ទំនាក់ទំនងមួយកើតឡើងពីមនុស្សពីរនាក់ដែលមានចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយបានចាប់ដៃគ្នាដើម្បីបង្កើតចំណងស្នេហ៍មួយដ៏ស្រស់បំព្រង។ គូស្នេហ៍ខ្លះបានស្រលាញ់គ្នារហូតដល់ថ្ងៃចូលរោងការ ប៉ុន្តែគូស្នេហ៍ខ្លះក៏បានបែកបាក់គ្នាដោយសារមូលហេតុផ្សេងៗគ្នា។ ខាងក្រោមនេះ ជារឿងទាំង៥ដែលអ្នកគួរមានដើម្បីធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពផ្អែមល្ហែម ព្រមទាំងស្រលាញ់គ្នាបានយូរ៖
១- ភាពស្មោះត្រង់
ភាពស្មោះត្រង់ចំពោះខ្លួនឯងនិងដៃគូរបស់អ្នក គឺជារឿងសំខាន់បំផុត។ ពេលខ្លះអ្នកពុំមានភាពស្មោះត្រង់ចំពោះខ្លួនឯង ដែលអ្នកតែងតែអ្នកអាចកុហកខ្លួនឯងជាច្រើនរឿងដើម្បីបាននៅជាមួយមនុស្សដែលអ្នកស្រលាញ់ ប៉ុន្តែចុងក្រោយអ្វីដែលអ្នកទទួលបានគឺការបែកបាក់និងភាពខកបំណង។ មួយវិញទៀតការរក្សាភាពស្មោះត្រង់ជាមួយដៃគូររបស់អ្នកអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភាពរឹងមាំ អាចបង្កើនទំនុកចិត្តរវាងអ្នកទាំងពីរឱ្យបានតែច្រើនហើយភាពស្មោះត្រង់ព្រមទាំងអាច បញ្ជៀសនូវរឿងខកបំណងផ្សេងៗបានថែមទៀតផង។
២- ចេះគោរពគ្នាទៅវិញទៅមក
អ្នកនិងដៃគូររបស់អ្នកគួរតែគោរពគ្នាទៅវិញទៅមកមិនថាទៅលើរឿងអ្វីនោះទេ។ មនុស្សគ្រប់រូបត្រូវការពេលវេលាផ្ទាល់ខ្លួនហើយក៏អាចមានរឿងសម្ងាត់ដែលមិនចង់ឱ្យអ្នកដទៃដឹងផងដែរ។ ដូចនេះអ្នកត្រូវគោរពតាមការសម្រេចចិត្តរបស់គេ។ ដើម្បីឱ្យស្នេហាមួយបន្តទៅមុខបានដោយរលូនអ្នកត្រូវធ្វើយ៉ាងណាឱ្យដៃគូររបស់អ្នកមានអារម្មណ៍ថាគេទទួលបានភាពស្មើគ្នានៅក្នុងទំនាក់ទំនងស្នេហាព្រមទាំងឱ្យគេដឹងថាគេមិនត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ។
៣- ការចំណាយពេលនៅជាមួយគ្នា
អ្នកមិនអាចបង្កើតស្នេហាដ៏រឹងមាំដោយមិនចំណាយពេលវេលានោះទេ។ ដូច្នេះរឿងដែលសំខាន់នៅក្នុងទំនាក់ទំនងស្នេហាគឺការចំណាយពេលឱ្យបានច្រើនជាមួយ
គ្នា។ ដើម្បីឱ្យស្នេហារបស់អ្នកឈានដល់ដំណាក់កាលមួយដែលផ្អែមល្ហែមគឺអ្នកត្រូវតែចេះចំណាយពេលនៅជាមួយគ្នាឱ្យបានច្រើន។ អ្នកអាចបង្កើតឱកាសក្នុងការណាត់ជួបគ្នា ព្យាយាមនិយាយគ្នាឱ្យបានច្រើននិងបង្ហាញពីអារម្មណ៍ដែលអ្នកមានចំពោះគ្នាទៅវិញទៅមក។
៤- មិនមែនគ្រាន់តែស្រលាញ់គ្នាប៉ុន្តែគឺត្រូវចូលចិត្តគ្នា
ការស្រលាញ់ដៃគូររបស់អ្នកគឺជារឿងសំខាន់ ប៉ុន្តែការចូលចិត្តគេក៏ជារឿងសំខាន់ផងដែរ។ នៅក្នុងទំនាក់ទំនងល្អមួយអ្នកគួរតែចូលចិត្តគេចំពោះអ្វីដែលជាគេផ្ទាល់ហើយដៃគូររបស់អ្នកក៏គួរតែមានអារម្មណ៍ដូចអ្នកផងដែរ។
៥- ជាអ្នកគាំទ្រ
អ្នកនិងដៃគូររបស់អ្នកប្រៀបដូចជាក្រុមមួយហើយមិត្តរួមក្រុមគឺត្រូវចេះជួយនិងគាំទ្រគ្នា។ ស្នេហាដែលមានរីករាយបំផុតគឺជាស្នេហាដែលអ្នកទាំងពីរចេះស្រលាញ់គ្នា ចេះជួយគ្នាហើយចូលរួមអបអរជាមួយគ្នានៅពេលជោគជ័យ។
----------
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ ជឿក គីមឡាង
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
កែសម្រួលដោយ៖ ជ័ង យៀកលីន
ឯកសារយោង https://www.zola.com/expert-advice/what-are-the-5-most-important-things-in-a-relationship
Comments
Post a Comment