នាសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ មិនថានៅក្នុងសាលារៀន ឬកន្លែងធ្វើការឡើយអ្នកត្រូវស្វែងយល់នូវអ្វីថ្មីៗ និងចាប់យកជំនាញថ្មីៗ ដើម្បីអាចប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម។ ខាងក្រោមនេះជាជំនាញសំខាន់ៗ៤ ដែលអ្នកត្រូវហ្វឹកហាត់ដើម្បីអាចទទួលបានជោគជ័យក្នុងសតវត្សរ៍ទី២១នេះ៖
១- Communication ─ ការប្រាស្រ័យទាក់ទង
ការប្រាស្រ័យទាក់ទង ដែលរាប់បញ្ចូលទាំងការទំនាក់ទំនងដោយពាក្យសំដី(Verbal) និងមិនមែនជាពាក្យសំដី(non-verbal) គឺជាស្នូលនៃការប្រកបការងារគ្រប់យ៉ាងនាពេលបច្ចុប្បន្ន។ ជាការពិតណាស់ គំនិតនៃទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជាពិសេសការប្រើជំនាញទំនាក់ទំនងផ្ទាល់មាត់ និងការទំនាក់ទំនងតាមការសរសេរដោយប្រើប្រាស់អក្ខរាវិរុទ្ធក្នុងទម្រង់និងបរិបទផ្សេងៗគ្នា។ ការចេះប្រាស្រ័យទាក់ទងគ្នាឱ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ក្នុងការធ្វើការងារជាក្រុម ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ/ទំនាក់ទំនង និងបច្ចេកវិទ្យាក៏មានសារៈសំខាន់ណាស់ដែរ ជាពិសេសការយល់ដឹងពីរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ/ទំនាក់ទំនងឱ្យបានត្រឹមត្រូវ និងស្វែងយល់ពីរបៀបវិនិច្ឆ័យពីប្រសិទ្ធភាព និងវាយតម្លៃផលប៉ះពាល់របស់វា គឺជាអ្វីដែលចាំបាច់បំផុតក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ការប្រាស្រ័យទាក់ទងត្រូវបានប្រើប្រាស់ក្នុងគោលបំណងជាច្រើន ពោលគឺ ការផ្តល់ព័ត៌មាន ណែនាំ ការលើកទឹកចិត្ត និងបញ្ចុះបញ្ចូល។ អ្នកត្រូវចងចាំថា ទំនាក់ទំនងល្អជួយឱ្យក្រុមការងារ ស្វែងយល់ពីគ្នាទៅវិញទៅមក ផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរមតិយោបល់ អនុញ្ញាតឱ្យគ្រប់គ្នាយល់ច្បាស់ពីគោលបំណងនៃការងារ និងគោលដៅរួមដែលផ្ដោតសំខាន់លើសមិទ្ធផលការងាររួម។ ការប្រាស្រ័យទាក់ទងគ្នា ជួយកាត់បន្ថយបញ្ហា ធ្វើឱ្យការងារប្រព្រឹត្តិទៅដោយរលូន និងបង្កើនគុណភាពការងារ ដែលជាកំលាំងចលករដ៏សំខាន់ក្នុងការឆ្ពោះទៅកាន់ភាពជោគជ័យ។ នៅក្នុងសតវត្សរ៍ទី២១នេះ មិនថាអ្នកប្រកបការងារ ឬចាប់យកអាជីពអ្វីឡើយ ភាពជោគជ័យរបស់អ្នកនឹងត្រូវបានកំណត់ដោយ ៥%លើការសិក្សារបស់អ្នក ១៥%លើបទពិសោធន៍ការងាររបស់អ្នក និង៨០%ផ្ដោតលើជំនាញទំនាក់ទំនងរបស់អ្នក។
២- Collaboration ─ កិច្ចសហការ
នៅក្នុងសតវត្សរ៍ទី២១នេះអ្វីៗគឺជាកិច្ចសហការគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមមួយ ដូចគ្នានឹងការទាក់ទងដែរ បច្ចេកវិទ្យាបានធ្វើឱ្យកិច្ចសហការកាន់តែងាយស្រួលជាងមុន។ បច្ចេកវិទ្យាបានអនុញ្ញាតឱ្យជំនាញនេះ(កិច្ចសហការ)ឈានទៅកាន់តែឆ្ងាយដែលមិនមានពីមុនមក ឧទាហរណ៍កិច្ចសហការការងារតាមរយៈZoom Meeting Microsoft Team និងបច្ចេកវិទ្យាផ្សេងៗទៀត។ កិច្ចសហការមានសារៈសំខាន់ខ្លាំងណាស់ មិនថាអ្នកជាសិស្ស-និស្សិត បុគ្គលិក អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មនោះឡើយ យើងចាំបាច់ត្រូវការជំនាញនេះព្រោះថាយើងចាំបាច់ត្រូវទំនាក់ទំនងការងារ និងធ្វើការងារជាមួយមនុស្សផ្សេងទៀតពេញមួយជីវិតរបស់យើង។ ការហ្វឹកហាត់ជំនាញកិច្ចសហការ ឬការធ្វើការងារជាក្រុម ជួយអ្នកឱ្យស្វែងយល់ពីការផ្លាស់ប្ដូរយោបល់ ការពិភាក្សាការងារ របៀបដោះស្រាយបញ្ហាផ្សេងៗ កំណត់គោលដៅការងារ និងការសម្រេចចិត្តលើជំរើសដែលល្អបំផុត។ ជំនាញនេះជួយអ្នកឱ្យរៀនសូត្រ និងស្វែងយល់ពីអ្នកដទៃ ដោយផ្អែកលើទស្សនៈថាមនុស្សម្នាក់ៗមិនដូចគ្នាទេ និងតែងតែមានការគិត គំនិត និងទស្សនៈមិនដូចគ្នាឡើយ។
៣- Critical thinking ─ ការត្រិះរិះពិចារណា ឬការគិតបែបវិភាគ
ការត្រិះរិះពិចារណា ឬការគិតបែបវិភាគ គឺជាសមត្ថភាពក្នុងការគិតគូរឬវិភាគលើបញ្ហាអ្វីមួយ យ៉ាងច្បាស់លាស់ និងសមហេតុសមផលបំផុត វារួមបញ្ចូលទាំងសមត្ថភាពក្នុងការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់មុននឹងសំរេចចិត្ត លើកិច្ចការអ្វីមួយ។ ការគិត និងវិភាគបែបនេះអាចជួយឱ្យអ្នកឱ្យចេះប្រៀបធៀបនូវជំរើសផ្សេងៗ និងស្វែងរក ដំណោះស្រាយថ្មីៗ ប្រកបដោយប្រសិទ្ធភាព។ ដើម្បីទទួលបានជោគជ័យក្នុងសតវត្សរ៍ទី២១នេះអ្នកត្រូវរៀនគិត បែបវិភាគ និងឆ្លុះបញ្ចាំង (Reflective thinking) វាជួយឱ្យអ្នកមានម្ចាស់ការលើការគិត និងការវិភាគរបស់អ្នក មានការគិតជាឯករាជ្យ។ ការត្រិះរិះបែបពិចារណាក៏ជួយអ្នកឱ្យសម្លឹងមើលបញ្ហាអ្វីមួយតាមបែបថ្មីៗ និងស្វែងយល់ ក្នុងជ្រុងមួយទៀត ហើយវាក៏ផ្សារភ្ជាប់អ្នកទៅនឹងគំនិត ឬទស្សនៈថ្មីៗ តាមរយៈការរៀនសូត្រ និងបទពិសោធន៍ផ្សេងៗនៃជីវិត។
៤- Creativity ─ ការច្នៃប្រឌិត
ការច្នៃប្រឌិតគឺជាសមត្ថភាពក្នុងការមើលឃើញឱកាសថ្មីៗ បង្កើតគំនិតថ្មី និងការអនុវត្តនៃការគិតបែបច្នៃប្រឌិត (thinking outside the box)។ វាជាការគិត និងការសម្របខ្លួនទៅនឹងស្ថានភាពថ្មីៗដែលផ្លាស់ប្តូរ ការគិតបែបនេះអាចជួយអ្នកឱ្យបង្កើតការស្រមើស្រមៃ និងស្វែងរកការដោះស្រាយលើបញ្ហាស្មុគស្មាញ។ ជាការពិតណាស់ថាការច្នៃប្រឌិតក្លាយជាជំនាញដែលគេទាមទារ និងត្រូវការបំផុតនៅកន្លែងធ្វើការ។ ការច្នៃប្រឌិត និងគិតប្រកបដោយភាពច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ជាច្រើន និងជាក់ស្តែងបំផុតដល់ខ្លួនអ្នក និងស្ថាប័ន ទាំងរយៈពេលខ្លី និងវែង។ ជំនាញនេះផ្តល់ឱកាសឱ្យអ្នកមើលឃើញពីគំនិតថ្មីៗ នៅក្នុងជ្រុងមួយផ្សេងទៀត និងនាំអ្នកទៅរកការបង្កើតគំនិតថ្មីៗ ចម្រុះ និងប្លែក។ ការគិតប្រកបដោយភាពច្នៃប្រឌិត មានន័យថា អ្នកអាចសម្លឹងមើលអ្វីៗពីទស្សនៈផ្សេងៗគ្នា ដោយមិនផ្ដោតលើច្បាប់ទំនៀមទម្លាប់ ឬបទដ្ឋាននោះទេ វាជួយឱ្យអ្នកអាចមើលឃើញបញ្ហាមួយ ពីទស្សនៈផ្សេងគ្នាជាច្រើន — រួមទាំងបញ្ហាដែលដទៃមើលរំលង ឬឱកាសថ្មីៗដែលអ្នកផ្សេងគិតពុំដល់៕
----------
អត្ថបទរៀបរៀងដោយ៖ ហុង វលក្ខណ៍
កែសម្រួលដោយ៖ ជ័ង យៀកលីន
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភពឯកសារ៖ https://www.aeseducation.com/blog/four-cs-21st-century-skills
Comments
Post a Comment