ទ្វីបអង់តាកទិក
គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំងអស់លើភពផែនដី ដែលមានផ្ទៃដីសរុប១៤លានគីឡូម៉ែត្រការ៉េ
ក្នុងនោះមានផ្ទៃដី២៨០ ០០០គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះដែលមិនគ្របដណ្តប់ដោយទឹកកក។
ដោយឡែក ផ្ទៃដី១៣.៧២លានគីឡូម៉ែត្រការ៉េទៀត(៩៨ភាគរយ) គឺពោរពេញដោយទឹកកកដែលគ្របដណ្តប់ពាសពេញផ្ទៃទ្វីប។
ទំហំទ្វីបនេះធំជាងទ្វីបអូសេអានីដល់ទៅពីរដង ហើយជាទ្វីបលំដាប់ទីប្រាំដែលមានទំហំធំជាងគេបន្ទាប់ពីទ្វីបអាស៊ី
អាហ្រ្វ៊ិក អាម៉េរិកខាងជើង និងអាម៉េរិកខាងត្បូង។ ទ្វីបអង់តាកទិកស្ថិតនៅប៉ូលខាងត្បូង
ហើយប្រទេសដែលនៅជិតទ្វីបនេះមានដូចជាប្រទេសអាហ្រ្វ៊ិកខាងត្បូង អូស្ត្រាលី នូវែលសេឡង់
ស៊ីលី និងអាហ្សង់ទីន។
ទ្វីបអង់តាកទិក ត្រូវចាត់ទុកថាជាទ្វីបដែលត្រជាក់
ស្ងួត និងមានខ្យល់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។
ទ្វីបនេះឆ្ងាយដាច់ស្រយាលពីតំបន់ឯទៀត ព្រមទាំងមិនមានមធ្យោបាយធ្វើដំណើរដូចជាស្ពានឬដងភ្នំដែលផ្តល់ភាពងាយស្រួលដល់មនុស្សគ្រប់មជ្ឈដ្ឋានក្នុងការធ្វើដំណើរដល់ទីនោះទេ
ហើយទ្វីបនេះស្ថិតនៅដាច់ដោយឡែកទាំងស្រុងពីមនុស្សលោក អស់កាលជាង៣៥លានឆ្នាំមកហើយ។
រហូតមកដល់ឆ្នាំ១៨២០ ក៏ចាប់ផ្តើមមានមនុស្សរកឃើញទ្វីបនេះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន
មិនទាន់មានក្រុមជនជាតិឬក្រុមមនុស្សដែលបានរស់នៅជាប់លាប់ឬមានការសាងសង់បង្កើតជាបណ្តុំភូមិឬទីក្រុងនៅទីនោះឡើយ។
ដោយឡែក
ទោះបីមិនមានមនុស្សរស់នៅជាអចិន្រ្តៃយ៍ក្នុងតំបន់នេះក៏ដោយ
ក៏មានអ្នកវិទ្យាសាស្ត្រជាច្រើនរូបជុំវិញពិភពលោកបានស្នាក់នៅលើទ្វីបនេះ
ដើម្បីសិក្សាអំពីកត្តាអាកាសធាតុ បម្រែបម្រួលនៃផ្ទាំងទឹកកកនៅលើផ្ទៃទ្វីប
ការរលាយទឹកកកដោយសារការកើនឡើងនូវកម្តៅផែនដី ជាដើម។ ក្រៅពីនេះ
ក៏មានអ្នកទេសចរជាច្រើនដែលចង់ដឹងចង់ស្គាល់ទ្វីបនេះ ហើយបានធ្វើដំណើរមកទស្សនានិងឈ្វេងយល់បន្ថែមពីលក្ខខណ្ឌរស់នៅនៃទ្វីបនេះដែរ។
ជាក់ស្តែង ចន្លោះខែតុលាដល់ខែមេសារៀងរាល់ឆ្នាំ ដែលជាខែក្តៅ
មានអ្នកវិទ្យាសាស្ត្រប្រមាណជា៥ ០០០នាក់ មករស់នៅលើទ្វីបនេះ ហើយមានអ្នកទេសចរប្រមាណ៤៥ ០០០នាក់ ដែលធ្វើដំណើរតាមរយៈកប៉ាល់។ នារដូវរងា
ចំនួនអ្នកធ្វើដំណើរមកទ្វីបនេះសល់ត្រឹម១ ០០០នាក់តែប៉ុណ្ណោះ
ដែលសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្ត្រទាំងនោះរស់នៅក្នុងស្ថានីយស្រាវជ្រាវផ្ទាល់តែម្តង
ដែលជាស្ថានីយជាតិតំណាងបណ្តាប្រទេសផ្សេងៗគ្នា
ដែលបានចំណាយទុនក្នុងការសិក្សាអំពីទ្វីបនេះ។ តួយ៉ាង ស្ថានីយស្រាវជ្រាវមានសរុបប្រមាណ៦០កន្លែង។
ពេលនិយាយដល់ថ្ងៃអនាគត
ថាតើមនុស្សអាចរស់នៅលើទ្វីបអង់តាកទិកបានដែរឬទេ? ចម្លើយគឺអាច
ប៉ុន្តែអាចរស់នៅបានតែភាគខាងជើងនៃទ្វីបនេះប៉ុណ្ណោះ
ដោយសារមានរុក្ខជាតិមួយចំនួនអាចដាំលើដីភាគខាងជើងបាន។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការសិក្សាស្រាវជ្រាវណាដែលអាចបញ្ជាក់ថា
នគររូបនីយកម្មលើទ្វីបនេះអាចទទួលជោគជ័យដែរ។
-------------
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា
កែសម្រួលដោយ៖ ជ័ង យៀកលីន
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ឯកសារយោង៖
-
Gallo, N.
(2022). Do people live in Antarctica? Aurora Expeditions. Retrieved from
https://www.auroraexpeditions.com.au/blog/do-people-live-in-antarctica/.
-
Nations Online (n.d.) Physical Map of
Antarctica. Retrieved from https://www.nationsonline.org/oneworld/map/antarctica_map.htm.
Comments
Post a Comment