លក្ខណៈ១០យ៉ាងរបស់ព្រៃអាម៉ាហ្សូន

 

ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជាសួតនៃភពផែនដី។ ដោយសារវាគឺជាព្រៃត្រូពិកដែលមានទំហំធំជាងគេបំផុតលើពិភពលោក ដែលពោរពេញដោយប្រព័ន្ធអេកូឡូស៊ីចម្រុះនិងសម្បូរបែប។ ខាងក្រោមនេះ គឺជាលក្ខណៈ១០យ៉ាងរបស់ព្រៃអាម៉ាហ្សូន ដែលពួកយើងគួរស្វែងយល់៖

១- ព្រៃអាម៉ាហ្សូន គឺជាព្រៃធំជាងគេបំផុតលើពិភពលោក ដែលមានទំហំធំជាងព្រៃធំៗទាំងពីរគឺប្រទេសកុងហ្គោ(Congo) និងប្រទេសឥណ្ឌូណេស៊ី(Indonesia) ដែលរួមបញ្ចូលគ្នាទៀតផង។

២- ជ្រលងព្រៃអាម៉ាហ្សូន មានទំហំប្រមាណ៦.៩លានគីឡូម៉ែត្រការេ, ដែលទំហំនេះបើធៀបនឹងសហរដ្ឋអាម៉េរិក(United States of America) គឺមានទំហំប៉ុននឹងរដ្ឋចំនួន៤៨បញ្ចូលគ្នា បូករួមទាំងផ្ទៃដីប្រមាណ៤០ភាគរយនៃទ្វីបអាហ្រ្វ៊ិកខាងត្បូង(South America)ទៀតផង។ យោងតាមភូមិសាស្ត្រនិងជីវសាស្រ្ត បើរាប់បញ្ចូលទាំងព្រៃតំបន់ហ្គូយ៉ាណា(Guyana) នោះព្រៃអាម៉ាហ្សូនមានទំហំ៧.៨ដល់៨.២លានគីឡូម៉ែត្រការេ, ដែលក្នុងនោះ ប្រមាណ៨០ភាគរយនៃផ្ទៃដី ត្រូវគ្របដណ្តប់ដោយព្រៃឈើពាសពេញតែម្តង។

៣- ដងទន្លេអាម៉ាហ្សូន ជាដងទន្លេធំជាងគេបង្អស់ ធំជាងទន្លេនៅប្រទេសកុងហ្គោ(Congo) ដល់ទៅប្រាំដង និងធំជាងទន្លេនៃរដ្ឋមីស៊ីស៊ីពី(Mississippi) ដល់ទៅ១២ដង។ ទន្លេអាម៉ាហ្សូនតែងនាំយកដីល្បាប់ដ៏មានជីជាតិមកគ្របដណ្តប់លើទំហំដីដែលមានទំហំជិតប៉ុនទំហំសហរដ្ឋអាម៉េរិក, មានដៃទន្លេ១ ១០០ ហើយក្នុងចំណោមនោះ មានដៃទន្លេ១៧ដែលមានប្រវែងប្រមាណ១ ៦០០គីឡូម៉ែត្រ។

៤- ដងទន្លេអាម៉ាហ្សូន កាលពីអតីតកាលមានលំហូរទៅទិសខាងលិច ខុសពីបច្ចុប្បន្នដែលមានលំហូរទៅទិសខាងកើត។ មូលហេតុនេះ គឺបណ្តាលមកពីការលេចឡើងនៃដងភ្នំអាន់ដេស(Andes Mountain) ដែលជំរុញលំហូរទឹកនៃទន្លេឱ្យហូរចូលមហាសមុទ្រអាត្លង់ទិក(Atlantic Ocean)ទៅវិញ។

៥- ព្រៃអាម៉ាហ្សូន ត្រូវបានប៉ាន់ប្រមាណថា មានប្រភេទព្រៃឈើចម្រុះរហូតដល់១៦ ០០០ប្រភេទ និងមានដើមឈើរហូតដល់៣៩០ពាន់លានដើម។

៦- ប្រមាណពីរភាគបីនៃព្រៃអាម៉ាហ្សូន ស្ថិតនៅប្រទេសប្រេស៊ីល(Brazil)។

៧- ព្រៃអាម៉ាហ្សូន មានប្រភេទសត្វល្អិតចម្រុះរហូតដល់២.៥លានប្រភេទខុសៗគ្នា ហើយក្នុងចំណោមប្រភេទសត្វល្អិតទាំងនោះ សត្វល្អិតជាងពាក់កណ្តាលរស់នៅអាស្រ័យនឹងមែកព្រៃឈើ។

៨- ផលិតផលក្នុងស្រុកសរុប(GDP)របស់បណ្តាប្រទេសនៃទ្វីបអាហ្វ្រ៊ិកខាងត្បូងប្រមាណ៧០ភាគរយ ត្រូវបានទទួលផលនិងផលិតពីតំបន់ទឹកជ្រោះនិងតំបន់ទន្លេរបស់ព្រៃអាម៉ាហ្សូន។ មិនតែប៉ុណ្ណោះ ព្រៃអាម៉ាហ្សូនមានឥទ្ធិពលដែលអាចបង្អុរភ្លៀងឱ្យធ្លាក់មកលើសហរដ្ឋអាម៉េរិកថែមទៀតផង។

៩- ការចិញ្ចឹមសត្វពាហនៈ ជះឥទ្ធិពលដល់ការកាប់ព្រៃឈើរបស់ព្រៃអាម៉ាហ្សូន រហូតដល់៧០ភាគរយ។

១០- យោងតាមស្ថិតិ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២ ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនមានការថមថយ។ ដោយសារអត្រាការកាប់ព្រៃឈើទាំងមូលក្នុងប្រទេសប្រេស៊ីលត្រូវបានធ្លាក់ចុះ។ ការធ្លាក់ចុះនៃការកាប់បំផ្លាញព្រៃអាម៉ាហ្សូននេះ បណ្តាលមកពីមូលហេតុជាច្រើន ដែលក្នុងនោះរួមមាននិន្នាការម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយការពារតំបន់ថ្មីៗ និងការការពារទឹកដីជនជាតិដើមភាគតិច ការពង្រឹងការអនុវត្តនិងការចាត់វិធានការតឹងរឹងច្បាប់ការពារព្រៃឈើនិងច្បាប់បរិស្ថាន ការត្រួតពិនិត្យចំពោះការកាប់បំផ្លាញព្រៃឈើតាមរយៈផ្កាយរណប ការរិះគន់និងការទាមទារឱ្យមានកិច្ចគាំពារព្រៃអាម៉ាហ្សូនពីសម្នាក់អង្គការនិងក្រុមការពារនិងអភិរក្សបរិស្ថាន ព្រមទាំងការចូលរួមនិងការការពារពីសម្នាក់វិស័យឯកជនផងដែរ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៣ ស្ថិតិនៃការកាប់បំផ្លាញព្រៃឈើត្រូវប្រែប្រួល ហើយក្នុងឆ្នាំ២០២១នេះ ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនប្រេស៊ីល បានឈានដល់កម្រិតខ្ពស់បំផុតបើធៀបនឹងឆ្នាំមុនៗ។

---------------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

កែសម្រួលដោយ៖ ជ័ង យៀកលីន

ឯកសារយោង៖ Butler, R. A. (2022). 10 Facts about the Amazon Rainforest in 2022. Mongabay. Retrieved from https://rainforests.mongabay.com/amazon/amazon-rainforest-facts.html


Comments