តើមនុស្សប្រភេទណាចាត់ទុកជាមនុស្សអវិជ្ជមាន?



តើអ្នកធ្លាប់ឮពាក្យមួយឃ្លាដែលនិយាយថា៖ ត្រូវនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមានដែរឬទេ? ពាក្យមួយឃ្លានេះត្រូវបានគេនិយាយនិងសរសេរច្រើនណាស់មកហើយ ប៉ុន្តែតើអ្នកដឹងឬទេថា មនុស្សអវិជ្ជមានគឺជាមនុស្សបែបណាដែរឬទេ? ដើម្បីចង់ដឹងមនុស្សប្រភេទណាចាត់ទុកជាមនុស្សអវិជ្ជមាន ខាងក្រោមនេះគឺជាសញ្ញាទាំង៦ដែលមនុស្សអវិជ្ជមានតែងតែមាន៖

- ពួកគេតែងតែមានការបារម្ភច្រើន

មនុស្សដែលបារម្ភច្រើនគឺជាមនុស្សដែលចូលចិត្តគិតថារឿងអាក្រក់ៗអាចនឹងកើតឡើងចំពោះពួកគេទាំងដែលការពិតរឿងទាំងនោះកើតឡើងមិនដូចនូវអ្វីដែលពួកគេគិតនោះទេ។ បើអ្នករាប់អានមនុស្សបែបនេះ  ពួកគេមិនដែលគិតល្អចំពោះអ្នកទេ ផ្ទុយទៅវិញពួកគេនឹងគិតថាអ្នកនិយាយអាក្រក់ពីពួកគេ ទាំងដែលខ្លួនអ្នកផ្ទាល់មិនបាននិយាយអ្វីទាំងអស់។

- ចូលចិត្តបង្គាប់បញ្ជាអ្នក

នៅពេលដែលមាននរណាម្នាក់ចូលចិត្តប្រាប់អ្នកថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើចំពោះជីវិតរបស់អ្នក ម្នាក់នោះហើយគឺជាមនុស្សអវិជ្ជមានដែលអ្នកគួរតែជៀសវាង។ មនុស្សប្រភេទនេះ នឹងធ្វើឱ្យអ្នកមិនអាចស្គាល់ពីខ្លួនឯងឡើយ។

- ពួកគេចូលចិត្តលាក់ព័ត៍មានខ្លួនឯងហួសហេតុពេក

ជាការពិតណាស់មនុស្សម្នាក់ៗតែងមានអាថ៌កំបាំងផ្ទាល់ខ្លួនដែលមិនអាចប្រាប់ឱ្យគេដឹងបានទេ។ ប៉ុន្តែព័ត៍មានខ្លួនឯងក្នុងន័យនេះមិនបានសំដៅលើអាថ៌កំបាំងផ្ទាល់ខ្លួនទេ វាអាចជាបទពិសោធន៍ដែលអ្នកធ្លាប់ចួបប្រទះ។ ប្រសិនបើនរណាម្នាក់ ចូលចិត្តស្ដាប់រឿងរបស់អ្នកដទៃ ប៉ុន្តែបែរជាមិនហ៊ាននិយាយរឿងរបស់ខ្លួនឯងវិញ នេះអាចចាត់ទុកថាជាមនុស្សអវិជ្ជមានហើយ ព្រោះពួកគេអាចនឹងខ្លាចថានៅពេលអ្នកដឹងរឿងរបស់ពួកគេហើយ អ្នកនឹងយករឿងរបស់ពួកគេទៅនិយាយ។

- ចូលចិត្តគិតតែរឿងបរាជ័យ

មនុស្សដែលមិនទាន់នឹងបានសាកល្បងផង ក៏គិតរឿងបរាជ័យមុនបាត់ទៅហើយ។ មនុស្សប្រភេទនេះអាចចាត់ទុកជាមនុស្សអវិជ្ជមានហើយ ព្រោះពួកគេមិនដែលធ្វើឱ្យអ្នកមានក្ដីសង្ឃឹមឡើយ។ មិនថាអ្នកមានគំនិតល្អយ៉ាងណាទេ បើអ្នកប្រាប់ទៅពួកគេ ហើយពួកគេបែរជានិយាយថាធ្វើមិនកើត​ ឬគិតថារឿងនោះត្រូវតែបរាជ័យហើយ អ្នកគួរតែដើរចេញទៅ។

- ពួកគេចូលចិត្តការរិះគន់ខ្លាំងណាស់

មនុស្សអវិជ្ជមានចូលចិត្តរអ៊ូរទាំនិងរិះគន់ណាស់ ដូចពិភពលោកនេះកំពុងតែប្រឆាំងនឹងពួកគេអញ្ចឹង។ ដូច្នេះបើអ្នកបានចួបមនុស្សប្រភេទនេះ គួរតែដើរចេញ។

- ពួកគេមិនដែលទទួលបានជោគជ័យអ្វីមួយឡើយ

ការបរាជ័យអាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែភាពអវិជ្ជមានគឺជាមូលហេតុចម្បង។ មនុស្សអវិជ្ជមានជាធម្មតាគិតថា ពួកគេមិនឆ្លាតគ្រប់គ្រាន់ ឬល្អគ្រប់គ្រាន់ឡើយ។ ប៉ុន្តែការគំរាមកំហែងដល់ភាពជោគជ័យពិតប្រាកដរបស់ពួកគេគឺការគិតរបស់ពួកគេ។ ដោយសារតែពួកគេចូលចិត្តគិតថាខ្លួនឯងមិនអាចធ្វើបាន ទើបជាហេតុនាំឱ្យពួកគេមានភាពបរាជ័យ។ លើសពីនេះទៅទៀត ពួកគេចូលចិត្តប្រាប់អ្នកពីទុក្ខលំបាកដែលពួកគេចួបប្រទះ និងចូលចិត្តប្រាប់អ្នកថារឿងដែលពួកគេកំពុងធ្វើគឺជារឿងដែលមិនអាចទៅរួច។

----------------

ប្រែសម្រួលដោយ៖ ជ័ង យៀកលីន

កែសម្រួលដោយ៖ កែវ រ៉ាវុធ

©HeartBookCambodia

គ្រឺះស្ថានបោះពុម្ពនិងផ្សព្វផ្សាយហាតប៊ុក

ប្រភព៖

·       https://www.webmd.com/balance/guide/how-worrying-affects-your-body

·       https://www.lifehack.org/293018/15-signs-negative-people

·       https://themindsjournal.com/friendship-anxiety-are-my-friends-mad-at-me/

 

Comments