វិធីសាស្ត្រ៤យ៉ាង ដើម្បីបោះជំហានចេញពីអតីតកាលដែលឈឺចាប់

 


ជឿជាក់ថា មនុស្សគ្រប់គ្នាតែងតែមានអតីតកាលដែលជូរចត់និងចង់បំភ្លេចជាក់ជាពុំខាន។ ដ្បិតរឿងអតីតកាលបានកន្លងហួសពិតមែន ប៉ុន្តែវាបានជះឥទ្ធិពលអវិជ្ជមានដែលអាចឱ្យអ្នកឈឺចាប់ ហើយវារឹតតែពិបាកក្នុងការបញ្ជាខួរក្បាលឱ្យភ្លេចវា។ អតីតកាលគ្រាន់ជារឿងដែលអ្នកបានឆ្លងកាត់ តែបើចង់បំភ្លេចក៏មិនមែនជារឿងដែលមិនអាចធ្វើបាននោះទេ។ ខាងក្រោមនេះ ជាគន្លឹះដែលអ្នកអាចអនុវត្តដើម្បីបោះជំហានចេញពីអតីតកាលបាន៖

១- គិតអំពីបច្ចុប្បន្នដែលអ្នកកំពុងរស់នៅ៖ អ្នកគួរងាកមកចាប់អារម្មណ៍នឹងពេលវេលាដែលអ្នកកំពុងរស់នៅ រីករាយ និងថែរក្សានូវអ្វីដែលអ្នកកំពុងមាន។ ពេលវេលាពិតជាមានតម្លៃណាស់ ដល់ពេលដែលអ្នកត្រូវបំភ្លេចរឿងរ៉ាវមិនល្អ ព្រោះវាជាភាពងងឹតដែលបាំងនូវពន្លឺបច្ចុប្បន្នភាពរបស់អ្នក។ ដូច្នេះ សូមគិតអំពីបច្ចុប្បន្នភាពដែលអ្នកមានឱ្យបានច្រើន។

២- លើកលែងទោសចំពោះអ្នកដទៃ៖ ការខឹងគុំកួនគ្មានផលល្អឡើយ ប្រៀបដូចជាការដុតកម្ដៅខ្លួនឯង ហើយអ្នកដែលក្ដៅពិតប្រាកដគឺមិនមែនអ្នកផ្សេងទេ។ ហេតុនេះបើអ្នករៀនបើកចិត្តអភយចំពោះអ្នកដទៃ អ្នកក៏អាចបំភ្លេចរឿងមិនល្អពីអតីតបានដែរ។

៣- មានសេចក្ដីជឿជាក់លើខ្លួនឯង៖ គ្មានអ្នកណាអាចគេចផុតរឿងអតីតនោះទេ ប៉ុន្តែត្រូវមានសេចក្ដីក្លាហាន ការតាំងចិត្តក្នុងការទទួលស្គាល់ និងព្យាយាមកាត់ចិត្តពីរឿងអតីតកាល។ អតីតកាលមិនបានជួយជីវិតអ្នកឱ្យល្អប្រសើរឡើយ ដូច្នេះកុំឱ្យវារំខានបច្ចុប្បន្នរបស់អ្នក ត្រូវមានសេចក្ដីជឿជាក់ ក្រោកឡើង និងរកដំណោះស្រាយកុំឱ្យរឿងបែបនេះកើតឡើងម្ដងទៀត។

៤- និយាយវាចេញមកក្រៅ៖ ចង់បំភ្លេចអតីតកាល មិនមែនមានន័យថាអ្នកត្រូវលាក់ទុកក្នុងចិត្តម្នាក់ឯងទេ អ្នកអាចចែករំលែករឿងរ៉ាវមិនល្អទៅកាន់មនុស្សដែលអ្នកទុកចិត្តដូចជាក្រុមគ្រួសារឬមិត្តជិតដិតដើម្បីកាត់បន្ថយភាពតានតឹង នោះអារម្មណ៍របស់អ្នកនឹងមានភាពធូរស្រាលផងដែរ។

អតីតកាលជាពេលវេលាដែលបានកន្លងផុតហើយ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលឈឺចាប់និងចង់បំភ្លេចរឿងអតីតឡើយ។ អ្នកធ្លាប់សាងវា ដូច្នេះអ្នកក៏អាចរៀនពីវាដើម្បីឱ្យខ្លួនឯងកាន់តែរឹងមាំ និងច្នៃជាមេរៀនសម្រាប់កសាងសុភមង្គលក្នុងជីវិតបានដូចគ្នាដែរ។

-------------

អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា

©គ្រឹះស្ថាន ស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

កែសម្រួលដោយ៖ ជ័ង យៀកលីន

ប្រភព៖- https://www.bizkhmer.com/articles/7603

          - http://www.chanbokeo.com/index.php?gcm=1411&grid=138820&gtop=5315

          - https://www.khmerload.com/article/145241

          - https://kanha.sabay.com.kh/article/1012246



Comments