ចំណេះដឹងដែលគួរឱ្យចាប់អារម្មណ៍ជុំវិញសកលលោក


 
តើអ្នកដឹងទេថា នៅក្នុងពិភពលោកមួយដែលចម្រុះពណ៌នេះមានអ្វីអស្ចារ្យកើតឡើងខ្លះ? ពេលខ្លះវាហាក់បីដូចជាមិនអាចទៅរួច ឬអ្នកគ្រាន់តែគិតថាជាការប្រឌិត ប៉ុន្តែអ្នកគួរតែស្វែងយល់ថាភពផែនដីនេះមានរឿងប្លែកៗជាច្រើនដែលអ្នកមិនបានដឹងនិងអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាស្ញប់ស្ញែង។

១- បឹងពណ៌ផ្កាឈូកក្នុងប្រទេសអូស្រ្តាលី។ បឹងនោះមានឈ្មោះថា Hillier គឺជាបឹងដែលស្ថិតនៅគែមកោះ ឈៀងខាងលិចប្រទេសអូស្រ្តាលី។ វាគឺជាបឹងមួយដែលល្បីជាងគេក្នុងចំណោមបឹងទាំងអស់ដែលមាននៅក្នុងប្រទេសអូស្រ្តាលី ដោយសារវាមានពណ៌ផ្កាឈូកពេញមួយឆ្នាំ អ្វីដែលគួរឱ្យចម្លែកទៀតនោះបឹងនេះមានទឹកប្រៃ ហើយក៏គ្មានត្រីរស់នៅដែរ

២- នៅក្នុងពិភពលោកសត្វរស់នៅក្នុងទឹកដែលមានអាយុវែងជាងគេគឺ ត្រីឆ្លាម Greenland។ ត្រីឆ្លាមប្រភេទនេះអាចរស់នៅបានចន្លោះពី២៥០ទៅ៥០០ឆ្នាំនៃជីវិតរបស់វា។ វាមានពណ៌ប្រផេះនិងរស់នៅក្នុងមហាសមុទ្រអាកទិចនិងភាគខាងជើងមហាសមុទ្រអាត្លង់ទិច

៣- ទឹកសមុទ្រផ្ទុកទៅដោយវីរុសរាប់លានប្រភេទខុសៗគ្នា។ ពិតមែនតែទឹកសមុទ្រមានរសជាតិប្រៃ ប៉ុន្តែពោរពេញទៅដោយមីក្រូសារពាង្គកាយមានដូចជា វីរុស បាក់តេរីជាដើម។ ភាគច្រើននៃពួកវាគឺជាអ្នកបំផ្លាញបាក់តេរីចង្រៃដែលបង្កជំងឺនិងជាអ្នកគ្រប់គ្រងការលូតលាស់ phytoplankton(រុក្ខជាតិតូចបំផុតដែលអណ្ដែតនៅផ្ទៃខាងលើទឹក) ជាមូលដ្ឋាននៃបណ្ដាញអាហារសមុទ្រ

៤- បាល់ទាត់គឺជាកីឡាដែលពេញនិយមបំផុតនៅក្នុងពិភពលោក។ កីឡានេះមានអ្នកគាំទ្រចំនួន ៤ ០០០ លាននាក់ពាសពេញពិភពលោកទាំងអ្នកលេងនិងទស្សនិកជន។ បាល់ទាត់ត្រូវបានបង្កើតឡើងដំបូងនៅក្នុងចក្រភពអង់គ្លេសគឹឆ្នាំ១៨៦៣

៥- សត្វគោឈ្មោលនឹងមានអារម្មណ៍ថាខឹងនៅពេលដែលឃើញពណ៌ក្រហម។ តើវាជាការពិតដែរឬទេ? ហេតុអ្វី? នេះក៏ដោយសារសត្វគោឈ្មោលមិនអាចបែងចែកបានថាជាពណ៌ក្រហមឬពណ៌អ្វីផ្សេង ពួកវាមានអារម្មណ៍ថាមានគ្រោះថ្នាក់ទើបច្របូកច្របល់ ឆ្លេឆ្លានិងចាប់ផ្ដើមមួម៉ៅក្ដៅក្រហាយ

៦- ឥន្ទនូនៅពេលយប់។ នៅពេលដែលព្យុះភ្លៀងស្ងប់ស្ងាត់ ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺ អ្នកប្រាកដជាមានសំណាងបានឃើញឥន្ទនូរះនៅលើមេឃ ប៉ុន្តែអ្នកដឹងទេថា អ្នកក៏អាចបានឃើញអ្វីដែលអស្ចារ្យជាងនេះទៅទៀតនៅពេលយប់។ ឥន្ទនូពេលយប់កើតឡើងដោយសារពន្លឺនៃព្រះចន្ទច្រើនជាងពន្លឺព្រះអាទិត្យ នៅពេលដែលព្រះចន្ទពេញវង់ មេឃងងឹតគ្មានពពកបាំងនិងជាពេល២ទៅ៣ម៉ោងមុនព្រះអាទិត្យរះ។ 

------------

អត្ថបទដោយ: ឈុនណា សុនិតា

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ឯកសារយោង៖

https://londonerinsydney.com/pink-lakes-in-australia/

https://en.m.wikipedia.org/wiki/Greenland_shark

https://en.m.wikipedia.org/wiki/Moonbow#:~:text=Moonbows%20happen%20in%20this%20part,months%20of%20December%20through%20February

https://www.centreofthecell.org/blog/science-questions/are-bulls-enraged-by-the-colour-red/#:~:text=In%20fact%2C%20bulls%20are%20actually,Flight'%20response%20to%20become%20activated




Comments