ទិចនិកទន្ទេញមេរៀនឱ្យឆាប់ចាំ

បញ្ហាមួយដែលអ្នកសិក្សាភាគច្រើនតែងចួបប្រទះគឺ ទន្ទេញមេរៀនមិនចាំ។ ការចាំមេរៀនគឺវាពិតជាមានសារៈសំខាន់ណាស់ព្រោះវាអាចជួយសិស្ស-និស្សិតអាចរក្សាទិន្នន័យដែលបានរៀនឱ្យរក្សាទុកបានយូរក្នុងការចងចាំ និងងាយយកទៅប្រើប្រាស់ក្នុងការប្រលងប្រជែងជាដើម។ អ្នកខ្លះគេអាចចងចាំមេរៀនបានយ៉ាងងាយ ឯខ្លះទៀតព្យាយាមទន្ទេញយ៉ាងណាក៏មិនចាំសោះ  នេះអាចមកពីប្រើវិធីសាស្ត្រមិនបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗ ៥យ៉ាង ដែលអ្នកអាចអនុវត្តក្នុងការទន្ទេញមេរៀនឱ្យឆាប់ចាំបាន៖

១- រៀបចំកន្លែងរៀនឱ្យមានសណ្ដាប់ធ្នាប់៖ អ្នកត្រូវរៀបចំកន្លែងសិក្សាឱ្យមានរបៀបរៀបរយ ដើម្បីងាយស្រួលក្នុងការទាញយកសៀវភៅ ឬ ឯកសារផ្សេងៗមកមើល ក៏ដូចជាអាចបង្កើតបរិយាកាសឱ្យអ្នកមានទឹកចិត្តចង់មើលមេរៀនដែរ ព្រោះតុសិក្សាមិនរញ៉េរញ៉ៃ

២- រៀបចំកាលវិភាគឱ្យបានច្បាស់លាស់៖ ត្រូវកំណត់ម៉ោងណាត្រូវទន្ទេញមុខវិជ្ជាអ្វី ដាក់រយៈពេល សម្រាក់ឱ្យបានសមរម្យ និងព្យាយាមអនុវត្តរាល់ថ្ងៃ

៣- ព្យាយាមចាប់យកខ្លឹមសារសំខាន់ៗ ជាជាងទន្ទេញអត្ថបទទាំងមូល៖ ជាដំបូងអ្នកត្រូវអានចំណងជើងជាមុនសិនដើម្បីដឹងថា តើអត្ថបទទាំងមូលគេនិយាយពីអ្វី។ បន្ទាប់មកចាប់ផ្ដើមអានអត្ថបទនិងទាញយកខ្លឹមសារសំខាន់គោលៗ ព្រមទាំងធ្វើការកត់ត្រាចំណុចគោលៗទាំងនោះខ្លះៗផងដែរ

៤- មិនត្រូវដាក់ទូរស័ព្ទនៅជិតខ្លួនទេ៖ លើកលែងត្រូវប្រើអ៊ីនធើណែតស្រាវជ្រាវ ក្រៅអំពីនេះអ្នកគួរទុកវាឱ្យឆ្ងាយពីខ្លួនដើម្បីបង្ការអារម្មណ៍ចង់លេងទូរស័ព្ទ ដែលនាំឱ្យខាតពេលទន្ទេញមេរៀន។ មួយវិញទៀតអ្នកក៏អាចដាក់ម៉ោងកំណត់ថាបន្ទាប់ពីទន្ទេញបានប៉ុន្មាននាទីទើបអាចលេងទូរស័ព្ទម្ដង ធ្វើបែបនេះវាក៏អាចជួយពន្លឿនការអានសៀវភៅរបស់អ្នកបានដែរ ប៉ុន្តែក៏ត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯងដូចគ្នា

៥- ទន្ទេញនៅពេលព្រឹក ពេលភ្ញាក់ពីគេង៖ ពេលព្រឹកភ្ញាក់ពីគេងអំឡុងពេលទៀបភ្លឺ គឺខួរក្បាលស្រលះល្អ នៅពេលទន្ទេញមេរៀនទៅវាធ្វើឱ្យអ្នកងាយយល់ និងចងចាំបានយូរ វាប្រៀបដូចជាក្រដាសសដែលទើបចាប់ផ្ដើមយកជក់ទៅគូសវាសដំបូងដូច្នោះដែរ។

ទាំងនេះជាទិចនិកងាយៗដែលអ្នកអាចយកទៅប្រើក្នុងការទន្ទេញមេរៀនបាន អ្នកគួរតែមានសេចក្ដីអត់ធ្មត់ក្នុងការអនុវត្តហើយពុំគួរប្រើពាក្យថា ចាំសិននោះទេ ព្រោះវាបានត្រឹមតែធ្វើឱ្យអ្នកដំអក់ពេលវេលាចោលតែប៉ុណ្ណោះ។ 

-------

ប្រែសម្រួលដោយ៖ ផេង ផល្លា

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

ប្រភព៖

- https://news.saby.com.kh  

​- https://anarchak.com

- https://m.facebook.com 





Comments