កម្ពុជា៖ ប្រទេសដំបូងបង្អស់ក្នុងលោកដែលប៉ុនប៉ងលុបបំបាត់រូបិយវត្ថុចេញពីប្រព័ន្ធសេដ្ឋកិច្ច

 

កំលុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានចួបប្រទះនូវសោកនាដកម្មដែលមិនអាចបំភ្លេចបាន នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ។ តាមរយៈការធ្វើកំណែទម្រង់រដ្ឋាភិបាលនៃរបបនេះ ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាត្រូវបានផ្លាស់ប្តូរទាំងស្រុង។ តួយ៉ាង ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងនិងជាប្រទេសតែមួយដែលបានលុបបំបាត់រូបិយវត្ថុ ធ្វើឱ្យលំហូរសាច់ប្រាក់និងការជួញដូរដោយប្រើប្រាស់រាល់រូបិយបណ្ណជាតិនិងបរទេសត្រូវបានបញ្ឈប់ទាំងស្រុង។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចទីផ្សារត្រូវបានបិទចោល ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្លាយជាទ្រព្យសម្បត្តិរួម ឬ “ទ្រព្យសម្បត្តិអង្គការ”។ ការលុបបំបាត់ប្រាក់រៀលចោលទាំងស្រុង គឺជាគោលបំណងធំបំផុតរបស់មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីបង្ហាញដល់ពិភពលោកថាខ្លួនគឺជាប្រទេសកុម្មុយនីស្តទីមួយដែលអាចអនុវត្តវិធានម៉ាក្សស៊ីស(Marxist Doctrine)ដ៏តឹងរឹងបំផុត ក្នុងការដឹកនាំប្រជាជននិងប្រទេសជាតិ។ មិនយូរមិនឆាប់ប្រាក់រៀលនឹងមានតម្លៃថោក មិនខុសពីក្រដាសទទេនោះឡើយ។ ប្រជាជនមិនអាចជួញដូរនិងប្រកបរបរអាជីវកម្មទៀតឡើយ ដោយសារទីផ្សារត្រូវបានបំផ្លាញចោល ដូច្នេះដើម្បីជួញដូរយកវត្ថុណាមួយ ប្រជាជនខ្មែរត្រូវធ្វើដោយសម្ងាត់និងលាក់ការណ៍ពីអង្គការជាដាច់ខាត។ ទីបំផុត ប្រជាជនអាចរស់នៅដោយគ្មានរូបិយវត្ថុក្នុងរយៈពេលប្រមាណជិតបួនឆ្នាំ។ នាឆ្នាំ១៩៧៩ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ ប្រាក់រៀលត្រូវបានស្តារឡើងនិងចាប់ផ្តើមបោះពុម្ពឡើងវិញ នាឆ្នាំ១៩៨០។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែមិនជឿទុកចិត្តប្រាក់រៀល ហើយនៅតែបដិសេធមិនព្រមប្រើប្រាស់ប្រាក់រៀលក្នុងការជួញដូរក្នុងទីផ្សារដដែល។ ត្បូងមានតម្លៃ មាស ពេជ្រ ប្រាក់ និងរូបិយបណ្ណដុល្លារអាម៉េរិក នៅតែជាវត្ថុនិងជាមធ្យោបាយចម្បងក្នុងការដោះដូរ។ រដ្ឋាភិបាលខ្មែរ ព្យាយាមលើកតម្កើងប្រាក់រៀល តាមរយៈការផ្តល់អត្រាការប្រាក់បញ្ញើប្រាក់រៀល គុណនឹងបី ធៀបនឹងអត្រាការប្រាក់បញ្ញើប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែប្រជាជនខ្មែរនៅតែមិនជឿទុកចិត្ត ដោយដូរយកប្រាក់រៀលទុកជាប់នឹងខ្លួនបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការចាយវាយប្រចាំថ្ងៃ ដូចជាទៅផ្សារទិញម្ហូប កាត់សក់ និងថ្លៃឈ្នួលធ្វើដំណើរជាដើម។ ផលប៉ះពាល់នេះបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ រហូតមកដល់ឆ្នាំ២០០០ នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមរឹតបន្តឹងច្បាប់និងបទប្បញ្ញត្តិស្តីពីការរៀបចំស្ថាប័នធនាគារនិងហិរញ្ញវត្ថុ គោលនយោបាយហិរញ្ញវត្ថុ ជាដើម។

-------------

រៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

កែសម្រួលដោយ៖ ជ័ង យៀកលីន

ឯកសារយោង៖ Yamamoto F, S. (2001) The Riel Value of Money: How the World’s Only Attempt to Abolish Money Has Hindered Cambodia’s Economic Development. East-West Center 49.



Comments