រូបតាំងឆ្មាបក់ដៃ ឬឆ្មានាំសំណាង ពិតជាមានការពេញនិយមដែលត្រូវបានគេដាក់តាំងនៅតាមហាងនានា ជាពិសេសនៅតាមភោជនីយដ្ឋាន
ឬហាងលក់ទំនិញផ្សេងៗ
ដោយគេជឿថានឹងនាំមានអតិថិជនចូលច្រើន ឬរកចំនូលបានច្រើន (បក់ដៃហៅភ្ញៀវឱ្យចូល)។ ឆ្មានាំសំណាងដែលអ្នករាល់គ្នាតែងស្គាល់ថាជារូបតាំងនោះ
ជាភាសាជប៉ុនគឺ maneki-neko
មានន័យថាឆ្មាបក់ដៃហៅ ដែលត្រូវបានគេស្គាល់ថាជាឆ្មាចាំស្វាគមន៍ ឆ្មានាំសំណាង
ឆ្មានាំប្រាក់ ឬ ឆ្មានាំភាពរីករាយ។
ជំនឿទៅលើឆ្មានាំសំណាងនេះ
មានអាយុកាលតាំងពីសតវត្សទី១៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាលក្ខណៈពិសេសដ៏ពេញនិយមបំផុតក្នុងអាជីវកម្មនៅតំបន់អាស៊ី។
ជំនឿលើរូបតាំងឆ្មានេះគឺមានប្រវត្តិដើមចេញពីប្រទេសជប៉ុន មិនមែនពីប្រទេសចិននោះទេ។ រឿងព្រេងមួយដំណាលពីឆ្មាមួយក្បាលកើតនៅប្រាសាទហ្គុតុគឹជិ
(Gōtoku-ji) ក្នុងទីក្រុងតូក្យូ នាសម័យអេដុ (Edo) (1603-1868)។ យោងប្រវត្តិសាស្ត្រប្រាសាទ ឆ្មាដែលត្រូវបានចិញ្ចឹមដោយអាចារ្យនៅទីនោះបានជួយ សង្គ្រោះជីវិតអ្នកគ្រប់គ្រងតំបន់នៅទីនោះម្នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ដោយសាររន្ទះ
ដោយឆ្មានោះបានហៅគាត់ឱ្យចូលទៅប្រាសាទ។ ដោយដឹងគុណចំពោះឆ្មាដែលបានជួយសង្គ្រោះជីវិត
លោកក៏បានធ្វើឱ្យវាក្លាយជាបុព្វបុរសនៃប្រាសាទ ដែលត្រូវបានគេគោរពជាទីសក្ការៈតាំងពីពេលនោះមក។
សព្វថ្ងៃនេះ នៅប្រាសាទនោះមានរូបសំណាកឆ្មារាប់ពាន់ដែលមានទំហំ ខុសៗគ្នា។ នៅជិតអាសាគឹសា (Asakusa) ទីក្រុងតូក្យូ ក៏មានរឿងតំណាលអំពីឆ្មាដែលបានជួយម្ចាស់រួចផុតពីភាពក្រីក្រដោយបានពន្យល់សប្តិប្រាប់ស្រ្តីជាម្ចាស់ឱ្យធ្វើរូបតាំងតាមរូបខ្លួន
ហើយឆ្មានោះនឹងនាំសំណាងមកឱ្យ។ ដោយធ្វើតាមការពន្យល់សប្តិរបស់ឆ្មា
ស្ត្រីចំណាស់រូបនេះបានធ្វើរូបតាំង ហើយបានទៅទីសក្ការៈដើម្បីលក់វានៅមាត់ទ្វារ។
រូបតាំងឆ្មាដែលធ្វើពីសេរ៉ាមិចបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័ស ដែលជួយឱ្យស្ត្រីចំណាស់រួចផុតពីជីវភាភាពក្រលំបាក។
មកដល់សម័យបច្ចុប្បន្ន
យើងឃើញថាឆ្មាបក់ដៃនោះកាន់តែមានច្រើនប្រភេទ ច្រើនពណ៌ និងបង្ហាញពីជំនឿខុសៗគ្នាជាច្រើនដូចជាឆ្មាបក់ដៃខាងឆ្វេងអញ្ជើញអតិថិជន ឬ មិត្តភាព ដែលគេពេញនិយមដាក់តាមហាង។ ឆ្មាបក់ដៃខាងស្ដាំទាក់ទាញសុភមង្គល ទ្រព្យសម្បត្តិ
លាភសំណាង និងសុខភាពល្អ ដែលគេពេញដាក់នៅតាមផ្ទះ ហើយក៏មានឆ្មាបក់ដៃទាំងសងខាងផងដែរ។ ចំណែកពណ៌វិញ ពណ៌សតំណាងឱ្យភាពរុងរឿង
ឬ ការបង្កើតលាភសំណាង ពណ៌មាសគឺការហៅទ្រព្យចូល ពណ៌បៃតងសម្រាប់ការប្រឡងបានជោគជ័យ ពណ៌ខៀវតំណាងឱ្យសុវត្ថិភាព
ពណ៌ផ្កាឈូកគឺសម្រាប់ជោគជ័យក្នុងរឿងស្នេហា ពណ៌ខ្មៅរំដោះគ្រោះ និងពណ៌ក្រហមជៀសផុតពីជំងឺបៀតបៀន ហើយការបន្ថែមផ្សេងទៀតរួមមានកាក់ជប៉ុនរាងពងក្រពើដើម្បីតំណាងឱ្យទ្រព្យសម្បត្តិ
ឬកណ្តឹង ដែលបង្ហាញពីជំនឿនិងការយកចិត្តទុកដាក់ទៅលើសត្វឆ្មាក្នុងសង្គមជប៉ុន។
-----
ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង
កែសម្រួលដោយ៖ ជុំ អូវីស្សា
រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក
NATIONAL PLANET (2021). The fascinating history behind the popular
‘waving lucky cat. Retrieved from
https://www.nationalgeographic.com/travel/article/the-fascinating-history-behind-the-popular-waving-lucky-cat
TODAY (2021). What’s
The Story Behind Japan’s Lucky Cats? Retrieved from
Comments
Post a Comment