តើអ្នកស្គាល់ដៃគូអ្នកបានប៉ុណ្ណាហើយ? មនុស្សគ្រប់គ្នាគ្មានអ្នកណាល្អឥតខ្ចោះនោះទេ ហើយក៏គ្មានទំនាក់ទំនងណាដែលល្អឥតខ្ចោះនោះដែរ អ្វីដែលសំខាន់គឺអ្នកត្រូវចេះទទួលយកទាំងចំណុចល្អនិងអាក្រក់របស់ដៃគូអ្នក។ ការដឹងអំពីអ្នកដែលត្រូវរួមដំណើរជីវិតជាមួយគ្នា វាក៏ជារឿងមួយសំខាន់ដែរ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរតែដឹងអំពីដៃគូរបស់អ្នក៖
១- រឿងដែលទាក់ទងនឹងជីវិតរបស់គាត់ទាំងរឿងល្អនិងរឿងមិនល្អ
មនុស្សច្រើនជឿជាក់លើស្នេហាហើយគិតថាស្នេហាគឺស្រស់ស្អាតណាស់ ប៉ុន្តែស្នេហាបានបង្រៀនមនុស្សជាច្រើនឱ្យដឹងថាក្តីស្រឡាញ់តែមុខមិនគ្រប់គ្រាន់ដើម្បីរក្សាទំនាក់ទំនងឱ្យគង់វង្សនោះទេ។ វាត្រូវការកត្តាផ្សេងៗជាច្រើនទៀត ក្នុងនោះកត្តាមួយដ៏សំខាន់ដែរនោះគឺស្គាល់ថាគាត់ជានរណា? ហើយអ្នកត្រូវសម្របខ្លួននិងទទួលយកជាពិសេសចំណុចមិនល្អរបស់គាត់។
២- ទម្លាប់ដែលគួរឱ្យរំខាន
មនុស្សគ្រប់រូបតែងមានអ្វីដែលខ្លួនមិនពេញចិត្ត ហើយការដឹងពីអ្វីដែលធ្វើឱ្យរំខានដៃគូរបស់អ្នកគឺពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះអ្នកអាចកែតម្រូវឬចៀសវាងធ្វើអ្វីដែលរំខានគាត់ ដើម្បីកុំឱ្យមានការខឹង អន់ចិត្តឬឈ្លោះប្រកែកគ្នាកើតឡើង។ អ្នកត្រូវដឹងថាមនុស្សពីរផ្សេងគ្នាអាចមានទម្លាប់ ចំណង់ចំណូលចិត្ត បទពិសោធន៍ខុសគ្នាទាំងហេតុនេះការដែលចេះសម្របខ្លួនតាមកាលៈទេសៈគឺជាវិធីដ៏ល្អដើម្បីរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ។
៣- មនុស្សឬវត្ថុដែលគាត់ចូលចិត្ត
វាជារឿងសំខាន់ដែលអ្នកត្រូវដឹងពីផ្នែកសំខាន់ៗទាំងនេះនៃជីវិតរបស់គាត់ព្រោះក្រៅពីបង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះគាត់ អ្នកក៏អាចធ្វើឱ្យគាត់សប្បាយចិត្តតាមរយៈចំណង់ចំណូលចិត្តរបស់គាត់ផងដែរ។ ក្នុងនោះដែរចំណង់ចំណូលចិត្តសំខាន់ៗដែលអ្នកត្រូវដឹងមានដូចជា អាហារដែលគាត់ចូលចិត្ត ពណ៌ កន្លែងកម្សាន្ត កីឡា។ល។ បន្ថែមពីនោះការធ្វើឱ្យគាត់សើចសប្បាយក៏ជារឿងល្អមួយដែរ។ ការលេងសើចអាចដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងទូទៅប៉ុន្តែវាត្រូវមានកម្រិតនិងស្របតាមកាលៈទេសៈ។ ការសើចអាចផ្តល់ថាមពលវិជ្ជមានដល់មនុស្សទូទៅ វាអាចធ្វើឱ្យអ្នកស្រស់ស្រាយ បំបាត់ស្ត្រេសបានផងដែរ ហេតុនេះអ្នកគួរធ្វើឱ្យដៃគូរបស់អ្នកសើច ជាជាងធ្វើឱ្យគាត់ធុញឬស្ត្រេស។
៤- អនុស្សាវរីយ៍ដែលធ្វើឱ្យគាត់យំ
ការដឹងពីភាពសោកសៅ និងរបៀបដែលគាត់រក្សាការចងចាំដ៏សោកសៅទាំងនោះ វាជាវិធីដ៏ល្អដែលអ្នកអាចលើកទឹកចិត្តពេលដែលគាត់កើតទុក្ខ មិនសប្បាយចិត្តពេលដែលរំឭកដល់រឿងអតីតកាលជាដើម។ ហើយអ្នកក៏ដឹងពីអ្វីដែលគួរចៀសវាងដើម្បីកុំឱ្យគាត់មិនសប្បាយចិត្តផងដែរ។ ក្រៅពីនេះអ្នកក៏គួរតែដឹងថាតើអ្វីដែលធ្វើឱ្យពួកគេខឹង? តើមានរឿងអ្វី ព្រឹត្តិការណ៍អ្វី ឬសកម្មភាពអ្វីខ្លះដែលអាចធ្វើឱ្យគាត់ខឹងខ្លាំងឬសប្បាយចិត្តខ្លាំង?
៥- ក្តីស្រមៃ និងបំណងប្រាថ្នារបស់គាត់
តើគាត់មានក្តីស្រមៃនិងគោលដៅអ្វីខ្លះ? ហើយតើគាត់មានផែនការអ្វីខ្លះដើម្បីសម្រេចវា? អ្នកអាចផ្តល់ការពិភាក្សា ការសរសើរនិងលើកទឹកចិត្តឱ្យគាត់បន្តចាប់យកក្តីស្រមៃរបស់គាត់។
៦- គម្រោងថ្ងៃអនាគតជាមួយអ្នក
អ្នកគួរតែដឹងគម្រោងដែលគេគិតនិងចង់រស់នៅជាមួយអ្នកបែបណានៅថ្ងៃអនាគត ព្រោះវាក៏ជាផ្នែកមួយសំខាន់ចំពោះអ្នកនិងគាត់ផងដែរ។ ហើយអ្នកក៏ត្រូវផ្តល់ទំនុកចិត្តនិងការគិតគូរចំពោះអនាគតរបស់អ្នកនិងគាត់ទៅថ្ងៃខាងមុខផងដែរ។
ការដែលអ្នកត្រូវដឹងរឿងទាំងនេះមិនមែនជាការដេញដោលចង់ដឹងពីអតីតកាលរបស់គាត់ឬរឿងរ៉ាវជីវិតផ្ទាល់ខ្លួនគាត់ហួសហេតុនោះទេ តែអ្នកគួរស្វែងយល់ដោយខ្លួនឯងបន្តិចម្តងៗជាការល្អ។ ការយកចិត្តទុកដាក់និងដឹងពីរឿងរ៉ាវរបស់គាត់នឹងធ្វើឱ្យអ្នកកាន់តែយល់ច្បាស់ពីគាត់និងអាចរក្សាទំនាក់ទំនងបានល្អប្រសើរផងដែរ។
--------
អត្ថបទប្រែសម្រួលដោយ៖ ស៊ុយ សុមិនា
កែសម្រួលដោយ៖ ជុំ អូវីស្សា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBook Cambodia
ឯកសារយោង៖ https://inspiringtips.com/things-to-know-about-your-partner-in-a-relationship/
Comments
Post a Comment