សង្គមសព្វថ្ងៃពោរពេញទៅដោយការប្រកួតប្រជែងនិងបន្តអភិវឌ្ឍឥតឈប់ឈរ។ ដូច្នេះហើយការទទួលបានជោគជ័យ និងឆ្ពោះទៅមុខជានិច្ចក្នុងអាជីពការងារមានសារៈសំខាន់បំផុត។ ទាំងនេះគឺជាគន្លឹះសំខាន់ៗដែលអាចជួយជំរុញអ្នកឱ្យទទួលបានជោគជ័យក្នុងអាជីពការងារ៖
១- គំនិតផ្តួចផ្តើម
នៅក្នុងទិដ្ឋភាពនៃការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ និយោជក(ម្ចាស់អាជីវកម្ម)កំពុងស្វែងរកបុគ្គលិក ដែលពោរពេញដោយគំនិតច្នៃប្រឌិត ដែលអាចនាំយកគំនិតថ្មីៗមកអភិវឌ្ឍក្រុមហ៊ុនឬអាជីវកម្មរបស់ពួកគេ។
ដូច្នេះហើយអ្នកត្រូវហ្វឹកហាត់ខ្លួនឯងឱ្យគិតបែបច្នៃប្រឌិត(Think creatively) ក្លាយជាមនុស្សដែលមានគំនិតផ្តួចផ្តើម ហ៊ានចាប់យកគំនិតថ្មីៗ បង្កើតដំណោះស្រាយថ្មី(Think outside the box) និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម។
២- វាយតម្លៃកិច្ចការរបស់ខ្លួន
វិធីដែលល្អបំផុត ដើម្បីសម្រេចបានជោគជ័យក្នុងអាជីពការងារ គឺត្រូវបន្តពិនិត្យលើការអនុវត្តការងាររបស់ខ្លួន។ អ្នកមិនត្រូវចាំការវាយតម្លៃប្រចាំឆ្នាំពីប្រធានឬអ្នកចាត់ការរបស់អ្នកឡើយ មធ្យោបាយដ៏ល្អអ្នកត្រូវធ្វើវាដោយខ្លួនឯង។ ការធ្វើបែបនេះអ្នកនឹងបានបន្តស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួនឯង បន្តពិនិត្យមើលលើការអនុវត្តការងាររបស់អ្នក រួមជាមួយនឹងយុទ្ធសាស្ត្រក្នុងការបំពេញការងាររបស់អ្នក។ ការវាយតម្លៃជួយអ្នកឱ្យកំណត់គោលដៅការងារបានច្បាស់លាស់ និងសិក្សាពីពេលវេលាដែលសមស្របក្នុងការសម្រេចគោលដៅទាំងនោះ។ ចាប់ផ្តើមជាមួយការកំណត់គោលដៅរយៈពេលខ្លី បង្កើតផែនការការងារដែលលម្អិត ដោយបំបែកកិច្ចការរបស់អ្នកទៅជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ អ្នកក៏អាចបង្ហាញរបាយការណ៍ប្រតិបត្តិការងារផ្ទាល់ខ្លួនទៅកាន់ប្រធានរបស់អ្នក ដើម្បីបង្ហាញពីការរីកចម្រើន និងបង្ហាញថាអ្នកយល់ពីសារៈសំខាន់នៃការវាយតម្លៃខ្លួនឯងជាប្រចាំ និងការកែលម្អ។
៣- ត្រៀមខ្លួនដើម្បីរៀនសូត្រជានិច្ច
មនុស្សដែលពូកែនិងជោគជ័យក្នុងអាជីពការងារត្រូវតែជាមនុស្សដែលស្វិតស្វាញ ក្នុងការរៀនសូត្រ និងស្វែងរកចំណេះដឹងថ្មីៗជានិច្ចកាល។ អ្នកត្រូវមានឆន្ទៈក្នុងការបន្តរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាអ្នកដឹកនាំ និងត្រូវរៀនទទួលយកមតិរិះគន់ដើម្បីស្ថាបនា។ ពិភពនៃជីវិតពិតឬពិភពនៃការងារ គឺខុសដាច់ពីអ្វីដែលអ្នកធ្លាប់រៀន និងធ្លាប់ជួបនៅក្នុងមហាវិទ្យាល័យ។ អ្នកត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមមុខនឹងបញ្ហានានាក្នុងពេលបំពេញការងារ អ្នកត្រូវស្វែងយល់ពីអ្វីថ្មីជាច្រើនជារៀងរាល់ថ្ងៃ ទាក់ទងនឹងអ្វីដែលអ្នកកំពុងធ្វើ។ ត្រូវបង្ហាញប្រធានរបស់អ្នកថាអ្នកយកចិត្តទុកដាក់រៀនសូត្រ និងមានឆន្ទៈក្នុងការរៀនអ្វីថ្មីៗជានិច្ច។
៤- ត្រូវគិតទុកជាមុន (Be Proactive)
ដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារអ្នក ត្រូវដឹងយ៉ាងច្បាស់អំពីអ្វីដែលប្រធាន និងក្រុមការងាររបស់អ្នកត្រូវការ។ ត្រូវហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមនុស្សសកម្ម និងឈានមួយជំហានមុនប្រធានរបស់អ្នក អ្នកត្រូវសួរខ្លួនឯងថា ”ប្រសិនបើខ្ញុំជាប្រធាន តើខ្ញុំចង់ធ្វើអ្វីបន្ទាប់ពីនេះ?” ធ្វើជាអ្នកដោះស្រាយបញ្ហា។ អ្នកត្រូវប្រាកដថាអ្នកធ្វើកិច្ចការនានាប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងពោរពេញដោយគំនិតផ្តួចផ្តើម។ អ្នកគប្បីរក្សានូវទស្សនៈ និងអាកប្បកិរិយាវិជ្ជមាន ដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារ។
៥- ទំនាក់ទំនងល្អ
ការប្រាស្រ័យទាក់ទងគឺជាគន្លឹះសំខាន់នៃភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គំនិតនេះគឺទំនាក់ទំនងល្អ ជាមួយប្រធាន និងក្រុមការងាររបស់អ្នក ជួយឱ្យអ្នកបំពេញការងារបានប្រសើរឡើង និងបង្កើតទំនាក់ទំនងល្អ រវាងមិត្តរួមការងាររបស់អ្នក។ ទំនាក់ទំនងល្អមិនត្រឹមតែជួយអ្នកបំពេញការងារបានរលូន និងប្រកបដោយប្រសិទ្ធភាពនោះទេ ទំនាក់ទំនងល្អជួយអ្នកឱ្យសិក្សាស្វែងយល់ពីមនុស្សជុំវិញខ្លួនរបស់អ្នក និងជួយសាងទំនុកចិត្តដល់អ្នកក្នុងអាជីពការងារនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត(Personal Branding)។
----------
អត្ថបទដោយ៖ ហុង វលក្ខណ៍
កែសម្រួលដោយ៖ ជ័ង យៀកលីន
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
Comments
Post a Comment