ជឿជាក់ថាគ្មាននរណាម្នាក់ដែលកើតមកមិនធ្លាប់ទទួលការបដិសេធសោះនោះទេ គ្រប់គ្នាតែងប្រទះនូវការខកចិត្តដោយសារតែការបដិសេធនោះមិនថាការងារ ការសិក្សា ពិសេសគឺរឿងស្នេហា។ ចំពោះស្នេហា នៅពេលទទួលចម្លើយអវិជ្ជមានពីមនុស្សដែលខ្លួនបានសារភាពស្នេហ៍ មនុស្សជាច្រើននឹងមានអារម្មណ៍ថាខកបំណង និងបាក់ទឹកចិត្តខ្លះៗ ស្របពេលដែលមានមនុស្សមួយចំនួនទៀតពួកគេអាចទទួលយកលទ្ធផល ឬចម្លើយនៃការបដិសេធនោះបានយ៉ាងល្អ។ ដើម្បីកុំឱ្យការបដិសេធក្លាយជាអាវុធមួយបំផ្លាញនូវពេលវេលាអភិវឌ្ឍខ្លួន និងកើតជាជំងឺរ៉ាំរ៉ៃក្នុងជីវិតអ្នកទៀតនោះ រាល់ពេលទទួលលទ្ធផលមិនល្អអ្នកគួររៀនប្រាប់ខ្លួនឯងថា៖
១- គិតថាការបដិសេធមិនមែនជាចុងបញ្ចប់នៃពិភពលោកទេ៖ ប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាចត្រូវគេបដិសេធ សូមអ្នកព្យាយាមគិតថាប្រសិនបើខ្លួនអ្នកទទួលបានចម្លើយបដិសេធថ្ងៃនេះតើជីវិតអ្នកដល់ទីបញ្ចប់ទេ? តើនឹងមានរឿងអ្វីកើតឡើងលើជីវិតអ្នកប្រសិនបើអ្នកមិនទទួលបានការឆ្លើយយល់ព្រមពីគេនោះ? ពិតណាស់ទោះអ្នកមិនទទួលបានការយល់ព្រមពីគេក៏ជីវិតអ្នកនៅតែដើរទៅមុខជានិច្ច អ្វីដែលអ្នកគួរធ្វើបន្តគឺត្រូវដោះស្រាយបញ្ហាអ្វីដែលសំខាន់ចំពោះអ្នកបំផុត
២- នរណាក៏ធ្លាប់ត្រូវបានគេបដិសេធដែរ៖ ជារឿងសាមញ្ញដែលមនុស្សត្រូវចួប បើមិនត្រូវបានបដិសេធរឿងស្នេហា ក៏មានរឿងផ្សេងទៀតមិនខាន។ ដូចនេះសូមទុកការបដិសេធជារឿងធម្មតាក្នុងជីវិតព្រោះអ្នកមិនមែនជាមនុស្សតែម្នាក់ក្នុងពិភពលោកដែលរងចម្លើយបែបនេះឡើយ
៣- កុំបង្ខំស្នេហា៖ មិនមែនឱ្យតែមនុស្សដែលអ្នកស្រលាញ់ គេនឹងស្រលាញ់អ្នកវិញទេ ហើយវាក៏មិនហៅថាក្ដីស្រឡាញ់ដែរ ប្រសិនបើអ្នកគ្រាន់តែបានរូបគេតែមិនបានចិត្តនោះ។ អារម្មណ៍ទទួលយកការបដិសេធវាអាចពិបាក តែសូមប្រើពេលវេលាគិតថាស្នេហាមិនអាចមានតែម្ខាងនោះទេ
៤- ត្រូវរៀនស្គាល់ពីខ្លួនឯងបន្ថែម៖ ក្រោយទទួលការបដិសេធសូមព្យាយាមសិក្សាពីខ្លួនឯងថា តើអ្នកនៅតែមានអារម្មណ៍ស្រលាញ់គេឬយ៉ាងណា បើនៅមានអ្នកអាចបន្តទំនាក់ទំនងល្អៗជាមិត្តភក្ដិ រួចស្វែងយល់ពីចំណុចដែលគេបដិសេធអ្នក វាអាចជាឱកាសដែលអ្នកអាចទទួលបានការសម្រេចចិត្តពីគេម្ដងទៀត។ បន្តរាប់អានគ្នានិងបន្តធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់អភិវឌ្ឍខ្លួនឯង ដោយមិនមែនចំណាយពេលទៅរំខានគេហើយភ្លេចកសាងខ្លួនឯងឡើយ។ អ្នកគួរបង្ហាញឱ្យគេដឹងថាអ្នកមានអ្វីដែលគេគួរជ្រើសអ្នកដែលមិនមែនជាក្ដីស្រលាញ់មួយភ្លែតឡើយ។
---------
អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ ជ័ង យៀកលីន
©គ្រឹះស្ថាន ស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖
• https://www.popular.com.kh/social/256981.html/
• https://m.facebook.com/seavphovjivet/photos/a.480926475447694/1228500344023633/?type=3
• https://km.warbletoncouncil.org/superar-el-miedo-al-rechazo-3499
• https://www.knongsrok.com/2020/06/24/%E1%9E%8F%E1%9E%BE%E1%9E%82%E1%9E%BD%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%94%E1%9F%82%E1%9E%94%E1%9E%8E%E1%9E%B6-%E1%9E%93%E1%9F%85%E1%9E%96%E1%9F%81%E1%9E%9B%E1%9E%8A%E1%9F%82%E1%9E%9B/
Comments
Post a Comment