ស្វែងយល់អំពីមហាទ្វីបបុរាណ «បង់សៀ Pangaea»


បង់សៀ (Pangaea) គឺជាបណ្តុំនៃពាក្យ Pan ផ្សំជាមួយនឹង Gaia។ ពាក្យ Pan ជាភាសាក្រិច មានន័យថា ធំ ទាំងមូល ទាំងអស់។ ចំណែកឯពាក្យ Gaia មានន័យថាផែនដី ដែនដី រដ្ឋ ប្រទេស ឬដី។ Pangaea សំដៅទៅលើមហាទ្វីបមួយដ៏ធំល្វឹងល្វើយ ក្នុងសម័យកាល ប៉ាលេហ្សូអ៊ិច (Paleozoic era)។ កាលពីប្រមាណ ៣០០ លានឆ្នាំមុន ភពផែនដីមិនទាន់មានទម្រង់និងមានទ្វីបដល់ទៅប្រាំពីរ ដូចសព្វថ្ងៃនេះទេ ប៉ុន្តែនៅលើភពផែនដីមានតែទ្វីបតែមួយប៉ុណ្ណោះ ហើយទ្វីបនោះមានទំហំធំមហាសាល ដែលត្រូវបានអ្នកវិទ្យាសាស្ត្រឱ្យឈ្មោះថា បង់សៀ។ បង់សៀត្រូវបានហ៊ុមព័ទ្ធដោយមហាសមុទ្រជុំវិញ ហើយមហាសមុទ្រនេះទៀតសោតមានតែមួយផងដែរ។ 

យោងតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រ បង់សៀបានចាប់ផ្តើមបំបែកខ្លួនទៅជាទ្វីបជាច្រើនដូចសព្វថ្ងៃតាមរយៈបាតុភូតមួយដែលត្រូវបានឱ្យឈ្មោះថា «Mantle Convection»។ Mantle Convection គឺជាការរំកិលគម្របផែនដីយឺតៗតាមរយៈការបញ្ជូននូវកម្តៅពីស្រទាប់ក្នុងរបស់ផែនដីមកស្រទាប់ខាងលើ។ 

បង់សៀត្រូវបានបំបែកចេញពីគ្នាជាច្រើនកាល ពីចន្លោះ ១៩៥លាន រហូតដល់ ១៧០លានឆ្នាំមុន។ ពេលនោះ ទ្វីបមួយឈ្មោះថា Gondwana (ដែលបច្ចុប្បន្ននេះជាទ្វីបអាព្រិច ទ្វីបអាមេរិកខាងត្បូង ទ្វីបអង់តាកទិច ទ្វីបឥណ្ឌា និង ទ្វីបអូសេអានី) បានផ្តាច់ចេញពីទ្វីបLaurasia (ដែលបច្ចុប្បន្នជា អន្តរទ្វីបអ៊ឺរ៉ាស៊ី និងទ្វីបអាមេរិកខាងជើង)។ បន្ទាប់មកទៀត កាលពី១៥០លានឆ្នាំមុន Gondwana នោះទៀតសោត ក៏បានបំបែកទ្វីបទៀត។ ទ្វីបឥណ្ឌាបានផ្តាច់ខ្លួនចេញពីទ្វីបអង់តាកទិច ហើយទ្វីបអាព្រិចបានផ្តាច់ខ្លួនចេញពីទ្វីបអាមេរិកខាងត្បូង។ ក្រោយមកទៀត កាលពី៦០លានឆ្នាំមុន ទ្វីបអាមេរិកខាងជើងបានផ្តាច់ចេញពីអន្តរទ្វីបអ៊ឺរ៉ាស៊ី។ 

បច្ចុប្បន្ននេះ ទ្វីបទាំងប្រាំពីរក៏មិនមែនជាបណ្តុំទ្វីបចុងក្រោយដែរ។ មហាទ្វីបទាំងអស់បានផ្តុំចូលគ្នាជាច្រើនដងនៅក្នុងប្រវត្តិសាស្ត្រភពផែនដី ប៉ុន្តែក្រោយមកទ្វីបទាំងនោះនៅតែផ្តាច់ចេញពីគ្នាដដែល។ តួយ៉ាង ទ្វីបអូសេអានី បានចាប់ផ្តើមខិតទៅជិតទ្វីបអាស៊ីបន្តិចម្តងៗ ចំណែកឯផ្នែកមួយនៃទិសខាងកើតនៃទ្វីបអាព្រិចបានចាប់ផ្តើមផ្តាច់ខ្លួនចេញពីទ្វីបអាព្រិចទាំងមូលផងដែរ។ 

អ្នកវិទ្យាសាស្ត្រ ឈ្មោះថា យ៉ូស៊ីដា និង សាន់តូស បានធ្វើសេចក្តីសន្និដ្ឋានថា នាពេល២៥០លានឆ្នាំខាងមុខ ទ្វីបទាំងអស់នឹងរំកិលទៀតជាក់ជាមិនខាន។ ពេលនោះ មហាសមុទ្រប៉ាស៊ីហ្វិចនឹងត្រូវបានគ្របដណ្តប់ដោយទ្វីបអូសេអានី ទ្វីបអាមេរិកខាងជើង ទ្វីបអាព្រិច និងអន្តរទ្វីបអ៊ឺរ៉ាស៊ី ខិតចូលជិតគ្នា ហើយនឹងបង្កើតបានជាទ្វីបដ៏ធំមួយឈ្មោះថា Amasia។ ចំណែកឯទ្វីបអង់តាកទិច និងទ្វីបអាមេរិកខាងត្បូង នៅតែស្ថិតនៅឆ្ងាយពីទ្វីប Amasia ដដែល។ 

---------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា 

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia 

ឯកសារយោង

- Ghose, T., Geggel, L. (2022). Pangaea: Facts about an ancient supercontinent. Retrieved from https://www.livescience.com/38218-facts-about-pangaea.html. 

- Online Etymology Dictionary. (n.d.) Pangaea. Retrieved from https://www.etymonline.com/word/Pangaea#etymonline_v_3070. 

- Definitions.net. (n.d.). Definitions for mantle convection. Retrieved from https://www.definitions.net/definition/mantle+convection. 


Comments