រឿងអាថ៌កំបាំងទាំង៦អំពីសត្វទីទុយ

 


សត្វទីទុយ​ គឺជាបក្សីមួយប្រភេទដែលមានរូបរាងគួរឱ្យស្រលាញ់ ប៉ុន្តែក៏ជាសត្វដែលពោរពេញដោយអាថ៌កំបាំងផងដែរ។ អាថ៌កំបាំងនេះហើយ ដែលធ្វើឱ្យសត្វទីទុយបានទទួលការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។ ខាងក្រោមនេះ គឺជារឿងអាថ៌កំបាំងទាំង៦អំពីសត្វទីទុយដែលអាចទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា៖

១- ក្បាលរបស់សត្វទីទុយអាចបង្វិលបានស្ទើរតែ៣៦០ដឺក្រេ

សត្វទីទុយអាចបង្វិលក្បាលរបស់វាបានដោយក្នុងម្ខាងគឺ១៣៥ដឺក្រេ។ ដូច្នេះវាអាចបង្វិលក្បាលជុំវិញខ្លួនវាបានដល់ទៅ២៧០ដឺក្រេឯណោះ។

២- សត្វទីទុយមិនមានគ្រាប់ភ្នែកនោះទេ

តាមពិតសត្វទីទុយមិនមានគ្រាប់ភ្នែកទេ ប៉ុន្តែវាមានប្រឡង់ភ្នែក(Eye Tube) ដែលភ្ជាប់នឹងឆ្អឹងក្បាលរបស់វា។ ហេតុនេះហើយទើបនៅពេលវាចង់សម្លឹងមើលអ្វីមួយ វាត្រូវងាកទាំងករបស់វាទៅជាមួយដែរ។

៣- ភ្នែករបស់សត្វទីទុយអាចមើលឃើញនៅពេលយប់បាន

ជាការពិតណាស់ ភ្នែករបស់សត្វទីទុយមានទំហំធំ ព្រមទាំងអាចមើលឃើញច្បាស់នៅពេលយប់ថែមទៀត។ មិនតែប៉ុណ្ណោះភ្នែករបស់វាក៏អាចសម្លឹងមើលទៅឆ្ងាយដែលអាចឱ្យវារកចំណីបានយ៉ាងងាយ។

៤- ត្រចៀករបស់សត្វទីទុយអាចស្ដាប់ឮបានច្បាស់ខ្លាំងណាស់

ក្រៅពីសមត្ថភាពភ្នែកដ៏អស្ចារ្យ សត្វទីទុយក៏មានសមត្ថភាពខាងផ្នែកត្រចៀកផងដែរ។ ត្រចៀករបស់វាអាចស្ដាប់ឮសំឡេងសត្វផ្សេងទៀតដែលនៅក្រោមដើមឈើ ក្រោមស្លឹកឈើ ក្រោមព្រិល និងសូម្បីតែសត្វដែលនៅក្រោមដីក៏វាអាចឮសំឡេងបានដែរ។ គួរបញ្ជាក់ផងដែរថា សត្វទីទុយទាំងអស់មានទីតាំងត្រចៀកខុសៗគ្នា ដែលអាចឱ្យពួកគេកំណត់ទីតាំងសត្វផ្សេងទៀត ដោយផ្អែកលើភាពខុសគ្នាតិចតួចនៃរលកសំឡេង។

៥- ការហោះហើររបស់សត្វទីទុយមិនមានសំឡេងនោះទេ

ចំពោះសត្វបក្សីដទៃ នៅពេលវាហោះហើរគឺតែងតែឮសំឡេង ប៉ុន្តែសត្វទីទុយគឺខុសពីសត្វបក្សីទាំងនោះ។ នៅពេលដែលសត្វទីទុយហោះហើរ វាមិនមានសំឡេងអ្វីនោះទេ។ នេះគឺមកពីវាមានរោមពិសេសដែលអាចជួយកាត់បន្ថយសំឡេងខ្យល់បាន។

៦- សត្វទីទុយក៏ចេះស៊ីសត្វទីទុយគ្នាឯងដែរ

សត្វទីទុយមិនត្រឹមតែស៊ីសត្វព្រៃដទៃជាអាហារនោះទេ ប៉ុន្តែពួកវាក៏ស៊ីសត្វទីទុយគ្នាឯងដែរ គ្រាន់តែជាប្រភេទទីទុយផ្សេងគ្នាប៉ុណ្ណោះ។

----------

បកប្រែនិងរៀបរៀងដោយ៖ ជ័ង យៀកលីន

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានបោះពុម្ពនិងផ្សព្វផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព៖

-       https://www.mentalfloss.com/article/68473/15-mysterious-facts-about-owls

-       https://www.mcgill.ca/oss/article/did-you-know/owls-dont-have-eyeballs#:~:text=Well%2C%20owls%20don't.,in%20order%20to%20look%20around

Comments