គន្លឹះ៥យ៉ាង ដែលធ្វើឱ្យគ្រួសារមានសុភមង្គល

 

អ្វីដែលសំខាន់បំផុតនៅក្នុងគ្រួសារ គឺសុភមង្គល។ សុភមង្គលកើតចេញពីសមាជិកក្នុងគ្រួសារទាំងអស់ ដោយមិនស្ថិតលើមេគ្រួសារឬសមាជិកគ្រួសារណាម្នាក់នោះទេ ហើយសុភមង្គលក៏មិនមែនស្ថិតនៅលើទ្រព្យសម្បត្តិឬលុយនោះដែរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលជួយឱ្យគ្រួសារកាន់តែមានភាពរីករាយនិងមានសុភមង្គល៖

១- បែងចែកពេលវេលាធ្វើការនិងពេលនៅផ្ទះ

មនុស្សភាគច្រើនមមាញឹកនឹងការងារ រកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយសឹងតែគ្មានពេលសម្រាប់គ្រួសារ។ ការខិតខំធ្វើការពិតជាល្អណាស់ ប៉ុន្តែអ្នកត្រូវចេះបែងចែកពេលវេលាសម្រាប់គ្រួសារដូចជាញ៉ាំអាហារជុំគ្នា ដើរលេងជាមួយនឹងគ្រួសារ លេងជាមួយនឹងកូនៗ ជាដើម។ គ្រួសារអ្នកនឹងរីករាយនៅពេលដែលចួបអ្នកកាន់តែច្រើន។

២- ថែទាំសុខភាពរបស់អ្នក

ឪពុកម្តាយតែងបារម្ភពីកូននិងចំណាយពេលមើលថែកូនឬសមាជិកផ្សេងទៀតក្នុងគ្រួសារ ប៉ុន្តែភ្លេចគិតពីខ្លួនឯង គិតថាខ្លួនមិនអី ជាដើម។ ប្រសិនបើអ្នកឈឺឬមានបញ្ហា នោះសមាជិកក្នុងគ្រួសារក៏មិនសប្បាយចិត្ត ហើយអ្នកក៏មិនអាចមើលថែនិងលើកទឹកចិត្តកូនៗរបស់អ្នកបានដែរ។ ហេតុនេះអ្នកត្រូវមើលថែខ្លួនឯងផងនិងចំណាយពេលធ្វើអ្វីដែលខ្លួនចូលចិត្តផង។

៣- ការអប់រំដល់កូន

ការបង្ហាត់កូនៗរបស់អ្នកឱ្យក្លាយជាក្មេងល្អ គឺជារឿងសំខាន់។ អ្នកគួរបង្រៀនពួកគេឱ្យមានភាពស្មោះត្រង់ មិនធ្វើបាបអ្នកដទៃ មិនបង្កបញ្ហាផ្សេងៗ ជាដើម។ អ្នកត្រូវបង្រៀនតាំងពីពួកគេនៅតូចៗពីអ្វីដែលពួកគេត្រូវធ្វើនិងអ្វីដែលត្រូវចៀសវាង ជាជាងការដែលបណ្តោយពួកគេឱ្យធ្វើអ្វីដែលមិនល្អ រួចដាក់ទោសដល់ពួកគេ។

៤- ការសម្រេចចិត្តរួម

ជាធម្មតា ឪពុកឬម្តាយតែងសម្រេចចិត្តធ្វើអ្វីៗជំនួសកូនៗ។ ជាការពិត ការងារមួយចំនួនកូនៗមិនអាចសម្រេចចិត្តបានទេ។ ការសម្រេចចិត្តខ្លះ ត្រូវមានការសម្រេចចិត្តរួមគ្នាដូចជាការដាក់កម្រិតអ្វីមួយ ការអនុញ្ញាតឬមិនអនុញ្ញាតឱ្យធ្វើអ្វីមួយ ជាដើម។ វារឹតតែសំខាន់ប្រសិនបើកូនៗអ្នកស្ថិតក្នុងវ័យចំទង់ ពួកគេត្រូវការពេលវេលារៀនច្រើនជាងមុន ហើយបើអ្នកដាក់សម្ពាធពួកគេពេក វាអាចនឹងប៉ះពាល់ដល់ការសិក្សា ហេតុនេះអ្នកក៏គួរពិភាក្សាជាមួយនឹងសមាជិកផ្សេងទៀតឬសួរកូនៗរបស់អ្នកអំពីបញ្ហាឬផលលំបាកផ្សេងៗ។ ការធ្វើបែបនេះមានន័យថា អ្នកយកចិត្តទុកដាក់នឹងកូនៗ មិនដាក់សម្ពាធហួសហេតុដែលនាំឱ្យកូនអ្នកមិនសប្បាយចិត្តឬកើតជំងឺធ្លាក់ទឹកចិត្ត។

៥- ការលួងលោម

វាជារឿងសំខាន់ដែលសមាជិកក្នុងគ្រួសារត្រូវចេះយល់ចិត្តគ្នា។ ពេលមានរឿងខកចិត្ត មានបញ្ហា ឬមានរឿងអាក្រក់អ្វីកើតឡើង អ្នកត្រូវចេះនិយាយលើកទឹកចិត្ត លួងលោមពួកគេដោយពាក្យសម្តីទន់ភ្លន់ ដើម្បីឱ្យពួកគេមានអារម្មណ៍ថាអ្នកយល់ចិត្តពួកគេ នោះគេអាចមានអាម្មណ៍ល្អឡើងវិញបាន។

ខាងលើនេះជាចំណុចមួយចំនួនដែលអ្នកអាចសាកល្បងអនុវត្តបានដើម្បីឱ្យគ្រួសាររបស់អ្នកកាន់តែមានភាពរីករាយ។ គ្រប់គ្នាសុទ្ធតែមានភារកិច្ចរវល់រៀងខ្លួន តែអ្វីដែលសំខាន់គឺឆ្លៀតពេលខ្លះសម្រាប់គ្រួសារអ្នក។ គ្រួសាររបស់អ្នកជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតរបស់អ្នក ហេតុនេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារឱ្យបានច្រើន។

-----------

រៀបរៀងនិងប្រែសម្រួលដោយ៖ ស៊ុយ សុមិនា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

កែសម្រួលដោយ៖ ជ័ង យៀកលីន

ឯកសារយោង៖ https://www.familylives.org.uk/advice/your-family/relationship-advice/top-ten-tips-for-a-happier-family?referer=/search?q%3D10%2520tip




Comments