វិធីសាស្ត្រ៣យ៉ាង តបតពេលគេនិយាយដើម

 

មនុស្សម្នាក់ៗកើតមកគ្មាននរណាល្អគ្រប់ដប់ ដោយមិនមាននូវចំណុចខ្វះខាតសោះនោះឡើយ។ គ្រប់គ្នាតែងតែមានទាំងចំណុចល្អ និងអាក្រក់ជាប់ខ្លួនដែលជួនកាល ភាពឆកល្វែងតិចតួចនោះក៏ក្លាយជាចំណីមាត់របស់អ្នកដទៃនិយាយជាការកំសាន្តសប្បាយនៅពីក្រោយខ្នង ហើយការនិយាយខ្លះក៏ជះឥទ្ធិពលធ្វើឱ្យអ្នកឈឺចិត្ត ស្អិតទ្រូងផងដែរ។ ធម្មជាតិរបស់មនុស្សមានមាត់គឺនិយាយ អ្នកមិនអាចហាមឬទៅឃាត់គេមិនឱ្យ និយាយឬវាយតម្លៃលើអ្នកបានឡើយ ប៉ុន្តែអ្នកអាចហាមចិត្តខ្លួនឯងកុំឱ្យទៅខ្ជះខ្ជាយពេលវេលាឈឺចិត្ត គិតពីសម្ដីនិយាយដើមទាំងនោះបានដោយប្រើត្រឹមវិធីសាស្ត្រងាយៗ ៣គឺ៖

១. និយាយដើមព្រោះចាប់អារម្មណ៍ និងការចង់ដឹងចង់ឃើញ៖ នៅពេលមាននរណាម្នាក់និយាយដើមអ្នកនោះបញ្ជាក់ថាពួកគេគឺកំពុងតែចាប់អារម្មណ៍ចង់ដឹងចង់ឮពីរឿងអ្នកហើយ។ ពួកគេសុខចិត្តចំណាយពេលផ្ទាល់ខ្លួន មកធ្វើការតាមដាន និងសន្ទនាគ្នាពីរឿងអ្នក បានសេចក្ដីថាអ្នកជាផ្នែកមួយមានតម្លៃទើបមានវត្តមានក្នុងខួរក្បាលគេ ហើយមិនត្រូវបានគេបំភ្លេចចោល។ ដូចនេះអ្នកមិនគួរទៅសោកសៅក្ដៅក្រហាយនឹងការនិយាយពីក្រោយខ្នងទោះអាក្រក់ឬល្អទាំងនោះទេ អ្វីដែលសំខាន់គឺខំអភិវឌ្ឍខ្លួនឯងបន្ថែមទៀត។

២. ច្រណែន៖ បើគេនិយាយមិនល្អពីអ្នកនូវរឿងដែលអ្នកមិនបានខុស នោះប្រាកដណាស់គឺអ្នកមានអ្វីដែលល្អជាងគេ អ្នកជាបុគ្គលដែលឈរនៅពីមុខគេ ទើបគេព្យាយាមនិយាយបង្កាច់បង្ខូចបន្ថយគុណតម្លៃអ្នកប្រាប់អ្នកដទៃ។  អ្នកមិនបាច់ទៅចាប់អារម្មណ៍នឹងសម្ដីទាំងនោះទេ គេធ្វើព្រោះច្រណែនដែលមិនអាចធ្វើបានដូចអ្នក មិនអាចឈរនៅចំណុចរួមជាមួយអ្នកប៉ុណ្ណោះ។

៣. ភាពអផ្សុក និងខ្វះការងារធ្វើ៖ ការដែលអ្នកដទៃនិយាយដើមអ្នក គឺអាចមកពីជីវិតរបស់ពួកគេគ្មានភាពលេចធ្លោណាមួយដែលអាចលើកយកមកពិភាក្សាគ្នាបាន ស្របពេលដែលមើលឃើញជីវិតអ្នកដទៃពោរពេញទៅដោយព្រឹត្តិការណ៍គួរជាទីចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត ជួនកាលការនិយាយដើមកើតឡើងព្រោះទំនេរអត់ការងារធ្វើ ក៏ចេះតែលើករឿងនេះ រឿងនោះរបស់អ្នកដទៃមកធ្វើជាការកំសាន្តអារម្មណ៍តែម្ដងទៅ ដែលវាមិនបានធ្វើឱ្យអ្នកខូចខាតប្រយោជន៍អ្វីបន្តិចឡើយ។

ដូចនេះអ្នកគួរចេះឃុំគ្រងអារម្មណ៍ខ្លួនឯងមុ​ននឹងប្រតិកម្មទៅកាន់នរណាម្នាក់ដែលនិយាយដើមអ្នក ចៀសវាងខាតបង់ពេលវេលា ធនធាន និងគុណតម្លៃខ្លួនឯងទៅកើតទុក្ខរឿងមិនបានការទាំងនោះ៕

-----

អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព៖ - https://goaravetisyan.ru

 

 

Comments