តើអ្នកបានដឹងអ្វីខ្លះអំពីឫស្សី?


ឫស្សីគឺជារុក្ខជាតិមួយប្រភេទដុះទំពាំងបែកចេញជាគុម្ព ដើមមានថ្នាំង និងមានច្រើនប្រភេទ ងាយក្នុងការលូតលាស់ មិនពិបាកថែទាំ និងមានដើមរឹងមាំដោយសាររចនាសម្ព័ន្ធឬស។ បច្ចុប្បន្ននៅប្រទេសកម្ពុជាមានឫស្សីប្រមាណ ១១ប្រភេទ។ ឫស្សីមានប្រយោជន៍ទាំងដើម ស្លឹក និងទំពាំង ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌។ 

បរិស្ថាន៖ ឫស្សីអាចបង្កើតជាគម្របព្រៃពណ៌បៃតង កាត់បន្ថយបម្រែបម្រួលអាកាសធាតុ ស្រូបយកឧស្ម័នកាបូនិចនិងបញ្ចេញឧស្ម័នអុកស៊ីសែន ការពារការហូរច្រោះនិងសឹករេចរឹលដី ការពារខ្យល់និងទប់សំឡេងខ្យល់ព្យុះ និងការពារពីការរញ្ជួយដីផងដែរ។

សេដ្ឋកិច្ច៖ ដើមឫស្សីនេះអាចកែច្នៃជាផលិតផលជាង ៣,០០០ មុខ។ ដើមឫស្សីក៏អាចយកទៅធ្វើវត្ថុធាតុដើមដ៏សំខាន់បំផុតដូចជាការកែឆ្នៃធ្វើជាក្រដាសសរសេរ អាចយកទៅកៀបធ្វើជាក្តារបន្ទះ ក្តារប៉ាកកេ និងគ្រឿងសង្ហារឹមជាដើម។ រីឯស្លឹកឫស្សីអាចយកទៅកែច្នៃធ្វើជា   ឱសថ ឬធ្វើជាឡេជាដើម។ ទំពាំងឫស្សីមានផ្ទុកសារធាតុវីតាមីននិងហ្វៃប័រ ដែលគេអាចយកវាទៅធ្វើជាបន្លែ គ្រឿងកំប៉ុង ឬជ្រក់ទុកទទួលទានបានផងដែរ។ នៅក្នុងប្រទេសចិន គេអាចយកឫស្សីទៅកែច្នៃធ្វើជាក្រណាត់បានយ៉ាងស្រស់ប្រណិត។

សង្គម៖ ឫស្សីក៏អាចធ្វើជាសួន ឬដាំធ្វើជាម្លប់សម្រាប់អង្គុយលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ ព្រៃឫស្សីនៅទីក្រុងក្យូតូ ប្រទេសជប៉ុនបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងល្បីល្បាញ។ សម្រាប់ប្រជាកសិករស្រុកស្រែចំការឫស្សីត្រូវបានយកទៅធ្វើជាឧបករណ៍នេសាទដូចជាបំពង់ ទ្រូ លប អង្រុត និងការសាងសង់ដូចជារោង ខ្ទម ឬលំនៅដ្ឋានខ្នាតតូច ហើយនិងជារបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀតដូចជាយកទៅធ្វើជាបង្អោង កញ្រ្ចែង ល្អី ជាដើម។ 

វប្បធម៌៖ គេអាចយកឫស្សីទៅធ្វើជាឧបករណ៍ភ្លេងបានជាច្រើនមុខ ដូចជាខ្លុយ ប៉ី រនាត និងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខទៀត។ សម្រាប់ជាតិចិន និងជប៉ុន ឫស្សីមានអត្ថន័យជាច្រើនយ៉ាងនៅក្នុងជំនឿដូចជាតំណាងឱ្យភាពរុងរឿង ភាពល្អបរិសុទ្ធ និងបណ្ដេញចេញនូវរឿងមិនល្អជាដើម។ យើងក៏អាចសង្កេតឃើញថា ឫស្សីត្រូវបានប្រើនូវក្នុងពិធីបុណ្យប្រពៃណីជប៉ុន សិល្បៈ និងមាននៅក្នុងតំណាលរឿងអក្សរល្ប៍ក្នុងរូបភាពជាច្រើនយ៉ាង។ 

-----

ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

FRESH NEWS (2020). អត្ថប្រយោជន៍ដើមឫស្សីមានរហូតទៅដល់ជាង ៣ពាន់មុខ. Retrieved from:http://freshnewsasia.com/index.php/en/localnews/170162-2020-09-07-03-44-56.html 

Thought Co. (Namiko Abe, 2019). Bamboo and Japanese Culture. Retrieved from: https://www.thoughtco.com/bamboo-in-japanese-culture2028043#:~:text=Bamboo%20is%20a%20very%20strong,would%20hold%20the% 20earth%20together.


Comments