មុនការចាប់កំណើតនៃក្រដាស
អក្សរនិងរូបភាពផ្សេងៗភាគច្រើនត្រូវគេឆ្លាក់នៅលើជញ្ជាំងប្រាសាទនិងនៅលើបន្ទះដីឥដ្ឋ។ ប្រហែលជា២០០០ឆ្នាំមុន
នៅប្រទេសចិន មានអ្នករកឃើញរបៀបទំនាក់ទំនងទៅកាន់កម្រិតមួយដែលខ្ពស់ជាងមុន។ ពួកគេបានបង្កើតក្រដាសក្រណាត់ដើម្បីកត់ត្រានូវគំនូរនិងការសរសេររបស់ពួកគេ
ហើយក្រដាសដែលយើងកំពុងតែប្រើប្រាស់ជារៀងរាល់ថ្ងៃនេះ ក៏ចាប់កំណើតឡើង។
ក្រដាស បានបង្កើតឡើងជាលើកដំបូងនៅក្នុងក្រុង Lei-Yang នៃប្រទេសចិន ដោយមន្ត្រីតុលាការចិនម្នាក់ដែលមានឈ្មោះថា Ts’ai Lun។ លោក Ts’ai បានលាយសំបកដើមមៀន ដើមតាសក់ និងក្រមាសើម រួចកិនវាឱ្យម៉ដ្ឋនិងច្រោះយកវត្ថុរាវចេញ
ហើយយកវាទៅសម្ងួតនៅក្រោមកម្ដៅថ្ងៃ។ ក្នុងកំលុងសតវត្សរ៍ទី៨ ប្រមាណជា៣០០ឆ្នាំ បន្ទាប់ពីការរកឃើញរបស់Ts’ai
ដំណឹងនេះក៏បានរីកសាយទៅកាន់តំបន់មួយ
ដែលសព្វថ្ងៃនេះត្រូវគេស្គាល់ថាជាតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវចំណាយពេលវេលាចំនួន៥០០ឆ្នាំទៀតឯណោះ
ទម្រាំការផលិតក្រដាសអាចឈានចូលទៅក្នុងទ្វីបអឺរ៉ុបបាន។ នៅពេលដែលរោងចក្រក្រដាសដំបូងគេបានសាងសង់ឡើងនៅក្នុងទឹកដីនៃប្រទេសអេស្ប៉ាញ
មិនយូរប៉ុន្មានក្រដាសក៏ត្រូវបានផលិតដោយរោងម៉ាស៊ីនទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប។
បន្ទាប់មក
ដោយសារកាន់តែមានភាពងាយស្រួលក្នុងការបង្កើត
ក្រដាសត្រូវគេប្រើសម្រាប់បោះពុម្ពសៀវភៅសំខាន់ៗ ព្រះគម្ពីរ និងឯកសារច្បាប់។ ប្រទេសអង់គ្លេសបានចាប់ផ្ដើមផ្គត់ផ្គង់ក្រដាសដ៏ធំនៅចុងសតវត្សរ៍ទី១៥
ហើយនៅឆ្នាំ១៦៩០ រោងចក្រក្រដាសរបស់សហរដ្ឋអាម៉េរិកដំបូងត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋ
Pennsylvania ។
ដំបូងឡើយរោងម៉ាស៊ីនក្រដាសអាម៉េរិកបានប្រើប្រាស់វិធីសាស្ត្រដែលចិនរកឃើញដោយការកិនបំបែកក្រណាត់និងសម្លៀកបំពាក់ចាស់ៗ
ទៅជាសរសៃៗដើម្បីយកទៅធ្វើក្រដាស។ ប៉ុន្តែដោយសារតែសេចក្ដីត្រូវការក្រដាសកើនឡើង រោងចក្រក៏បានប្ដូរទៅប្រើសរសៃឈើជំនួសវិញ
នោះក៏ដោយសារតែឈើមានតម្លៃថោកនិងសម្បូរជាងក្រណាត់។ សព្វថ្ងៃនេះ ក្រដាសត្រូវបានផលិតចេញពីក្រដាសកែច្នៃនិងដើមឈើដែលដាំដុះនៅក្នុងព្រៃ
ដែលមានការគ្រប់គ្រងប្រកបដោយនិរន្ដរភាព៕
----
បកប្រែនិងរៀបរៀងដោយ៖ រិន ធារ៉ា
កែសម្រួលដោយ៖ ជុំ អូវីស្សា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភពឯកសារ៖
Comments
Post a Comment