ដែនដីអាម៉េរិក


ការធ្វើអាណានិគមមកលើដែនដីអាមេរិកាំង ឬត្រូវបានហៅថា “រដ្ឋចំណុះទាំង១៣ (Thirteen Colonies)” សំដៅដល់ការធ្វើអាណានិគមមកលើទ្វីបអាមេរិកាំងក្នុងកំឡុងសតវត្សទី១៧ និងទី១៨ ដោយយកទ្វីបអាមេរិកាំងមកធ្វើរដ្ឋចំណុះរបស់ប្រទេសមហាអំណាចអង់គ្លេសដែលមានចំនួនសរុប ១៣។ រដ្ឋចំណុះទាំង ១៣នោះ បានទាមទារឯករាជ្យពីអង់គ្លេសនាឆ្នាំ ១៧៧៦ ហើយបានក្លាយទៅជាសហរដ្ឋអាមេរិក ដែលពិភពលោកស្គាល់សព្វថ្ងៃនេះ។ តើអាណានិគមនេះបានចាប់ផ្តើមពីពេលណា? 

ក្រោយពីការធ្វើដំណើរមកដល់ទ្វីបអាមេរិកាំងរបស់លោកគ្រីស្តុប កូឡុំ កាលពីឆ្នាំ១៤៩២  ទ្វីបអាមេរិកាំងក៏បានក្លាយទៅជាគោលដៅថ្មីរបស់បណ្តាប្រទេសមហាអំណាចនៅអ៊ឺរ៉ុបដូចជាប្រទេសអេស្ប៉ាញ ប្រទេសបារាំង និងប្រទេសអង់គ្លេស ដើម្បីពង្រីកវិសាលភាព បង្កើនទ្រព្យសម្បត្តិ និងពង្រឹងអំណាចត្រួតត្រាពិភពលោករបស់ពួកគេ។ ក្នុងចំណោមប្រទេសទាំងបីនេះ ប្រទេសអង់គ្លេសបានខិតខំយ៉ាងស្វិតស្វាញដើម្បីទាមទារការគ្រប់គ្រងអាមេរិកខាងជើង ដែលបច្ចុប្បន្ននេះគឺជាសហរដ្ឋអាមេរិក។ 

កាលដំបូងឡើយ ជនជាតិឥណ្ឌាស្បែកក្រហម ដែលជាជនជាតិដើមនៅលើទ្វីបអាមេរិកាំង បានទទួលស្វាគមន៍ជនបរទេសទាំងនេះយ៉ាងកក់ក្តៅ ដោយផ្តល់នូវអាហារហូបចុក និងការស្នាក់នៅទៅដល់ក្រុមចំណាកស្រុកនេះថែមទៀតផង។ ជាកិច្ចឆ្លើយតប ជនជាតិអ៊ឺរ៉ុបទាំងនោះបានបង្ហាត់បង្រៀនរបៀបរបបរស់នៅបែបជឿនលឿនជាច្រើនទៅដល់ជនជាតិដើមទាំងនោះ ធ្វើឱ្យពួកគេយល់ឃើញថា ជនជាតិអ៊ឺរ៉ុបទាំងនេះជាព្រះដ៏មានឥទ្ធិពលចំពោះពួកគេថែមទៀតផង។ ប៉ុន្តែក៏មានក្រុមជនជាតិដើមមួយចំនួនមិនព្រមទទួលស្វាគមន៍ជនជាតិអ៊ឺរ៉ុបទាំងនោះ ហើយចាត់ទុកពួកគេជាសត្រូវដែលត្រូវតែកំចាត់ផងដែរ។ ជាអកុសល ពួកអ៊ឺរ៉ុបដែលបានផ្លាស់មករស់នៅលើទឹកដីអាមេរិកាំង មិនយូរមិនឆាប់ ក៏ចាប់ផ្តើមបំពេញគោលដៅចម្បងរបស់ខ្លួនក្នុងការមករស់នៅលើទ្វីបអាមេរិកាំងនេះ ពោលគឺពួកគេចាប់ផ្តើមគ្រប់គ្រងជនជាតិដើម ហើយការគ្រប់គ្រងនេះបានក្លាយទៅជាអាណានិគម ធ្វើការគាបសង្កត់ទៅលើជនជាតិដើមដែលរស់នៅទ្វីបអាមេរិកាំងទាំងនោះយ៉ាងឃោរឃៅ។ មិនតែប៉ុណ្ណោះ ពួកអាណានិគមអង់គ្លេសក៏បានប្រមែប្រមូលទាសករពីទ្វីបអាស៊ី អាហ្រ្វិក និងប្រមូលពលករពីទ្វីបអ៊ឺរ៉ុប មកកាន់ទ្វីបអាមេរិកាំងដើម្បីធ្វើពលកម្ម និងធ្វើការដើម្បីផលប្រយោជន៍របស់ពួកគេផងដែរ។  ទោះជាយ៉ាងណាក៏ដោយ អាណានិគមអង់គ្លេសមកលើទ្វីបអាមេរិកខាងជើងនេះ ត្រូវបានផ្តួលរំលំក្រោមការធ្វើបដិវត្តន៍របស់រដ្ឋចំណុះទាំង១៣នោះ ដើម្បីទាមទារឯករាជ្យ បន្ទាប់ពីអង់គ្លេសបានធ្វើអាណានិគមអស់រយៈពេលប្រមាណជា ២០០ឆ្នាំ។ 

------------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា 

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia 


ឯកសារយោង

Library of Congress. (n.d.). 1492: An Ongoing Voyage – Europe Claims America: The Atlantic Joined. Retrieved from https://www.loc.gov/exhibits/1492/eurocla.html. 

The Editors of Encyclopedia Britannica. (n.d.). American Colonies. Retrieved from https://www.britannica.com/topic/American-colonies.  


Comments