អាយុកាន់តែច្រើនទំនួលខុសត្រូវក៏កាន់តែច្រើន ការសិក្សា ការងារ បញ្ហាហិរញ្ញវត្ថុ គ្រួសារ មិត្តភក្តិ និងស្នេហាជាកត្តាដែលអាចធ្វើឱ្យមនុស្សមួយចំនួនប្រឈមទៅនឹងការបាក់ទឹកចិត្ត។ ខាងក្រោមនេះ គឺជាចំណុចគន្លឹះ ១០ ចំណុចជួយអ្នកពេលបាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធភាព៖
១- កាត់បន្ថយការរំពឹងទុក៖ ការរំពឹងកាន់តែខ្លាំង ការឈឺចាប់ក៏កាន់តែខ្លាំង នៅពេលដែលលទ្ធផលនោះមិនសមតាមបំណង។ ដូចនេះ អ្នកត្រូវធ្វើឱ្យបាននូវតុល្យភាពរវាងការរំពឹងទុក និងលទ្ធផលជាក់ស្តែងដែលនឹងអាចកើតមានឡើង
២- បំភ្លេចចោលនូវពាក្យថា ល្អឥតខ្ចោះ៖ ការទាមទារនូវភាពល្អឥតខ្ចោះខ្លាំងពេក គឺជាដើមចមនៃការបាក់ទឹកចិត្ត។ ពិតណាស់ គ្មានមនុស្សណាល្អឥតខ្ចោះឡើយនៅលើលោកយើងនេះ។ អ្នកអាចនឹងបង្កើតនូវកំហុសខ្លះដោយអចេតនា សូមលើកលែងទោសឱ្យខ្លួនឯង និងរៀនសូត្រពីចំណុចខ្វះខាតទាំងនោះ
៣- ឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ នៅពេលដែលអ្នកប្រៀបធៀបខ្សែជីវិតរបស់អ្នកនឹងអ្នកដទៃ វាមិនបានជួយអ្វីដល់អ្នកនោះទេ ក្រៅតែពីធ្វើឱ្យអ្នកគិតថាខ្លួនមិនល្អគ្រប់គ្រាន់ឬគ្មានបានការជាដើម
៤- ចេះរង់ចាំ៖ អ្នកត្រូវចេះរីករាយជាមួយសមិទ្ធផលតូចដែលអ្នកសម្រេចបាន ព្រោះថាគ្រប់ជោគជ័យធំៗនិងអស្ចារ្យសុទ្ធសឹងតែចាប់ផ្តើមឡើងពីចំណុចតូចៗទាំងអស់
៥- គោលដៅជាធំ៖ មនុស្សម្នាក់ៗតែងតែមានគោលដៅជារបស់ខ្លួនផ្សេងៗពីគ្នា ប៉ុន្តែខុសគ្នាត្រង់ថា អ្នកខ្លះអាចរក្សានិងសម្រេចក្តីស្រមៃរបស់ខ្លួនឯងបាន និងអ្នកខ្លះទៀតបោះបង់ក្តីស្រមៃចោល នៅពេលបាក់ទឹកចិត្ត។ ហេតុនេះ អ្នកត្រូវចេះរំលឹកខ្លួនឯងជាប្រចាំថា ហេតុអ្វីបានជាអ្នកចង់សម្រេចនូវក្តីស្រមៃមួយនេះ?
៦- បញ្ឈប់ការគិតអវិជ្ជមាន៖ នៅពេលខ្លះ អ្នកអាចនឹងគិតរឿងអវិជ្ជមានជាច្រើន ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនត្រូវស្តាប់តាមគំនិតទាំងអស់នោះទេ។ ផ្ទុយមកវិញ សូមអ្នកគិតពីគោលដៅរបស់អ្នក និងជឿថាអ្វីៗទាំងអស់នឹងប្រែជាល្អប្រសើរ នៅពេលដែលអ្នកបានខិតខំប្រឹងប្រែងធ្វើវាឱ្យអស់ពីសមត្ថភាព
៧- ចំណាយពេលជាមួយមនុស្សដែលមានឥទ្ធិពល៖ មនុស្សដែលអ្នកចំណាយពេលវេលានៅជាមួយជាប្រចាំអាចជះឥទ្ធិពលមកលើជីវិតរបស់អ្នក។ ដូច្នេះ សូមជ្រើសរើសមនុស្សដែលផ្តល់នូវគំនិតវិជ្ជមាន និងជួយគាំទ្រអ្នក
៨- សម្រាកឱ្យបានគ្រប់គ្រាន់៖ ទោះបីជាអ្នករវល់នឹងការងារ ឬកំពុងតែស្រវាស្រទេញចង់បាននូវភាពជោគជ័យកម្រិតណាក៏ដោយ អ្នកត្រូវតែយកចិត្តទុកដាក់លើសុខភាព គេងនិងបរិភោគឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារជាដើម
៩- ស្វែងរកជំនួយ៖ មនុស្សគ្រប់គ្នាតែងតែមានមនុស្សម្នាក់ដែលខ្លួនគោរព និងចាត់ទុកដូចជាគ្រូ។ ដូចនេះ អ្នកអាចស្វែងរកជំនួយពីពួកគាត់បានក្នុងការស្វែងរកវិធីសាស្រ្ត និងលើកទឹកចិត្តផងដែរ
១០- មិនរាថយ៖ នៅក្នុងវិថីជីវិតរមែងមានសុខមានទុក្ខជាធម្មតា ហេតុនេះ សូមអ្នកផ្តោតសំខាន់លើក្តីស្រមៃរបស់អ្នក បើទោះជាអ្នកហត់នឿយឬមិនចង់បន្តក៏ដោយ៕
-----
ប្រែសម្រួលដោយ៖ ផាត សុទ្ធារី
កែសម្រួលដោយ៖ ជ័ង យៀកលីន
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖ Rebecca. (n.d). 10 Things to Do When You Are Feeling Discouraged. Minimalism Made Simple. Retrieved from https://www.minimalismmadesimple.com/home/feeling-discouraged/
Comments
Post a Comment