អាថ៌កំបាំង ៥យ៉ាង ដើម្បីក្លាយជាបុគ្គលិក មានតម្លៃបំផុតនៅកន្លែងការងារ

 

ស្ថិតនៅក្នុងបរិបទការងារ​ បុគ្គលិកម្នាក់ៗតែងតែចង់ក្លាយខ្លួនជា បុគ្គលិកឆ្នើមប្រចាំកន្លែងធ្វើការរបស់ខ្លួន។ នៅពេលដែលពួកគេក្លាយជាបុគ្គលិកឆ្នើមហើយនោះ ប្រាក់ខែ តំណែង និងកត្តិយសក៏នឹងឡើងទៅតាមនោះដែរ។ ហេតុដូចនេះហើយ តើមានចំណុចគន្លឹះអ្វី ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបុគ្គលិកឆ្នើម?

- ការអនុវត្តការងារតាមវិជ្ជាជីវៈរបស់ខ្លួន៖ អ្នកត្រូវមានជំនាញវិជ្ជាជីវៈច្បាស់លាស់ អនុវត្តការងារដោយយកចិត្តទុកដាក់ជាទីបំផុត និងទាន់ពេលវេលាកំណត់។ ម្យ៉ាងវិញទៀត អ្នកត្រូវមានភាពស្មោះត្រង់ អត់ធ្មត់ ម៉ត់ចត់ និងរក្សាការសម្ងាត់របស់ស្ថាប័ន។

- បង្កើនទំនាក់ទំនងល្អ៖ អ្នកត្រូវមានភាពរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អជាមួយក្រុមការងារទាំងអស់។ អ្នកអាចបង្កើតទំនាក់ទំនងល្អតាមរយៈការចេះប្រើប្រាស់ពាក្យសំដីគួរសម ការជួយទុក្ខធុរៈគ្នា ការចែករំលែកនូវចំណេះដឹងទៅវិញទៅមក និងការសម្របខ្លួនជាមួយមនុស្សគ្រប់បែបផែនទាំងអស់នៅកន្លែងធ្វើការ។

- ណែនាំនិងលើកទឹកចិត្តដល់និយោជិកថ្នាក់ក្រោម៖ អ្នកត្រូវចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដំបូន្មានល្អៗទៅកាន់ក្រុមការងារណាដែលត្រូវការជំនួយពីអ្នក តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីការរីកចម្រើនជារួមរបស់ស្ថាប័ន។ ចំណុចនេះក៏បញ្ជាក់ឱ្យឃើញថា អ្នកគឺបុគ្គលិកពូកែហើយថែមទាំងមានសណ្តានចិត្តល្អទៀត នោះអ្នកនឹងទទួលបានការគោរពពីក្រុមការងារ និងការសរសើរពីចៅហ្វាយរបស់អ្នក។​

- បង្កើនផលិតភាពការងារជាងមុន៖ អ្នកត្រូវតែចំណាយពេលពិនិត្យឡើងវិញរាល់ការងារទាំងអស់ដែលអ្នកបានធ្វើរួចមកហើយ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហា និងរកវិធីសាស្រ្តយ៉ាងណាដែលអាចជួយអ្នកសម្រេចការងារបានច្រើន និងផលិតភាពជាងមុន។

- ការស្លៀកពាក់សមរម្យ និងត្រូវបរិបទការងារ៖ ពិតណាស់ សម្លៀកបំពាក់គឺជាផ្នែកមួយឆ្លុះបញ្ចាំងអំពីអត្តចរិក និងភាពថ្លៃថ្នូរ។ ដូចនេះ សូមស្លៀកពាក់ឱ្យបានសមរម្យត្រូវបរិបទការងារ និងរក្សាអនាម័យជានិច្ច។

- បុគ្គលិកសកម្ម៖ បើអ្នកចង់ក្លាយជាបុគ្គលិកឆ្នើម អ្នកមិនត្រូវអង្គុយចាំឱ្យតែចៅហ្វាយប្រាប់ថាត្រូវធ្វើនេះ ឬធ្វើនោះ នោះទេ។ ផ្ទុយទៅវិញ អ្នកតែមានភាពឈ្លាសវៃក្នុងសិក្សាបញ្ហាផ្សេងៗដែលកើតមាន និងរិះរកដំណោះស្រាយដោយខ្លួនឯង។ មួយវិញទៀត អ្នកក៏ត្រូវតែសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ ដើម្បីឱ្យអ្នកសម្បូរគំនិតច្នៃប្រឌិត និងមានភាពឧស្សាហន៍ព្យាយាមផងដែរ។

- មានទំនួលខុសត្រូវ៖ អ្នកត្រូវចេះទទួលស្គាល់កំហុសខ្លួនឯង ដោយមិនទម្លាក់កំហុសដាក់ក្រុមការងារឬនិយាយយកលេស ដើម្បីតែរួចខ្លួននោះឡើយ។ បើអ្នកធ្វើបែបនេះបាន អ្នកនឹងទទួលបានការទុកចិត្ត និងឱ្យតម្លៃពីចៅហ្វាយ និងក្រុមការងារ។ ជាពិសេស អ្នកត្រូវចេះសិក្សារៀនសូត្រពីកំហុសឆ្គងនោះ ដើម្បីធ្វើការងារឱ្យកាន់តែល្អជាងមុន។

- ទទួលយកនូវការរិះគន់ដើម្បីស្ថាបនា៖ នៅលើលោកនេះ គ្មានអ្នកម្នាក់ដែលធ្លាប់កសាងនូវកំហុសនោះទេ ដូចនេះ អ្នកត្រូវរៀនទទួលយកការរិះគន់ពីអ្នកដទៃ ដើម្បីជៀសវាងពីកំហុសដដែលៗ និងជួយឱ្យអ្នកធ្វើការងារកាន់តែមានផលិតភាពជាងមុន។

- គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន៖ ជាការពិតណាស់ ស្ថាប័នណាក៏បានបទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គលិកអនុវត្តដែរ ព្រោះដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ល្អ និងសុខុមាភាពរបស់បុគ្គលិកគ្រប់រូប។ ប្រសិនបើអ្នកអាចអនុវត្តបទបញ្ជា្ផផ្ទៃក្នុងឱ្យបាន ១០០ ភាគរយ នោះសបញ្ជាក់ឱ្យឃើញថា អ្នកគឺជាបុគ្គលិកឆ្នើម និងជាគំរូល្អសម្រាប់ឱ្យបុគ្គលិកដទៃយកតម្រាប់តាមជាក់ជាពុំខាន។

- អភិវឌ្ឈន៍ខ្លួនជាប្រចាំ៖ ទោះបីជាអ្នកជាបុគ្គលិកដែលពូកែឬមានសមត្ថភាពកម្រិតណាក៏ដោយ អ្នកត្រូវរៀនសូត្ររិះរកចំណេះដឹង និងជំនាញថ្មីៗបន្ថែម ដើម្បីទទួលយកនូវបទពិសោធន៍ និងវិធីសាស្រ្តថ្មី ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបុគ្គលិកឆ្នើម និងផលិតភាពការងារខ្ពស់។

-----

ប្រែសម្រួលដោយ៖ ផាត សុទ្ធារី

កែសម្រួលដោយ៖ ជុំ អូវីស្សា

រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

Hire up staffing. (2018). 9 Tips On How To Be A Good Employee. Retrieved from https://www.hireupss.com/9-tips-on-how-to-be-a-good-employee/

 

 

 

 

Comments