ជាទូទៅ
នៅពេលដែលលទ្ធផលមិនស្របតាមការរំពឹងទុក ហើយក្តីសង្ឃឹមរបស់អ្នកក៏ត្រូវច្រានចោល នោះអ្នកនឹងទទួលអារម្មណ៍ខកចិត្ត
ដែលធ្វើឱ្យអ្នកមានអារម្មណ៍សោកសៅ អន់ចិត្ត ការបាត់បង់ និងកំហឹង ដែលអាចមានផលប៉ះពាល់ដល់អាកប្បកិរិយានៅពេលអនាគត។
ជាការពិត នៅពេលដែលអ្នករំពឹងអ្វីមួយកាន់តែខ្លាំង នោះការខកចិត្តក៏កាន់តែធំដែរ។
ហេតុនេះហើយអ្នកត្រូវមានការគ្រប់គ្រងការខកចិត្តចំពោះខ្លួនឯង ព្រោះប្រសិនបើអ្នកអាចគ្រប់គ្រងវាបាន
នោះនឹងជួយអ្នកឱ្យទប់ស្កាត់ការខឹងសម្បារដែលមិនអាចរារំាងអ្នកក្នុងការស្វែងរកការផ្លាស់ប្តូរនិងឱកាសឡើយ។
ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តទាំង៥សម្រាប់ការគ្រប់ការខកចិត្ត៖
១- ចងចាំហេតុផលដែលអ្នកចាប់យកឱកាសដំបូង
ពេលចួបការខកចិត្ត
អ្នកត្រូវគិតវិញថា ពីដើមឡើយអ្នកចាប់ផ្ដើមក្នុងគោលបំណងអ្វី ហើយនៅពេលដែលចាប់ផ្ដើមអ្នកត្រូវគិតពីភាពខកចិត្តដែលអាចកើតមានឡើងព្រោះនៅពេលចាប់ផ្ដើមដំបូងគ្មានអ្នកណាអាចជោគជ័យ១០០ភាគរយនោះទេ។
២-
ទទួលស្គាល់អារម្មណ៍របស់អ្នក
ប្រសិនបើអ្នកចង់បានអ្វីមួយ
ប៉ុន្តែត្រូវគេបដិសេធ អ្នកនឹងទទួលអារម្មណ៍ខកចិត្តជាក់ជាមិនខាន។ តួយ៉ាង អ្នកចង់មានការងារធ្វើ
ប៉ុន្តែត្រូវគេបដិសេដ អ្នកនឹងមិនសប្បាយចិត្តនោះទេ។ ដូច្នេះហើយអ្នកមិនគួររំពឹងលើលទ្ធផលខ្លាំងពេកនោះទេគឺត្រូវរៀនទទួលស្គាល់និងទទួលយកលទ្ធផល
ព្រោះការទទួលយកអារម្មណ៍នៃការខកចិត្ត នឹងជួយអ្នកឱ្យកាត់បន្ថយការខកចិត្ត។
ជាងនេះទៅទៀត ការទទួលស្គាល់ការខកចិត្តរបស់ខ្លួនឯង នឹងធ្វើឱ្យអ្នកកាន់តែស្គាល់ខ្លួនឯងកាន់តែច្បាស់ដែរ។
៣- វាយតម្លៃការរំពឹងទុក
តើការរំពឹងទុករបស់អ្នកប្រាកដនិយមដែរឬទេ?
វាអាស្រ័យលើចម្លើយរបស់អ្នក អ្នកអាចនឹងផ្លាស់ប្តូរវិធីសាស្រ្តនិងការរំពឹងទុករបស់អ្នក។
នៅក្នុងសៀវភៅ “Westward Ho” ដែលលោក
សាមែអែល Samuel Beckett បានសរសេរថា
“ព្យាយាមម្តងទៀត”, “បរាជ័យម្តងទៀត”, “បរាជ័យគឺកាន់តែប្រសើរ”។ ទោះបីគាត់មិនមានបំណងប្រើពាក្យនេះបំផុសគំនិតក៏ដោយ
ប៉ុន្តែពាក្យទាំងនេះត្រូវបានបកស្រាយតាមរបៀបផ្សេងៗ និងបន្ថែមពាក្យផងដែរ។
តួយ៉ាងពួកគេបានបន្ថែមពាក្យថា ព្យាយាមម្តងទៀតនឹងជោគជ័យ។ យ៉ាងណាមិញ
នៅពេលដែលការរំពឹងទុកដូចគ្នានឹងលទ្ធផល នោះនឹងមិនធ្វើឱ្យមានការខកចិត្តនោះទេ ដូច្នេះអ្នកត្រូវវាយតម្លៃការរំពឹងទុកតាមលទ្ធផលដែលអ្នកអាចសម្រេចបាន។
៤- កំណត់កម្រិតនៃការរំពឹងទុក
នៅពេលដែលអ្នកមានគំនិតអ្វីមួយប៉ុន្តែត្រូវគេបដិសេដ
គឺមិនមានន័យថា គំនិតបន្ទាប់របស់អ្នកនឹងត្រូវគេបដិសេធទៀតនោះទេដូចជាត្រូវគេបដិសេធការងារបន្ទាប់ពីបញ្ចប់ការសិក្សាម្តងឬច្រើនដង
មិនមែនមានន័យថាអ្នកត្រូវឈប់ដាក់ពាក្យរកការងារនោះទេ។ យ៉ាងណាមិញ បន្ទាប់ពីការបដិសេដក៏ដោយ
ក៏អ្នកអាចសួរសាស្រ្តាចារ្យនិងសិស្សផ្សេងទៀតដើម្បីទទួលបានមតិកែលម្អ អ្នកនឹងទទួលបានចំណេះដឹងថ្មី
និងផ្លាស់ប្តូរវិធីសាស្រ្តរបស់អ្នកនៅឆ្នាំបន្ទាប់។ ដូច្នេះ នៅពេលដែលអ្នកចួបការខកចិត្ត
គឺវាគ្រាន់ជាលទ្ធផលខកចិត្តតែប៉ុណ្ណោះ គឺមិនបានធ្វើឱ្យមនុស្សខកចិត្តឡើយ។
៥- ការគិតបែបវិជ្ជមាននៃព្រឹត្តការណ៍
បន្ទាប់ពីលទ្ធផលខកចិត្ត
អ្នកអាចផ្តោតលើការស្វែងរកអត្ថប្រយោជន៍ ព្រោះការខកចិត្តបានបង្រៀនអ្នកថា អ្នកអាចយកឈ្នះបាននិងបង្កើនភាពអត់ធ្មត់ឱ្យខ្លួនឯង។
ជាការពិត ការគិតវិជ្ជមានចំពោះការខកចិត្តគឺអាចអនុញ្ញាតឱ្យអ្នកលះបង់ថាមពលដើម្បីឱកាសថ្មីៗ
ហើយការគិតវិជ្ជមានលើការខកចិត្តតិចតួចរបស់អ្នក គឺអាចជួយអ្នកកែលម្អភ្លាមៗ។ ដូច្នេះ សូមគិតវិជ្ជមានចំពោះការខកចិត្តនិងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរជាងមុន។
សរុបមក
ដើម្បីគ្រប់គ្រងការខកចិត្ត គឺអ្នកត្រូវចំណាយពេលចងចាំហេតុផលជាក់លាក់សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក
ដែលផ្តល់នូវតម្លៃនៃការយល់ឃើញលើលទ្ធផលខកចិត្តកន្លងមក។ ជាមួយគ្នានេះដែរ ការទទួលស្គាល់ពីអារម្មណ៍ខកចិត្តរបស់ខ្លួន
ក៏កាត់បន្ថយការខកចិត្តផងដែរ ហើយការវាយតម្លៃភាពខុសគ្នារវាងការរំពឹងទុកនិងលទ្ធផល អាចបង្ហាញពីវិធីសាស្រ្តដើម្បីសម្រេចតាមអ្វីដែលអ្នកចង់បាន។
----
ប្រែសម្រួលនិងរៀបរៀងដោយ៖ ទូច ណេង
កែសម្រួលដោយ៖ ជុំ អូវីស្សា
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
ប្រភពអត្ថបទ៖ PsychologyToday
Comments
Post a Comment