ពាក្យ "ទេ" មួយម៉ាត់ស្ដាប់ទៅខ្លីតែមានន័យជ្រៅ និងអាចចាក់ទម្លុះបេះដូងភាគីម្ខាងទៀតឱ្យបែកខ្ទេចខ្ទីបាន។ មនុស្សភាគច្រើនបានប្រើចម្លើយថា"ទេ" ដើម្បីបដិសេធនូវក្ដីស្រលាញ់របស់អ្នកដទៃ ខណ:ដែលមនុស្សមួយចំនួនបង្ខំចិត្តឆ្លើយវិជ្ជមានព្រោះខ្លាចដៃគូម្ខាងទៀតខូចចិត្ត។ បេះដូងជារបស់អ្នក ក្ដីស្រលាញ់ក៏អ្នកជាអ្នកបង្កើត និងត្រូវរស់នៅជាមួយ ហេតុនេះបើពុំបានស្រលាញ់គេវិញទេអ្នកត្រូវក្លាហានឆ្លើយបដិសេធ ព្រមជាមួយនឹងប៉ិនប្រសប់ក្នុងការនិយាយដើម្បីកុំឱ្យគេ ខូចចិត្តឬមានអារម្មណ៍ថាខ្មាសអៀនខ្លាំងចំពោះអ្នកផងដែរ។
១- ផ្ញើសារបដិសេធ៖ ប្រសិនបើត្រូវទទួលចម្លើយបដិសេធនៅចំពោះមុខមនុស្សដែលខ្លួនបានសារភាព លែងអីនឹងមានអារម្មណ៍ថាខ្មាសអៀន និងអន់ចិត្តនោះ។ ដូចនេះវិធីសាស្ត្រផ្ញើសារគឺជាជម្រើសដ៏ល្អបំផុតព្រោះអាចធ្វើឱ្យគេធ្វើចិត្តបានដោយខ្លួនឯងមុននឹងត្រូវចួបអ្នកលើកក្រោយទៀត។
២- សុំពេលវេលាឆ្លើយតបនៅពេលក្រោយ៖ បើអ្នករារែក ឬគ្មានសមាធិគ្រប់គ្រាន់ក្នុងការឆ្លើយបដិសេធទេ អ្នកគួរសុំពេលវេលាដើម្បីធ្វើការសម្រេចចិត្ត។ ការទុកពេលវេលាសមស្របដើម្បីឆ្លើយតប នោះក៏ជាគន្លឹះមួយដែលអាចធ្វើឱ្យអ្នករកឃើញនូវហេតុផលល្អបំផុតក្នុងការបដិសេធផងដែរ។
៣- និយាយពីគុណសម្បត្តិ បន្ទាប់មកនិយាយពីចំណុចខ្វះខាត៖ មនុស្សតែងមានចំណុចខ្វះខាត អ្នកអាចទាញភាពខ្វះទាំងនោះជាហេតុផលបដិសេធព្រោះអ្នកគិតថាមិនសក្តិសមតាមអ្វីដែលអ្នកកំណត់ក៏បាន។ ដំបូងអ្នកអាចប្រាប់ពីគុណសម្បត្តិរបស់គេ បន្ទាប់មកប្រាប់ពីចំណុចដែលអ្នកនៅស្ទាក់ស្ទើរ ឬអាចនិយាយបានថាចំពោះភាពខ្វះខាតនេះអ្នកសង្ឃឹមថាគេអាចនឹងកែប្រែឱ្យល្អនៅលើកក្រោយទៀត។
៤- ប្រាប់គេថានៅមិនទាន់ចង់ទទួលនរណា៖ មិនទាន់ចង់ទទួលនរណានៅពេលនេះគឺអាចនឹងទទួលនៅពេលក្រោយ។ ហេតុនេះកុំឆ្លើយបដិសេធដាច់ខាតទាំងស្រុង កុំអាលរុញគេចេញភ្លាមៗដោយសារអ្នកមិនទាន់បានរៀបចំខ្លួនរួចរាល់ដើម្បីទទួលស្នេហានេះ ព្រោះជួនកាលភាពស្និទ្ធស្នាលយូរៗអាចបណ្ដាលឱ្យអ្នកមានចិត្តលើគេវិញក៏ថាបាន។
ការបដិសេធដែលត្រឹមត្រូវនឹងនាំមកនូវមិត្តភាព ឯការបដិសេធដាច់អហង្ការពេកគឺបានត្រឹមតែធ្វើឱ្យម្នាក់ៗពិបាកក្នុងការប្រឈមមុខដាក់គ្នាប៉ុណ្ណោះ។ បើគ្រាន់តែគេស្រលាញ់អ្នក តើចាំបាច់ដល់ថ្នាក់ផ្ដល់ចម្លើយមួយដែលធ្វើឱ្យគេឈឺចាប់ខ្លាំង និងរងភាពអាម៉ាស់ពីមនុស្សដែលគេស្រលាញ់ធ្វើអ្វី៕
-------------
អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ ជុំ អូវីស្សា
©គ្រឹះស្ថាន ស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖- https://kanha.sabay.com.kh/article/1141597
- https://m.tnaot.com/zh/m/detail/article/12337325
- https://cambonomist.com/articles/how-to-say-no-at-work/
Comments
Post a Comment