ឈ្វេងយល់អំពីសង្រ្គាមត្រជាក់

 

សង្រ្គាមត្រជាក់​ សម្តៅដល់ទំនាក់ទំនងដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលជះឥទ្ធិពល និងបង្កភាពព្រួយបារម្ភចំពោះសន្តិសុខអន្តរជាតិទៅដល់ពិភពលោកទាំងមូល។ មានគំនិតជាច្រើនបានចោទឡើងថា សង្គ្រាមត្រជាក់បានកើតឡើងដោយកត្តាចម្បងជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះគឺ ការប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាផ្ទុយគ្នា រវាងសហរដ្ឋអាមេរិក ដែលប្រកាន់ខ្ជាប់នូវរបបសេរីនិយម និងសហភាពសូវៀត ដែលប្រកាន់ខ្ជាប់នូវរបបកុម្មុយនីស្ត។ ការប្រកួតប្រជែងនេះហើយដែលជម្រុញឱ្យប្រទេសមហាអំណាចទាំងពីរហ៊ានចំណាយទាំងថវិកាជាតិរាប់សិនលានដុល្លារ និង កម្លាំងកងទ័ព ក្នុងការទាញយកប្រទេសនៅក្នុងពិភពលោកធ្វើជាប្រទេសសម្ព័ន្ធដោយប្រកាន់ខ្ជាប់នូវនយោបាយដែលប្រទេសទាំងពីរខិតខំបញ្ជ្រាបឥទ្ធិពលទៅដល់។ ក្នុងសម័យសង្រ្គាមត្រជាក់នេះបានបណ្ដាលឱ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាច្រើនដូចជា៖

- ការប្រកួតប្រជែងផ្នែកសញ្វាវុធ

ចំណុចចាប់ផ្តើមដំបូងដែលបង្ហាញច្បាស់អំពីសង្រ្គាមត្រជាក់រវាងប្រទេសទាំងពីរគឺនៅពេលដែល សហរដ្ឋអាមេរិកបានយករបកគំហើញថ្មីរបស់ខ្លួន ពោលគឺគ្រាប់បែកបរមាណូចំនួនពីរគ្រាប់ ទៅទម្លាក់លើទីក្រុងហ៊ីរូស៊ីម៉ា និងណាហ្កាសាគីរបស់ប្រទេសជប៉ុន ក្នុងន័យបង្ខំប្រទេសជប៉ុនឱ្យចុះចាញ់សង្រ្គាមលោកលើកទីពីរ។ របកគំហើញនូវគ្រាប់បែកបរមាណូនេះមិនត្រឹមតែធ្វើឱ្យបណ្តាប្រទេសសម្ព័ន្ធឈ្នះសង្រ្គាមលោកលើកទី២នោះទេ ប៉ុន្តែវាក៏បានបង្ហាញពីភាពខ្លាំងក្លារបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមហាអំណាចពិភពលោកផងដែរ។ សហភាពសូវៀតក្នុងនាមជាប្រទេសមហាអំណាច មិនអាចឈរមើលសហរដ្ឋអាមេរិកគ្រប់គ្រងពិភពលោកទាំងមូលតែឯងបាន ក៏ចាប់ផ្តើមបណ្តាក់ទុនបង្កើតនិងធ្វើតេស្តសាកល្បងបង្កើតគ្រាប់បែកបរមាណូដើម្បីបង្ហាញពីអំណាចរបស់ខ្លួននៅលើឆាកអន្តរជាតិប្រជែងនឹងសហរដ្ឋអាមេរិកផងដែរ។ ការប្រកួតប្រជែងនេះត្រូវបានស្គាល់ថាជា “ការប្រកួតប្រជែងផ្នែកសញ្វាវុធ” ហើយគិតត្រឹមឆ្នាំ១៩៩១ មានរបាយការណ៍បង្ហាញថា​សហរដ្ឋអាមេរិកមានគ្រាប់បែកបរមាណូចំនួន ២៣,០០០ ចំណែកឯសហភាពសូវៀតមានចំនួន ៣៩,០០០។

- ការរុករកដែនលំហ

មិនតែប៉ុណ្ណោះប្រទេសមហាអំណាចទាំងពីរតែងតែប្រកួតប្រជែងគ្នាដើម្បីបង្ហាញពីអំណាចរបស់ខ្លួនទៅដល់ដែនលំហថែមទៀតផង។ មានព្រឹត្តិការណ៍បីសំខាន់ៗត្រង់ចំណុចនេះ ពោលគឺនៅពេលដែល កាំជ្រួចមីស៊ីលឆ្លងទ្វីប R-7 របស់សហភាពសូវៀតបានបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបសិប្បនិម្មិតដែលបានវិលជុំវិញគន្លងភពផែនដីដំបូងគេបង្អស់។ ជាកិច្ចឆ្លើយតប សហរដ្


ឋអាមេរិកបានបញ្ជូនអវកាសយានិកនៅឆ្នាំ១៩៦២ ដែលបានធ្វើដំណើរជុំវិញគន្លងភពផែនដីបានចំនួនបីជុំ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ១៩៦៩ ក្នុងបេសកកម្ម អាប៉ូឡូ១១របស់ណាសា បានធ្វើឱ្យសហរដ្ឋអាមេរិកជាប្រទេសដំបូងដែលបានបញ្ជូនអវកាសយានិកទៅដល់ឋានព្រះចន្ទ។

៣- ឥទ្ធិពលសង្រ្គាមត្រជាក់ទៅកាន់ពិភពលោក

ក្នុងរយៈពេលប្រមាណជាងសែសិបឆ្នាំនៃសង្រ្គាមត្រជាក់ សហរដ្ឋអាមេរិក និងសហភាពសូវៀតបានបង្កសង្រ្គាមជាច្រើននៅទូទាំងពិភពលោក ក្រោមជំនួយយោធានិងហិរញ្ញវត្ថុរបស់ពួកគេទៅដល់ប្រទេសដែលកំពុងធ្វើសង្រ្គាមទាំងនោះ។ សង្រ្គាមទាំងនោះមានដូចជា សង្រ្គាមកូរ៉េ សង្រ្គាមវៀតណាម និងសង្រ្គាមស៊ីវិលផ្សេងៗទៀតជាច្រើន ដែលប្រទេសមហាអំណាចទាំងនេះផ្តល់ជំនួយទៅដល់ក្រុមសេរីនិយម និងក្រុមកុ​ម្មុយនីស្តរៀងៗខ្លួន ដែលជំនួយទាំងនេះបង្កឱ្យជម្លោះកាន់តែផ្ទុះធំឡើងទៅជាបដិវត្តន៍ និងការបះបោរនៅក្នុងបណ្តាប្រទេសអាមេរិកឡាទីន ទ្វីបអាហ្រ្វិក ទ្វីបអាស៊ី និងបណ្តាប្រទេសនៅក្នុងអាស៊ីបូព៌ា។

- ការដួលរលំសហភាពសូវៀត

នៅក្នុងកំឡុងឆ្នាំ១៩៨០ សហភាពសូវៀតបានចំណាយកម្លាំងយោធានិងហិរញ្ញវត្ថុជាច្រើនទៅលើសង្រ្គាមនៅប្រទេសអាហ្វហ្គានីស្ថានដោយទទួលផងបានតិចតួចបំផុត។ មិនតែប៉ុណ្ណោះ សហភាពសូវៀតបានជួបប្រទះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនយ៉ាងដំណំ ដោយសារការចំណាយលើសលប់ទៅលើការប្រកួយប្រជែងសព្វាវុធជាមួយសហរដ្ឋអាមេរិក គួបផ្សំនឹងការផ្តល់ជាជំនួយទៅដល់បណ្តាប្រទេសនានាក្នុងការធ្វើសង្រ្គាម ធ្វើឱ្យសហភាពសូវៀតមិនអាចគ្រប់គ្រងអំណាចរបស់ខ្លួននៅអឺរ៉ុប​ខាងកើតបាន ហើយមិនយូរប៉ុន្មាននៅឆ្នាំ១៩៩០ ជញ្ជាំងឃាំងប្រទេសអាល្លឺម៉ង់ខាងលិចនិងខាងកើតត្រូវបានកម្ទេចចោល។ ប្រទេសនានាចាប់ផ្តើមយកជ័យជម្នះលើរបបកុម្មុយនីស្តហើយចាប់ផ្តើមអនុវត្តប្រព័ន្ធនយោបាយសេរីនៅក្នុងប្រទេសរបស់ខ្លួន។ នៅឆ្នាំ១៩៩១ សហភាពសូវៀតត្រូវបានដួលរលំ ដោយលេចចេញប្រទេសសាធារណរដ្ឋជាច្រើន ហើយសហភាពសូវៀតបានក្លាយទៅជាសហព័ន្ធរុស្សីដូចដែលបានស្គាល់សព្វថ្ងៃនេះ។

-------

ប្រែសម្រួលដោយ៖ លី អ៊ុកខា

កែសម្រួលដោយ៖ ជុំ អូវីស្សា

រក្សាសិទ្ធិដោយគ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

References:

Blair, E. (2011, October 19). You and the atom bomb. Retrieved from https://www.orwellfoundation.com/the-orwell-foundation/orwell/essays-and-other-works/you-and-the-atom-bomb/

Fast Attacks and Boomers. (n.d.). The end of the Cold War. Retrieved from https://americanhistory.si.edu/subs/history/timeline/end/

History.com Editors. (2009, October 27). Cold war history. Retrieved from https://www.history.com/topics/cold-war/cold-war-history

National Geographic. (2019, March 22). Cold war facts and information. Retrieved from https://www.nationalgeographic.com/culture/article/cold-war

The Ohio State University. (n.d.). Historical analysis of the Cold War. Retrieved from https://ehistory.osu.edu/articles/historical-analysis-cold-war

 

Comments