គន្លឹះទាំង៤ ដើម្បីរក្សាទំនាក់ទំនងពេលនៅឆ្ងាយពីគ្នា



មនុស្សភាគច្រើនតែងតែគិតថា ទំនាក់ទំនងនៅឆ្ងាយពីគ្នាគឺមិនអាចរក្សាបានយូរនោះទេ ម្យ៉ាង ទំនាក់ទំនងនៅឆ្ងាយពីគ្នាតែងតែមិនទទួលបានការគាំទ្រពីក្រុមគ្រួសារ ហើយសូម្បីតែមិត្តភក្តិមួយចំនួនក៏គិតថា ទំនាក់ទំនងនៅឆ្ងាយពីគ្នានឹងមិនមានស្ថិរភាពនោះទេ។

ទំនាក់ទំនងនៅឆ្ងាយពីគ្នាគឺតែងតែមានការលំបាក ប៉ុន្តែប្រសិនបើដឹងពីគន្លឹះដើម្បីរក្សាទំនាក់ទំនង វានឹងបានយូរអង្វែង។ ខាងក្រោមនេះ ជាគន្លឹះ៤យ៉ាងដើម្បីរក្សាទំនាក់ទំនងដែលនៅឆ្ងាយពីគ្នា៖

- ចៀសវាងការទាក់ទងហួសហេតុ៖ អ្នកពុំចាំបាច់ប្រាស្រ័យទាក់ទងគ្នា១២ម៉ោងក្នុងមួយថ្ងៃដើម្បីរក្សាទំនាក់ទំនងឱ្យនៅដដែលនោះទេ។ ព្រោះការប្រាស្រ័យទាក់ទងហួសហេតុអាចឱ្យដៃគូរបស់អ្នកមានសេចក្ដីធុញទ្រាន់ ហើយយូរៗទៅសេចក្ដីស្រលាញ់របស់អ្នកដែលធ្លាប់មានជាមួយគ្នាកន្លងមក នឹងបាត់បង់បន្តិចម្ដងៗជាក់ជាពុំខាន។

- ព្យាយាមទំនាក់ទំនងជាមួយគ្នាឱ្យបានទៀងទាត់៖ សួរសុខទុក្ខគ្នាទៅវិញទៅមក អរុណសួស្តី និង រាត្រីសួស្តី ជារៀងរាល់ថ្ងៃ នេះគឺជាកត្តាចាំបាច់។ បន្ថែមពីលើនោះ ចែករំលែកអំពីរឿងរ៉ាវដែលកើតឡើងក្នុងមួយថ្ងៃៗ ទាំងរឿងសប្បាយចិត្ត ទាំងរឿងពិបាកចិត្ត ទៅកាន់ដៃគូរបស់អ្នក​ ទោះបីមិននៅជិតគ្នាក៏ដោយ។ ម្យ៉ាង អ្នកអាចផ្ញើវីដេអូឬសារសំឡេងទៅកាន់ដៃគូរបស់អ្នកឱ្យគេបានដឹងពីអ្វីដែលអ្នកកំពុងធ្វើ ព្រោះវាអាចធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍រីករាយនិងទទួលបានក្តីស្រលាញ់។

- រក្សាភាពស្មោះត្រង់ជាមួយគ្នា៖ នេះគឺជាកត្តាសំខាន់បំផុត។ ចំពោះអារម្មណ៍ភ័យខ្លាច គ្មានសុវត្ថិភាព ការច្រណែនទៅកាន់ដៃគូរបស់អ្នក ប្រសិនបើអ្នកព្យាយាមលាក់បាំងអ្វីពីដៃគូរបស់អ្នក អាថ៌កំបាំងនោះនឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកបែកបាក់។ កុំព្យាយាមដោះស្រាយអ្វីៗទាំងអស់ដោយខ្លួនឯង អ្នកត្រូវនិយាយប្រាប់និងពិភាក្សាគ្នាដើម្បីរកដំណោះស្រាយដោយបើកចំហនិងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ហើយអនុញ្ញាតឱ្យដៃគូរបស់អ្នកជួយអ្នកនិងផ្តល់ការគាំទ្រដែលអ្នកត្រូវការ។

- ការទាក់ទងតាមវីដេអូ៖ ការទាក់ទងតាមវីដេអូ គឺជាកត្តាសំខាន់បំផុត ព្រោះពេលខ្លះការសម្លឹងមើលមុខគ្នានិងការស្តាប់សំឡេងគ្នាទៅវិញទៅមក អាចធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ល្អ។ ទោះបីការទាក់ទងតាមវីដេអូ មិនដូចជាការដែលនៅជាមួយគ្នាក៏ដោយ ប៉ុន្តែវាជារឿងល្អបំផុតដែលត្រូវធ្វើសម្រាប់រក្សាទំនាក់ទំនងមួយនេះ។

-----

អត្ថបទ​ប្រែសម្រួលដោយ៖ ឈួ អនអ៊ី

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព៖ lifehack

Comments