គន្លឹះ៣យ៉ាងក្នុងការគ្រប់គ្រងលុយខ្លួនឯង

 


មនុស្សគ្រប់គ្នាតែងតែមានបញ្ហាចៀសមិនផុត គឺការលំបាកក្នុងការគ្រប់គ្រងប្រាក់ខ្លួនឯងក្នុងការចាយវាយជាប្រចាំ។ ការចាយវាយដែលមិនមានក្បួនត្រឹមត្រូវអាចបណ្ដាល​ឱ្យជួបវិបត្តិសេដ្ឋកិច្ចជារៀងរាល់ខែ ពិសេសសិស្ស-និស្សិតដែលកំពុងបន្តការសិក្សា ឬ បុគ្គលិកដែលកំពុងបម្រើការងារនៅកន្លែងណាមួយក៏អាចប្រឈមនឹងបញ្ហាមានចំណូលតែត្រូវចំណាយអស់ៗ​មិនមានសេសសល់សម្រាប់សន្សំ  បញ្ហាទាំងនេះបណ្ដាមកពីកំសោយក្នុងការប្រើប្រាស់ប្រាក់របស់អ្នក។  ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៣ដែលអ្នកអាចអនុវត្តដើម្បីគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯង៖

១- ធ្វើផែនការចំណាយ៖ អ្នកអាចធ្វើផែនការចំណាយប្រចាំខែ ដោយបែងចែកជា២ផ្នែក។ មួយផ្នែកអ្នកអាចដក៨០%នៃប្រាក់សរុប សម្រាប់ទូទាត់លើតម្រូវការចាំបាច់ប្រចាំខែ ហើយតម្រូវការទាំងនេះអ្នកគប្បីសរសេរជាកាលវិភាគ រាយបញ្ជីចំណាយ លម្អិតបន្ថែម។ មួយវិញទៀតអ្នកគួរចេះបែងចែកថាអ្វីចាំបាច់មិនអាចខ្វះបានត្រូវចំណាយ ដូចជាម្ហូបអាហារ មធ្យោបាយធ្វើដំណើរ និងអ្វីដែលគ្រាន់តែជាការចង់បានរបស់អ្នកប៉ុណ្ណោះ។  រីឯ ប្រាក់២០%ដែលនៅសល់ ត្រូវទុកសន្សំ ការពារពេលមានហានិភ័យជាយថាហេតុ ឬ រក្សាទុកសម្រាប់សម្រេចគោលបំណងរបស់អ្នកនៅពេលខាងមុខ

២- ការវិនិយោគ៖ ជាធម្មតាមនុស្សនិងលុយ គឺពិបាកទុកចិត្តគ្នាបន្តិច ហេតុដូចនេះប្រសិនបើអ្នកមិនទុកចិត្តខ្លួនឯងទេ អ្នកអាចដកប្រាក់ដែលនៅសេសសល់ពីការចំណាយ ទៅធ្វើការវិនិយោគឱ្យបានត្រឹមត្រូវដូចជាការចាប់ផ្ដើមអាជីវកម្មខ្នាតតូច ឬមួយដាក់បញ្ញើសន្សំយកការប្រាក់ជាដើម។ ការវិនិយោគលុយនេះបើអ្នកអាចចាប់ផ្ដើមធ្វើកាន់តែឆាប់​ នោះអ្នកនឹងទទួលផលសងមកវិញ នាពេលអនាគតក៏ដូចជាសម្រាប់ពេលចូលនិវត្តន៍ផងដែរ

៣- ស្វែងរកចំណូលបន្ថែម៖ អ្នកអាចស្វែងរកវិធីបង្កើនប្រាក់ជាមួយនឹងការងារបន្ថែម ដែលមិនប៉ះពាល់ដល់ម៉ោងការងារគោលរបស់អ្នកច្រើន។ អ្នកអាចសាកល្បងការងារតាមរយៈប្រព័ន្ធ អនឡាញ ដូចជាការធ្វើវីដេអូល្អៗ ឬ អាជីវកម្មខ្នាតតូច។ ពិសេសទៀតនោះបើអ្នកមានសមត្ថភាពក៏អាចរកចំណូលបានពីការសរសេរអត្ថបទផ្សេងៗ ឬ ធ្វើការងារក្រៅម៉ោងផ្សេងទៀតដែលអ្នកគិតថាអាចផ្ដល់ការកំសាន្តផង និងទទួលបានចំណូលផងដែរ។

៣គន្លឹះងាយៗនេះនឹងអាចជួយអ្នកឱ្យមានលំនឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងចេះប្រើប្រាស់ប្រាក់ខ្លួនឯងបានយ៉ាងសមស្របក្នុងការរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ វិធីសាស្ត្រខាងលើអាចមានប្រសិទ្ធភាពបានក៏អាស្រ័យលើអ្នកមានការប្ដេជ្ញាចិត្តក្នុងការអនុវត្តផងដែរ៕

-----

អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព៖ - https://www.manulife.com.kh

-https://www.cimbbank.com.kh

- https://www.kakcent.com


 

 

 

 

 

 

 

 

Comments