យើងទាំងអស់គ្នាតែងប្រាថ្នាចង់បានសេចក្តីសុខនិងសុភមង្គល ហើយប្រាថ្នាឱ្យសម្រេចជោគជ័យលើកិច្ចការងារ ប្រាថ្នាឱ្យអ្នកដទៃស្រលាញ់ចូលចិត្តខ្លួន ជាដើម។ មនុស្សមួយចំនួនគិតថា ប្រសិនបើខ្លួនអាចធ្វើអ្វីៗបានល្អជាងនេះបន្តិច ជីវិតរបស់គេនឹងល្អប្រសើរមិនខាន។ តាមពិតទៅ គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះទេ ហើយក៏គ្មានអ្នកណាជោគជ័យរហូតដែរ។ ប៉ុន្តែប្រសិនបើយើងកែប្រែចំណុចមិនល្អមួយចំនួន ហើយអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានល្អជាងនេះ ប្រាកដណាស់ថាយើងនឹងអាចសម្រេចកិច្ចការផ្សេងៗបានល្អមិនខានឡើយ។ នេះជាគោលគំនិតចំនួន៧ ដែលជួយអ្នកក្នុងការអនុវត្តនិងអាចអភិវឌ្ឍខ្លួនបានល្អប្រសើរជាងមុន៖
១- ស្គាល់ខ្លួនឯង
ដើម្បីអភិវឌ្ឍខ្លួនបានលុះត្រាតែអ្នកស្គាល់ខ្លួនឯងជាមុនសិន។ អ្នកត្រូវស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឱ្យឃើញ។ អ្នកត្រូវដឹងថា តើខ្លួនស្រលាញ់អ្វី? គ្រប់គ្រងអារម្មណ៍បានកម្រិតណា? ដោះស្រាយបញ្ហាដោយរបៀបណា? ហើយរបៀបនៃការគិតនិងសកម្មភាពផ្សេងៗរបស់អ្នកល្អដែរឬទេ? ត្រូវកែប្រែឬអត់? អ្នកត្រូវដឹងថា អ្នកខ្វះខាតត្រង់ចំណុចណាខ្លះ បន្ទាប់មកកែប្រែវាដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ។
២- ចេះអធ្យាស្រ័យនិងមិនឆេវឆាវ
រៀនអត់ឱនដល់អ្នកដទៃ នោះចិត្តរបស់អ្នកនឹងស្ងប់ និងមាបសុភមង្គលក្នុងជីវិត។ ការលើកលែងទោសឱ្យអ្នកដែលបានធ្វើបាបអ្នកឬធ្វើខុសលើអ្នក ប្រៀបដូចជាអ្នកបោះបង់ចោលសេចក្តីឈឺចាប់ដែលគេបានឱ្យទៅអ្នកដូច្នោះដែរ។ វាមិនមែនមានន័យថា អ្នកភ្លេចរឿងរ៉ាវទាំងអស់នោះទេ តែមានន័យថាអ្នករៀនដោះលែងកំហឹង ការអាក់អន់ចិត្តផ្សេងៗដែលជាបន្ទុកលើចិត្តនិងបេះដូងរបស់អ្នក។ ការខឹងសម្បាខ្លាំង អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នក ដែលប្រឈមនឹងរោគសញ្ញាដូចជាគេងមិនលក់ មួម៉ៅច្រើន ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបង្កជាជំងឺបេះដូង ជាដើម។
៣- មានការទទួលខុសត្រូវខ្ពស់
មិនទម្លាក់កំហុសលើអ្នកដទៃពេលមានបញ្ហា។ មនុស្សដែលមានភាពរីកចម្រើនគឺជាមនុស្សដែលចេះទទួលស្គាល់កំហុស ហើយរៀនពីកំហុសទាំងនោះ។ អ្នកត្រូវមានការទទួលខុសខ្ពស់ចំពោះកិច្ចការដែលអ្នកធ្វើ មិនត្រូវបោះបង់ឬទុកចោលកណ្តាលទី ហើយក៏មិនត្រូវធ្វើអ្វីតាមតែចិត្ត គ្មានការគិតពិចារណានោះដែរ។ អ្នកត្រូវគ្រប់គ្រងខ្លួនឱ្យបាន ទាំងចិត្ត ទាំងអារម្មណ៍ ទាំងអាកប្បកិរិយា។
៤- មានសីលធម៌
សីលធម៌ ជាចំណុចមួយដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ សីលធម៌ សំដៅលើច្បាប់ វិន័យ សេចក្តីល្អ សេចក្តីត្រឹមត្រូវ គឺមនុស្សដែលប្រកាន់ច្បាប់ជាធំ មិនលម្អៀង មិនបំពានអ្វីដែលខុស មិនពុករលួយ មិនធ្វើបាបអ្នកដទៃ ជាដើម។ ទោះបីមនុស្សមានចំណេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយ បើគ្មានសីលធម៌ ចាត់ទុកថាគ្មានតម្លៃ។
៥- មានសុជីវធម៌
ការចេះគួរសម គោរពឱនលំទោនចំពោះចាស់ទុំ និយាយស្តីសមរម្យ មិនព្រហើន ជាចរិយាមួយដែលមនុស្សគ្រប់គ្នាចូលចិត្តនិងស្រលាញ់រាប់អាន។ ការដឹងខុសត្រូវ ហ៊ាននិយាយពាក្យសុំទោសពេលខ្លួនធ្វើខុស ចេះគួរសមដោយការសំពះ(ជម្រាបសួរឬជម្រាបលា) ការនិយាយអរគុណ ជាដើម, សុទ្ធតែជាសុជីវធម៌ដែលអ្នកត្រូវមានដោយខានពុំបាន។ លើសពីនេះ អ្នកត្រូវដឹងអំពីរបៀបរស់នៅក្នុងសង្គម ការនិយាយស្តី ការស្លៀកពាក់ឱ្យបានសមរម្យ ក៏ចាត់ទុកថាមានសុជីវធម៌ដែរ។
៦- ចេះគោរពអ្នកដទៃ
ក្រៅពីការគោរពអ្នកដទៃប្រកដដោយសុជីវធម៌ អ្នកត្រូវស្តាប់និងទទួលយកគំនិតរបស់អ្នកដទៃផងដែរ។ ទោះមិនស្របនឹងគំនិតរបស់អ្នក ក៏អ្នកត្រូវទទួលយកនិងពិចារណាឱ្យបានល្អិតល្អន់ជាមុន ព្រោះថាគំនិតរបស់អ្នកក៏មិនប្រាកដថាត្រឹមត្រូវទាំងស្រុង ហើយគំនិតរបស់អ្នកដទៃក៏មិនប្រាកដថាសុទ្ធតែមិនត្រឹមត្រូវដែរ។ ទោះបីអ្នកបដិសេធ ក៏ត្រូវបដិសេធដោយការគោរពប្រកបដោយសេចក្ដីថ្លៃថ្នូរផងដែរ។
៧- មានភាពស្មោះត្រង់
ការប្រកាន់សុចរិត មិនកុហកបោកប្រាស់អ្នកដទៃ នាំមកនូវសេចក្តីសុខដល់អ្នក និងទទួលបានត្រលប់មកវិញនូវការរាប់អានប្រកបដោយភាពស្មោះត្រង់។
បើអ្នកបណ្តុះនូវចំណុចទាំង៧ខាងលើនេះកាន់តែច្រើន អ្នកនឹងទទួលបាននូវសុភមង្គលបរិបូរ ហើយមនុស្សជុំវិញខ្លួនស្រលាញ់រាប់អាននិងជួយគាំទ្រសេចក្តីល្អរបស់អ្នកជានិច្ច។
----------------------------
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ ស៊ុយ សុមិនា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
កែសម្រួលដោយ៖ ជ័ង យៀកលីន
ឯកសារយោង៖ https://www.entrepreneur.com/article/316800
Comments
Post a Comment