អ្វីខ្លះដែលអ្នកមិនធ្លាប់បានដឹងពីផ្លៃឱឡឹក?

 


ឳឡឹកគឺជាប្រភេទរុក្ខជាតិវល្លិ៍ដែលផ្ដល់ផ្លែសម្រាប់ហូប វាមានរសជាតិផ្អែមត្រជាក់ សម្បូរដោយជាតិទឹក និងពេញនិយមនៅរដូវក្ដៅ ដែលអាចហៅបានថាជាអាហារសម្រន់      រដូវក្ដៅ។ ផ្លែឳឡឹកមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលក្មេងជំទង់ត្រូវការដូចជា ថាមពល, កាបូនហ៊ីដ្រាត, ជាតិសរសៃរ, កាល់ស្យូម, ផូស្វ័រ, មាញ៉េស្យូម, ប៉ូតាស្យូម, វីតាមីន C,  វីតាមីន A, សារធាតុរ៉ែ, និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឳឡឹកជួយដល់ចលនាសាច់ដុំ ការចងចាំ ការថែរក្សារចនាសម្ព័ន្ធនៃភ្នាសកោសិកា ប្រព័ន្ធសរសៃប្រសាទ និងការអភិវឌ្ឍខួរក្បាល។ ដូចនេះ ផ្លែឪឡឹកនិងទឹកឪឡឹកអាចកាត់បន្ថយការឈឺសាច់ដុំ និងជួយឱ្យឆាប់មានកម្លាំងឡើងវិញបន្ទាប់ពីការហាត់ប្រាណ។

បើយោងទៅតាមការសិក្សាទៅលើអត្តពលិកក្នុងឆ្នាំ២០១៧ បានបង្ហាញឱ្យដឹងថា អត្តពលិកដែលបានទទួលទានទឹកឪឡឹក ២ ម៉ោងមុនពេលរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងគឺមានការឈឺសាច់ដុំតិចជាងមុនក្នុងចន្លោះរយៈពេលពី២៤-៧២ ម៉ោង បន្ទាប់ពីការរត់ប្រណាំង។ លើសពីនេះ អ្វីដែលយើងគ្រប់គ្នាមិនសូវបានដឹងពីឳឡឹកគឺសំបករបស់វាត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលអាការៈក្ដៅខ្លួន ស្រេកទឹក ហើមទាច នោមទាស់ ទឹកនោមផ្អែម លើសឈាម ហើមរលកតំរងនោម រាកមួល ចេញឈាម ផងដែរ។ ដោយឡែក អ្វីដែលកាន់តែនឹកស្មានមិនដល់នោះគឺ យើងគ្រប់គ្នាធ្លាប់លឺពីការប្រតិកម្មជាមួយគ្រឿងសមុទ្រ ឬ គ្រឿងផ្អាប់ជាដើម តែក៏មានមនុស្សមួយចំនួនប្រតិកម្មជាមួយផ្លែឳឡឹកផងដែរ។ អ្នកដែលមានប្រតិកម្មអាចមានអាការៈដូចជា ហៀរសំបោរ ហើម និងពិបាកដកដង្ហើម បន្ទាប់ពីទទួលទានផ្លែឪឡឹក។ មួយវិញទៀត ចាស់ៗក៏បានដំណាលថាឬសរបស់ឳឡឹកអាចធ្វើឱ្យពុលបានផងដែរ។

-----

ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង

កែសម្រួលដោយ៖ ជ័ង យៀកលីន

រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក

ប្រភព៖ ANT រុក្ខជាតិឱសថកម្ពុជា ឆ្នាំ២០១៧។ 

Medical New Today. (2019).  What are the health benefits of watermelon? Retrieved from https://www.medicalnewstoday.com/articles/266886#:~:text=Watermelon%20is%20a%20sweet%20and,member%20of%20the%20Cucurbitaceae%20family.



Comments