គ្រាប់បែកអាតូមិក


នៅពេលដែលរំលឹកទៅដល់អតីតកាលនៃប្រវត្តិសាស្ត្រពិភពលោក មនុស្សគ្រប់គ្នាមិនអាចបំភ្លេចបានទេនូវព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ ក៏ដូចជាការប្រើប្រាស់អាវុធប្រល័យលោកដំបូងបំផុតដោយសហរដ្ឋអាមេរិកទៅលើប្រទេសជប៉ុនកាលពីថ្ងៃទី៦ និងថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី ដែលជម្រុញឱ្យប្រទេសជប៉ុនបានសម្រេចចិត្តចុះចាញ់សង្រ្គាមលោកលើកទី២នេះ។ គ្រាប់បែកអាតូមិកឬគ្រាប់បែកនុយក្លេអ៊ែរ ជាប្រភេទគ្រាប់បំផ្ទុះសាយភាយសារធាតុវិទ្យុសកម្ម

នុយក្លេអ៊ែរ ធ្វើឱ្យអ្នកដែលរងផលប៉ះពាល់ផ្ទាល់ស្លាប់ភ្លាមៗ ចំណែកឯអ្នករងវិទ្យុសកម្មដោយប្រយោលចួបប្រទះបញ្ហាសើស្បែក ពិការអវៈយវៈ និងរងផលប៉ះពាល់ផ្លូវចិត្តជាខ្លាំង។ មិនតែប៉ុណ្ណោះ ផលប៉ះពាល់នៃវិទ្យុសកម្មធ្វើឱ្យប្រជាជនជំនាន់ក្រោយរបស់ប្រទេសជប៉ុនរងនូវផលប៉ះពាល់ដូចជាបញ្ហាសើស្បែក និងពិការភាពថែមទៀតផង។ ការទម្លាក់គ្រាប់បែកនេះត្រូវបានសន្មតថាមានអ្នកស្លាប់បាត់បង់ជីវិតចំនួនប្រមាណ ១៤០,០០០ នាក់ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ប្រមាណ ៧៤,០០០ នាក់ នៅក្នុងទីក្រុងណាហ្កាសាគី។ ចំណែកឯអ្នកដែលបានរស់រានមានជីវិត តែងតែរស់នៅក្នុងភាពភ័យខ្លាច និងមានផលប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តជាដំណំ។ 

មុននឹងសហរដ្ឋអាមេរិកសម្រេចចិត្តទម្លាក់គ្រាប់បែកទាំងពីរនេះ ប្រទេសសម្ព័ន្ធបានទាមទារឱ្យប្រទេសជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២ចាប់តាំងពីការតទល់គ្នានៅទ្វីបអ៊ឺរ៉ុបត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៤៥ ដោយកំណត់ឱ្យប្រទេសជប៉ុនប្រកាសចុះចាញ់ត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៤៥ ប៉ុន្តែជាក់ស្តែងប្រទេសជប៉ុនមិនធ្វើតាម ថែមទាំងរឹតបណ្តឹងកម្លាំងកងទ័ពខ្លួននៅទ្វីបអាស៊ីថែមទៀតផង។ ជាលទ្ធផល ការទម្លាក់គ្រាប់បែកនេះបានបណ្តាលឱ្យសង្រ្គាមនៅក្នុងទ្វីបអាស៊ីរវាងប្រទេសសេរីនិយម និងប្រទេសជប៉ុនត្រូវបានបញ្ចប់ភ្លាមៗ ហើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ ប្រទេសជប៉ុនបានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ជាស្ថាពរ។ 

នាថ្ងៃទី១៤ ខែសីហា បន្ទាប់ពីប្រទេសជប៉ុនបានប្រកាសចុះចាញ់សង្រ្គាម ប្រធានាធិបតី ទ្រូមែន (Truman) នៃសហរដ្ឋអាមេរិកបានថ្លែងក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋថា “នេះជាថ្ងៃដែលពួកយើងបានទន្ទឹងរងចាំចាប់តាំងពីថ្ងៃដែលប្រទេសជប៉ុនបានវាយប្រហារ កំពង់ផែអាមេរិក (Pearl Harbor)។ ថ្ងៃនេះក៏ជាថ្ងៃដែលរបបហ្វាស៊ីសនិយមត្រូវបានបញ្ចប់ដូចដែលយើងបានគ្រោងទុកមែន។” នាថ្ងៃបន្ទាប់  ព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ នៃប្រទេសជប៉ុន ក៏បានថ្លែងជាលើកដំបូងបំផុតតាមរយៈវិទ្យុ ដោយបានចោទប្រកាន់ទៅលើ “ការប្រើប្រាស់គ្រាប់បែកថ្មីដែលឃោរឃៅបំផុត” ក្នុងការបង្ខំឱ្យប្រទេសជប៉ុនចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ។ លោកបានបន្តទៀតថា “ប្រសិនបើយើងបន្តសង្រ្គាមនេះតទៅទៀត មិនត្រឹមតែប្រទេស

ជប៉ុនទេដែលរងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែកអាតូមិក ប៉ុន្តែអរិយធម៌របស់មនុស្សលោកទាំងមូលនឹងផុតពូជផងដែរ។” មកទល់ពេលនេះ ការទម្លាក់គ្រាប់បែកអាតូមិកទៅលើប្រទេសជប៉ុនមានរយៈពេល ៧៧ឆ្នាំហើយ ហើយស្នាមទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាបានក្លាយទៅជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីក្រើនរំលឹកដល់សោកនាដកម្មនេះ។ 


-----------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា 

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia 

ឯកសារយោង

BBC News. (2020). Hiroshima and Nagasaki: 75th anniversary of atomic bombings. Retrieved from https://www.bbc.com/news/in-pictures-53648572.


Khan Academy. (n.d.). The atomic bomb & the Manhattan project (article). Retrieved from https://www.khanacademy.org/humanities/us-history/rise-to-world-power/us-wwii/a/the-manhattan-project-and-the-atomic-bomb.



Comments