ហេតុអ្វីបានជាយុវជនគួរចូលរួមការងារស្ម័គ្រចិត្តឱ្យបានច្រើន?

 


នៅក្នុងយុវវ័យភាព គឺជាពេលវេលាដែលរវល់ច្រើនទៅលើការសិក្សាផង និងការរកប្រាក់ចំណូលផង។ ទន្ទឹមនឹងនោះផងដែរ ក៏នៅមានយុវជនជាច្រើនចូលចិត្តចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនមួយផ្នែក មកធ្វើការងារស្ម័គ្រចិត្ត។  តើការងារស្ម័គ្រចិត្តផ្តល់អត្ថប្រយោជន័អ្វីខ្លះដល់យុវជន?

- បង្កើនចំណងមិត្តភាព៖ នៅក្នុងកំឡុងពេលធ្វើការងារស្ម័គ្រចិត្ត អ្នកនឹងបានចួបមនុស្សថ្មីៗជាច្រើនដែលពួកគេមកពីកន្លែងខុសៗគ្នា មានចំណេះដឹង ការយល់ឃើញ ឥរិយាបថ និងរបៀបរស់នៅផ្សេងៗពីគ្នា។ នេះគឺជាចំណុចដែលអ្នកអាចរៀនពីរបៀបក្នុងការប្រាស្រ័យទាក់ទង របៀបធ្វើការជាក្រុម និងរៀនសូត្រពីពួកគេបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ល្កឹកណា​អ្នកមានទំនាក់ទំនងល្អជាមួយនឹងមនុស្សច្រើន នោះឱកាសការងារ និងទំនាក់ទំនងអាជីវកម្មរបស់អ្នកនឹងកាន់តែសម្បូរបែបជាងអ្នកមិនដែលចូលរួមការងារស្ម័គ្រចិត្តទាល់តែសោះ។

- ពង្រឹងជំនាញវិជ្ជាជីវៈ៖ បើសិនជាអ្នកអាចរកការងារស្ម័គ្រចិត្តដែលត្រូវនឹងជំនាញរបស់អ្នកកំពុងធ្វើនោះ វាប្រៀបដូចជាការដុះខាត់ចំណេះដឹង ទេពកោសល្យ និងសមត្ថភាពដែលអ្នកបានរៀនពីក្នុងសៀវភៅ មកអនុវត្តនៅក្នុងសង្គមជាក់ស្តែងដូច្នេះដែរ។ អ្នកនឹងបានសង្កេតពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ព្រមទាំងបានទទួលការបង្ហាត់បង្រៀនពីរៀមច្បង ឬក្រុមការងារស្ម័គ្រចិត្តរបស់អ្នកថែមទៀតផង។

- ស្គាល់ច្បាស់ពីខ្លួនឯង និងបណ្តុះជំនាញទន់៖ ការធ្វើការងារជាក្រុមរមែងចៀសមិនផុតពីបញ្ហាបន្តិចបន្តួចកើតមានឡើងប្រៀបដូចចានក្នុងរាវរែងអ្វីនឹងមិនរន្តំ។ ក្រោយពីឆ្លងកាត់ការងារស្ម័គ្រចិត្តដ៏លំបាកៗជាច្រើន អ្នកនឹងសង្កេតមើលខ្លួនឯងផ្លាស់ប្តូរ ៣៦០ ដឺក្រេ ដោយអ្នកចេះនូវជំនាញទន់ជាច្រើនដែលសាលាមិនបានបង្រៀនដូចជា ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង ជំនាញវិភាគ ជំនាញប្រើមនុស្សឱ្យត្រូវជំនាញ ជំនាញសម្របសម្រួល និងជំនាញដឹកនាំជាដើម។ ជាពិសេស អ្នកដឹងយ៉ាងច្បាស់ថា អ្នកចូលចិត្តអ្វី​ ពូកែអ្វី និងការងារណាសាកសមនឹងអ្នកបំផុត។

- អត្ថប្រយោជន៍សម្រាប់អាជីពការងារ និងអាហារូបករណ៍៖ នៅពេលដែលអ្នកដាក់ពាក្យធ្វើការឬដាក់ពាក្យសុំអាហារូបកណ៍ អ្នកអាចសរសេរពីបទពិសោធន៍ការងារស្ម័គ្រចិត្តរបស់អ្នកចូលទៅក្នុងប្រវត្តិរូបសង្ខេប (CV) ​និងរៀបរាប់ពីសមិទ្ធផលឬស្នាដៃរបស់អ្នកកន្លងមក។ អ្នកសម្ភាសន៍ប្រាកដជាចាប់អារម្មណ៍លើប្រវត្តិរូបរបស់អ្នក និងសរសើរអ្នកពីទឹកចិត្តលះបង់របស់អ្នក ដើម្បីប្រយោជន៍សង្គមជាតិ។

- អារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង៖ ការងារស្ម័គ្រចិត្តនឹងធ្វើឱ្យអ្នកមានអារម្មណ័ល្អ និងយល់ថាខ្លួនឯងកាន់តែមានតម្លៃជាងមុន តាមរយៈការជួយអ្នកដទៃ និងមើលឃើញពីសមិទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់ខ្លួនដែលជះផលវិជ្ជមាន ចំពោះសហគមន៍ខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូល។

- ជួយអភិវឌ្ឍសហគមន៍ក៏ដូចជាប្រទេសជាតិ៖ ក្នុងនាមជាយុវជន យុវតីដែលជាទំពាំងស្នងឫស្សី ក៏ដូចជាបុគ្គលគ្រប់រូបនៅក្នុងសង្គមត្រូវមានភារកិច្ចទទួលខុសត្រូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ រក្សាសុខសន្តិភាព និងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រទេសជាតិយើងមានភាពរីកចម្រើនរុងរឿង។

-----

ប្រែសម្រួលដោយ៖ ផាត សុទ្ធារី

កែសម្រួលដោយ៖ ជុំ អូវីស្សា

រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

Chandra, S. (2021). Benefits of Volunteering for College Students. CampusGroups. Retrieved from https://blog.campusgroups.com/campusgroups/2021/5/25/benefits-of-volunteering-for-college-students

Flavin, B. (2020). Benefits of Volunteering: 9 Ways Helping Others Also Helps You. Rasmussen University. Retrieved from https://www.rasmussen.edu/student-experience/college-life/benefits-of-volunteering/

 

 

Comments