្អៗនិងវិភាគបញ្ហាដែលអ្នកបានប្រឈម ហើយសម្រេចចិត្តឱ្យបានត្រឹមត្រូវ ប្រសិនបើអ្នកតានតឹងដល់ការសម្រេចចិត្ត ដោយគ្រាន់តែអនុវត្តលំហាត់ការសម្រាកចិត្ត ទុកពេលឱ្យខ្លួនឯង ដកដង្ហើមវែងៗ ធ្វើសមាធិ(ផ្ចង់អារម្មណ៍) កុំគិតពីបញ្ហាប្រឈម ស្តាប់តន្រី្តឬបទចម្រៀងដែលអ្នកចូលចិត្តដើម្បីបន្ធូរអារម្មណ៍។

           - ប្រឹក្សាជាមួយនឹងមនុស្សដែលអ្នកទុកចិត្ត៖ អាចប្រឹក្សាជាមួយនឹងអ្នកដែលមានបទពិសោធមុនអ្នកឬគ្រួសាររបស់អ្នកដើម្បីទទួលបានគំនិតនៅពេលដែលអ្នកសម្រេចចិត្តលើកិច្ចការសំខាន់ៗណាមួយ។

           ១០- សន្យានិងធ្វើសកម្មភាពដែលអ្នកនឹងធ្វើ៖ ត្រូវបន្តធ្វើកិច្ចការដែលអ្នកបានកំណត់ ហើយឈប់បារម្ភអំពីលទ្ធផលដែលអ្នកនឹងទទួលបាន។

           សរុបមក បើអ្នកជាមនុស្សដែលធ្វើអ្វីមួយមិនបានសម្រេចឬបរាជ័យលើកិច្ចការដែលអ្នកបំពេញ គឺមិនមែនដោយសារតែអ្នកជាមនុស្សខ្ជិលឬជាមនុស្សដែលគ្មានសមត្ថភាពនោះទេ គឺប្រហែលមកពីអ្នកខ្វះការជំរុញលើកទឹកចិត្តខ្លួនឯង ធ្វេសប្រហែសក្នុងការមើលថែខ្លួនឯង។ ដូច្នេះ គួរទុកពេលឱ្យខ្លួនឯងដើម្បីបានសម្រាក មើលថែខ្លួនឯងឱ្យបានច្រើន និងអនុវត្តវិធីខាងលើ ដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែប្រសើរ។

----

បកប្រែនិងរៀបរៀងដោយ៖ ទូច ណេង

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ឯកសារយោង ៖

Dr. C. R. Chandrashekar (2010). Improve Your Mental Health And Efficiency.

Comments