តោះ! ​មកស្វែងយល់អំពីប្រភេទភូមិសាស្ត្រ!



ភូមិសាស្ត្រគឺជាការសិក្សាអំពីទីកន្លែងឬតំបន់ណាមួយ រួមបញ្ចូលទាំងទំនាក់ទំនងទៅវិញទៅមករវាងមនុស្សក្នុងតំបន់នោះ និងបរិស្ថានដែលពួកគេរស់នៅផងដែរ។ ការបកស្រាយអំពីអត្ថន័យភូមិសាស្រ្តនេះ ត្រូវបានពន្យល់ដោយអតីតប្រធានាធិបតីអាមេរិក លោកបារាក់ អូបាម៉ា ដែលលោកធ្លាប់មានប្រសាសន៍ថា “ការសិក្សាអំពីភូមិសាស្ត្រផ្តោតទៅលើការយល់ដឹងអំពីចំណុចផ្សេងៗជាច្រើនក្រៅពីការចំណាំតំបន់ផ្សេងៗនៅលើផែនទី។ ចំណុចទាំងនោះមានដូចជា ការយល់ដឹងអំពីភាពស្មុគស្មាញនៃពិភពលោករបស់យើងទាំងមូល ការឱ្យតម្លៃទៅលើវប្បធម៌ផ្សេងៗពីគ្នា ដែលមាននៅពាសពេញទ្វីបទាំងអស់។ បន្ថែមពីនេះ នៅពេលដែលយើងបានសិក្សានិងយល់ដឹងអំពីចំណុចទាំងនេះហើយ នោះភូមិសាស្ត្រគឺជាការយកចំណេះដឹងទាំងនោះដើម្បីធ្វើជាស្ពានដើម្បីបែងចែកតម្លៃដែលពួកគេមានចេញពីគ្នា ហើយស្របពេលនោះ ក៏ដើម្បីជម្រុញឱ្យមនុស្សរស់នៅនិងទទួលស្គាល់គ្នាទៅវិញទៅមក។” 

ជាការពិតណាស់ ការសិក្សាអំពីភូមិសាស្ត្រមិនត្រឹមតែសិក្សាអំពីតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវសិក្សាអំពីបរិបទសង្គម បរិស្ថាន របៀបរបបរស់នៅនិងវប្បធម៌របស់មនុស្សក្នុងតំបន់ផងដែរ។ ដូច្នេះ ដើម្បីយល់ដឹងអំពីភូមិសាស្ត្របន្ថែមមួយកម្រិតទៀត យើងនឹងសិក្សាដោយបែងចែកភូមិសាស្ត្រជាបួនប្រភេទធំៗទៀតរួមមាន៖ ភូមិសាស្ត្រមនុស្ស (Human geography) រូបភូមិសាស្ត្រ (Physical geography) ភូមិសាស្ត្របរិស្ថាន (Environmental geography) និង  មុខវិជ្ជាគំនូសតាង(Academic subject of cartography)។ 

១- ភូមិសាស្ត្រមនុស្ស (Human geography) សំដៅដល់ការសិក្សាអំពីព័ត៌មានចម្បងៗនៃភូមិសាស្ត្រដែលរួមមាន ការសិក្សាអំពីមនុស្ស វប្បធម៌ សេដ្ឋកិច្ច ព្រមទាំងបរិបទក្នុងសង្គម រួមបញ្ចូលទាំងការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមករវាងមនុស្សក្នុងតំបន់ផងដែរ។ 

២- រូបភូមិសាស្ត្រ (Physical geography) សំដៅដល់ការសិក្សាអំពីរូបវិទ្យានៃភពផែនដី ពោលគឺលក្ខណៈនិងសណ្ឋាននៃភពផែនដីផ្ទាល់តែម្តង ដែលរួមបញ្ចូលទាំងសណ្ឋានដីស្រទាប់ខាងលើ ស្រទាប់ខាងក្នុង ជីវភូមិសាស្ត្រ ប្រភពទឹក (រួមមានទាំងទឹកសាប និងទឹកប្រៃ) អាកាសធាតុ និងការសិក្សាអំពីដើមកំណើតនិងការវិវត្តន៍ទម្រង់ដីផងដែរ។ 

៣- ភូមិសាស្ត្របរិស្ថាន (Environmental geography) សំដៅដល់ការសិក្សាដែលរួមបញ្ចូលនូវកត្តាដូចជា ទំនាក់ទំនងរវាងមនុស្សនិងបរិស្ថាន និងផលប៉ះពាល់នៃបរិស្ថានដែលបង្កឡើងដោយមនុស្សផ្ទាល់។ បច្ចុប្បន្ននេះផងដែរ មានបាតុភូតធម្មជាតិជាច្រើនដែលកើតឡើងដោយសារមនុស្សផ្ទាល់ ដូចជាបន្លាស់ប្តូរអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត បន្ទុះភ្នំភ្លើងជាដើម។ មិនតែប៉ុណ្ណោះ ភូមិសាស្ត្របរិស្ថានក៏បញ្ចូលការសិក្សាអំពីកត្តានយោបាយ សេដ្ឋកិច្ច វប្បធម៌ និង កត្តាសង្គមក្នុងការសិក្សាអំពីផលប៉ះពាល់និងការផ្លាស់ប្តូរបរិស្ថានផងដែរ។ 

៤- មុខវិជ្ជាគំនូសតាង(Academic subject of cartography) សំដៅដល់ការសិក្សាអំពីការគូសផែនទី ដ៏ល្អឥតខ្ចោះមួយ បង្កភាពងាយស្រួលក្នុងការយល់និងស្គាល់អំពីទីតាំងភូមិសាស្ត្រ ភាពច្បាស់លាស់នៃគំនូសផែនទី ជាពិសេស ភាពត្រឹមត្រូវរវាងផែនទីធៀបជាមួយនឹងទីតាំងពិតប្រាកដផងដែរ។ 

ដូចនេះ ភូមិសាស្ត្រមិនមែនគ្រាន់តែជាការស្គាល់អំពីប្រទេសឬតំបន់ដែលបង្ហាញឡើងនៅក្នុងផែនទីនោះទេ ប៉ុន្តែវាគឺជាការសិក្សាអំពីទំនាក់ទំនងរវាងបរិស្ថាន និង មនុស្សផងដែរ។ 

-----
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា
កែសម្រួលដោយ៖ ជុំ អូវីស្សា 
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia 
សម្រាប់អត្ថបទវេបសាយ 

ឯកសារយោង
Super Prof. (2019). Different Types of Geography. Retrieved from https://www.superprof.co.uk/blog/identifying-the-distinct-types-of-geography/

Comments