តើអ្នកបានដឹងអ្វីខ្លះអំពីពណ៌បៃតង?

 

ការស្រាវជ្រាវផ្នែកចិត្តវិទ្យាទៅលើពណ៌បានលើកឡើងថា ពណ៌មានឥទ្ធិពលដល់ផ្លូវចិត្ត និងអារម្មណ៍។  ឥទ្ធិពលទាំងនេះទាក់ទងនឹងគុណភាពនៃពណ៌ ការយល់ឃើញតាមរយៈបទពិសោធន៍ និងឥទ្ធិពលនៃវប្បធម៌។ សម្រាប់មនុស្សជាច្រើន យល់ស្របថាពណ៌បៃតងមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយធម្មជាតិ ដូចជាពណ៌បៃតងខៀវស្រងាត់នៃស្មៅ ដើមឈើ និងព្រៃឈើ។ ពណ៌បៃតងត្រូវបានគេចាត់ទុកថា ជាពណ៌តំណាងឱ្យធម្មជាតិ បរិស្ថាន ភាពស្រស់ស្រាយ ស្ងប់ស្ងាត់ និងសុវត្ថិភាព។

ពណ៌បៃតងជាល្បាយនៃពណ៌ខៀវនិងពណ៌លឿង ដែលអាចមើលឃើញគ្រប់ទីកន្លែង។ តាមពិត ភ្នែកមនុស្សមើលឃើញពណ៌បៃតងប្រសើរជាងពណ៌ផ្សេង។ យើងឃើញពណ៌បៃតងយ៉ាងងាយស្រួល ដោយសារពន្លឺចូលដល់ភ្នែករបស់យើង។ នៅក្នុងវិសាលគមនៃរលកពន្លឺ និងពណ៌ មនុស្សយើងមើលឃើញពណ៌ចម្បងបីគឺពណ៌ខៀវ បៃតង និងក្រហម។  ជាទូទៅ ពណ៌ចម្បងនីមួយៗត្រូវគ្នាទៅនឹងរលកពន្លឺខុសៗគ្នា ដោយចាប់ផ្តើមពីមើលឈឃើញពណ៌ខៀវនៅកម្រិតរលកពន្លឺទាបបំផុត (៤០០ ណាណូម៉ែត្រ) ពណ៌ក្រហមនៅកម្រិតខ្ពស់បំផុត (៧០០ ម៉ែត្រ) និងពណ៌បៃតងនៅចម្លោះកណ្ដាលប្រហែល (៥៥៥ ណាណូម៉ែត្រ)។ ប្រវែងរលកនេះមនុស្សអាចមើលឃើញពណ៌បានល្អបំផុត។ បន្ថែមពីនេះ ដោយសារតែទីតាំងរបស់រលកពន្លឺពណ៌បៃតងនៅចំកណ្តាលរលកពន្លឺពណ៌ខៀវ និងពណ៌ក្រហម វាបានធ្វើឱ្យយើងអាចមើលឃើញពណ៌ពីរនេះ ឬ ពណ៌ផ្សេងៗទៀតបានកាន់តែប្រសើរដោយសារជំនួយពីរលកពណ៌បៃតង។ 

ពណ៌បៃតងក៏តំណាងឱ្យន័យ «ទៅ» សម្រាប់ភ្លើងសញ្ញាចរាចរណ៍ផងដែរ។ ជាសកលលោកពណ៌បៃតងត្រូវបានគេស្គាល់ថាជាពណ៌តំណាងឱ្យសុវត្ថិភាព។ នៅក្នុងប្រទេសភាគច្រើនលើពិភពលោក មានភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។ ហេតុ ផលនេះ ក៏អាចដោយសារពណ៌បៃតងជាពណ៌ដែលមានភាពល្អប្រសើរសម្រាប់មើលឃើញនៅតាមដងផ្លូវផងដែរ។ 

-----

ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង

កែសម្រួលដោយ៖ ជ័ង យៀកលីន

រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

CNN (Robert Jimison, 2017). Why we all need green in our lives? Retrieved from: https://tinyurl.com/yy5uwum4

The Fact Site (Luke Ward, 2022). 10 Great Facts About The Color Green. Retrieved from: https://tinyurl.com/3b9twx53

verywellmind (Kendra Cherry, 2022). Green in Color Psychology. Retrieved from: https://www.verywellmind.com/color-psychology-green-2795817#:~:text=see%20cool%20colors.-,1,phrase%20%22turning%20green.%222


Comments