ការរៀនដោយខ្លួនឯង អាចជាការលំបាកមួយដែរព្រោះអ្នកត្រូវប្រឆាំងនឹងការចង់ដឹងចង់ឃើញរបស់ខ្លួនឯងឬបំបាត់ភាពខ្ជិលទាំងឡាយ។ វាទាមទារឱ្យមានឆន្ទៈក្នុងការរៀនសូត្រ មានវិន័យ និងចិត្តដែលស្រលាញ់ការរៀនដោយខ្លួនឯង។ យ៉ាងណាមិញ អ្នកអាចធ្វើបាន ប្រសិនបើអ្នកអាចលត់ដំខ្លួននិងមានសេចក្ដីព្យាយាមខ្ពស់។ ចំណុចទាំង៥ដែលនឹងជួយអ្នកឱ្យការរៀនកាន់តែមានប្រសិទ្ធភាព៖
១- ការចង់ចេះចង់ដឹង៖ អ្វីដែលអ្នកចង់ដឹងអាចទទួលបានចម្លើយតាមរយៈការសួរសំណួរទៅកាន់មនុស្សចាស់ លោកគ្រូ អ្នកគ្រូ ឬអ្នកដែលអាចឆ្លើយសំណួររបស់អ្នកបាន។ គេតែងនិយាយថា ឆ្ងល់ច្រើនចេះច្រើន តែអ្នកមិនគួរសួរហួសហេតុរហូតដល់គេធុញទ្រាន់ឬសួរដើម្បីផ្ចាញ់ផ្ចាលនោះទេ។ ក្រៅពីការសួរ អ្នកអាចអាចស្វែករកចម្លើយបានតាមរយៈការអានសៀវភៅ ការស្រាវជ្រាវ ជាដើម។ លើសពីនេះ អ្នកអាចទស្សនាវីដេអូអប់រំឬចំណេះដឹងល្អៗតាមរយៈទូរសព្ទដៃឬប្រព័ន្ធអ៊ីនធឺណិត។ ព្យាយាមពង្រីកចំណេះដឹងអ្នកឱ្យកាន់តែទូលំទូលាយ ដោយរៀនពីអ្វីដែលថ្មីៗដែលអ្នកមិនបានដឹងពីមុនមក។
២- ពង្រឹងចំណេះដឹងគ្រឹះ៖ អ្វីក៏ដោយក៏ត្រូវការគ្រឹះជាមុនដែរ បើអ្នកមិនដឹងពីគន្លឹះតូចៗទេ នោះអ្នកក៏មិនអាចដឹងពីចំណុចធំៗបានដែរ។ ហេតុនេះ អ្នកត្រូវសិក្សាឱ្យច្បាស់លាស់អំពីមូលដ្ឋានគ្រឹះនៃមុខវិជ្ជាឬផ្នែកណាមួយដែលអ្នកចង់ពង្រឹង។ ក្នុងនោះអ្នកក៏ត្រូវមានវិន័យខ្លួនឯងដែរ។ ការរៀបចំពេលវេលាឱ្យសមស្របសម្រាប់រៀននិងកំណត់ពេលវេលារៀនឱ្យបានច្បាស់លាស់ជាដើម។ លើសពីនេះ អ្នកត្រូវរីករាយក្នុងការរៀន អ្នកត្រូវលើកទឹកចិត្តខ្លួនឯងជានិច្ច ទោះបីអ្នកគិតថាខ្លួនរៀនមិនចេះ ចាប់មិនបាន ប៉ុន្តែបើមិនបោះបង់ ហើយខិតខំព្យាយាមបន្ថែមទៀត អ្នកប្រាកដជាធ្វើបាន។
៣- រៀនពីអ្នកដទៃ៖ មនុស្សម្នាក់ៗមានកម្រិតចំណេះដឹងនិងមានទម្លាប់ខុសៗគ្នា។ ការចូលរួមជាមួយនឹងអ្នកដទៃដើម្បីចែករំលែកនិងរៀនសូត្រពីគេ គឺជាការល្អ។ អ្នកអាចចូលរួមពិភាក្សាក្រុមផ្សេងៗ ឬចូលរួមការប្រកួតប្រជែងចំណេះដឹងនានា មិនមែនដើម្បីបង្ហាញថាខ្លួនខ្លាំងឬអស្ចារ្យអ្វីនោះទេ គ្រាន់ចង់សាកល្បងចំណេះដឹងរបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកអាចជ្រើសរើសបុគ្គលជោគជ័យណាម្នាក់ដែលអ្នកពេញចិត្ត ហើយសិក្សាពីគាត់និងយកគាត់ជាគំរូ ជាកម្លាំងចិត្តដល់ការខិតខំរបស់អ្នកឱ្យទទួលលទ្ធផលដូចគាត់។
៤- ឈ្វែងយល់ឱ្យទូលាយ៖ ទោះបីអ្នករៀននៅសាលាក្តី រៀនដោយខ្លួនឯងក្តី អ្នកមិនត្រូវជឿលើអ្វីមួយឬមនុស្សតែម្នាក់ដោយគ្មានហេតុផលច្បាស់លាស់ទេ។ រឿងខ្លះចាំបាច់ត្រូវការពិចារណា ឬវិភាគ ឬក៏ស្រាវជ្រាវបន្ថែមដើម្បីដឹងអំពីការពិតដែលត្រឹមត្រូវ ហើយអ្នកត្រូវបើកចិត្តឱ្យទូលាយដើម្បីទទួលយកហេតុផលឬចំណេះដឹងផ្សេងៗនោះដែរ។
៥- មានអត្តចរិតល្អ៖ អ្នកត្រូវមានចិត្តអំណត់ក្នុងការរៀនសូត្រ មានចិត្តសន្ដោស និងមានអធ្យាស្រ័យចំពោះមនុស្សទូទៅ។ ត្រូវមានទឹកចិត្តល្អ ចេះចែករំលែកចំណេះដឹងល្អៗឬរឿងវិជ្ជមានទៅកាន់មនុស្សជុំវិញខ្លួននិងជាគំរូល្អដល់អ្នកដទៃ។ ក្នុងនាមអ្នកជាអ្នកសិក្សា ទោះបីមានបញ្ហាយ៉ាងណាក៏ដោយ ក៏មិនត្រូវបញ្ចេញអាកប្បកិរិយាឬពាក្យសម្តីមិនល្អទៅកាន់អ្នកដទៃនោះទេ។
-----------------------
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ ស៊ុយ សុមិនា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
កែសម្រួលដោយ៖ ជ័ង យៀកលីន
ឯកសារយោង៖ https://www.wikihow.com/Become-Self-Educated?amp=1
Comments
Post a Comment