ប្រវតិ្តនៃការវិវត្តន៍អំពូលភ្លើង

នៅឆ្នាំ ១៨០២ ហាំហ្វ្រី ដេវី បានបង្កើតពន្លឺភ្លើងអគ្គិសនីដំបូងបំផុតតាមរយៈការធ្វើពិសោធន៍ជាមួយអគ្គិសនី ព្រមទាំងបង្កើតបានជាថ្មអាគុយមួយដោយប្រើអគ្គិសនី។ នៅពេលដែលលោកតភ្ជាប់ខ្សែមួយជាមួយថ្មអាគុយ និងបន្ទះកាបូនមួយ នោះបន្ទះកាបូននោះបានចាប់ផ្តើមភ្លឺរហូតបង្កើតបានជាពន្លឺ។ ការបង្កើតឡើងរបស់លោកត្រូវបានគេស្គាល់ថាជា អំពូលភ្លើងអគ្គសនី។ ប៉ុន្តែរបកគំហើញនេះមិនទាន់ទទួលបានភាពជោគជ័យទាំងស្រុងនោះទេ ដោយសារតែអំពូលភ្លើងនោះភ្លឺមិនបានយូរ ហើយពន្លឺក៏ភ្លឺខ្លាំងពេកមិនអាចប្រើប្រាស់ទូទៅបានទេ។  

ប៉ុន្តែអំពូលអគ្គិសនីនៅតែបន្តការវិវត្តន៍ទៅមុខជាលំដាប់។ ប្រមាណជា ៧ទស្សវត្សក្រោយមកក៏មានវិនិយោគិនជាច្រើនដែលបានបង្កើតអំពូលភ្លើង ក៏ប៉ុន្តែការកែច្នៃរបស់ពួកគេមិនមែនដើម្បីដាក់លក់នៅលើទីផ្សារនោះទេ។ រហូតមកដល់ឆ្នាំ ១៨៤០ មានអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស លោក វរេន ដឹ ឡា រូ (Warren de la Rue) បានភ្ជាប់របុំផ្លាទីនដើម្បីឱ្យចរន្តអគ្គិសនីឆ្លងកាត់និងធ្វើឱ្យអំពូលភ្លើងភ្លឺបានយូរ។ របកគំហើញនេះ បានធ្វើឱ្យអំពូលភ្លើងភ្លឺបានយូរ ប៉ុន្តែដោយសារផ្លាទីនមានតម្លៃថ្លៃពេក ធ្វើឱ្យការរកឃើញនេះមិនអាចយកមកដាក់លក់នៅទីផ្សារសម្រាប់មនុស្សទូទៅបានទេ។ បន្ទាប់មកទៀត នៅឆ្នាំ ១៨៥០ រូបវិទូជនជាតិអង់គ្លេស លោក ចូសេហ្វ វីលសុន ស្វន (Joseph Wilson Swan) បានបង្កើតអំពូលភ្លើងដោយភ្ជាប់សរសៃក្រដាសកាបូនជាមួយនឹងអំពូលធ្វើអំពីកែវ។ នាឆ្នាំ ១៩៦០ គាត់ក៏បានបង្កើតទៅជាគំរូអំពូលភ្លើង ប៉ុន្តែដោយសារតែចរន្តអគ្គិសនីមិនគ្រប់គ្រាន់ ព្រមទាំងមិនមានឧបករណ៍ស្រូបខ្យល់ល្អ ធ្វើឱ្យអំពូលនេះមិនអាចត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពនោះទេ។ ក្រោយមកដោយសារតែចាប់ផ្តើមមានឧបករណ៍ស្រូបខ្យល់ពីអំពូលភ្លើង នៅឆ្នាំ ១៨៧៨ លោកស្វន បានបង្កើតអំពូលភ្លើងដែលអាចឆេះក្នុងរយៈពេលយូរ ព្រមទាំងបានប្រើប្រាស់សរសៃកប្បាសដើម្បីចៀសវាងអំពូលភ្លើងឡើងខ្មៅក្រោយពីឆេះរួចផងដែរ។ 

ក្នុងឆ្នាំដដែលនេះ ក្រោយពីបានទិញបណ្ណប៉ាតង់ពីអ្នកវិទ្យាសាស្ត្រផ្សេងៗរួច លោកថូម៉ាស អេឌីសុន (Thomas Edison) បានចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមទៅលើអំពូលភ្លើងនេះ ធ្វើយ៉ាងណាអាចលក់អំពូលភ្លើងទាំងនោះនៅលើទីផ្សារបាន។ ក្រោយពីការធ្វើការពិសោធន៍និងស្រាវជ្រាវប្រមាណជាពីរឆ្នាំ ក្រុមអ្នកវិទ្យសាស្រ្តរបស់លោកអេឌីសុន បានរកឃើញការបង្កើតអំពូលភ្លើងដែលអាចឆេះរហូតដល់ទៅ ១២០០ម៉ោង តាមរយៈការប្រើសរសៃឬស្សីជំនួសឱ្យសរសៃកាបូន និងសរសៃកប្បាស។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការចាប់ផ្តើមនៃការបង្កើតអំពូលភ្លើងដើម្បីដាក់លក់នៅលើទីផ្សារ ហើយនាឆ្នាំ១៨៨០ ក្រុមហ៊ុន Edison Electric Light បានចាប់ផ្តើមដាក់លក់ផលិតផលរបស់គាត់នៅលើទីផ្សារហើយទទួលជោគជ័យយ៉ាងខ្លាំង។ 

-----------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា 

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia 

ឯកសារយោង

Bulbs.com. (n.d.) History of Light Bulb. Retrieved from  https://www.bulbs.com/learning/history.aspx#:~:text=In%201802%2C%20Humphry%20Davy%20invented,as%20the%20Electric%20Arc%20lamp.



Comments