អស់រយៈពេលជិត
៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៦១ រហូតដល់ឆ្នាំ ១៩៨៩
ទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែកជាពីរ
មិនមែនដោយសារតែមនោគមវិជ្ជាតែម្យ៉ាងនោះទេ
ប៉ុន្តែដោយសារតែជញ្ជាំងធ្វើពីស៊ីម៉ង់មួយយ៉ាងក្រាស់
សង់ឡើងនៅកណ្តាលទីក្រុងនេះតែម្តង។ ជញ្ជាំងនេះសបញ្ជាក់អំពីនិមិត្តរូប
ដែលសេសសល់ពីឥទ្ធិពលដ៏ខ្មៅកខ្វក់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងការខណ្ឌចែកអំណាចនយោបាយរបស់ខ្លួន
ស្របពេលដែលប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែកជាពីរផ្នែក គឺ
សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងកើត) ដែលមាននិន្នាការកុម្មុយនីស្ត
និង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច)
ដែលមាននិន្នាការប្រជាធិបតេយ្យសេរី។
ជញ្ជាំង
ប៊ែរឡាំង ត្រូវបានសាងសង់ឡើងនៅពេលសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់
ហើយប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែកជាបួនតំបន់និងគ្រប់គ្រងដោយអំណាចសម្ព័ន្ធមិត្ត។
ប៉ុន្តែក្រោយមក នៅឆ្នាំ១៩៤៧ តំបន់ទាំងបួននោះបានរួមបញ្ចូលទៅជាពីរតំបន់ធំៗ
ដែលខាងលិចគឺជា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ចំណែកឯតំបន់ខាងកើតត្រូវបានគ្រប់គ្រងនិងហ៊ុមព័ន្ធទៅដោយកងទ័ពសហភាពសូវៀត។
នៅក្នុងឆ្នាំ១៩៤៩
ប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែងជាពីរជាស្ថាពរ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់
រងគ្រោះដោយភាពក្រីក្រអត់ឃ្លាន ធ្វើឱ្យពួកគេធ្វើបាតុកម្មជារឿយៗ
ដែលនេះជាលទ្ធផលនៃការផ្លាស់ប្តូររបបនយោបាយនិងប្រព័ន្ធសេដ្ឋកិច្ចថ្មី។ មិនតែប៉ុណ្ណោះ
មានចលនាភៀសខ្លួនរបស់ប្រជាពលរដ្ឋពីអាល្លឺម៉ង់ខាងកើតទៅអាល្លឺម៉ង់ខាងលិចយ៉ាងគំហុក
ពោលគឺមានមនុស្សប្រមាណ ១,៧០០
នាក់ក្នុងមួយថ្ងៃបានភៀសខ្លួន ហើយបើគិតចាប់ពីឆ្នាំ១៩៤៩ រហូតដល់ឆ្នាំ១៩៦១
មានប្រជាពលរដ្ឋប្រមាណជា ៣លាននាក់បានភៀសខ្លួនទៅ
អាល្លឺម៉ង់ខាងលិច។ ដោយសារតែកំណើននៃការភៀសខ្លួននេះ ជាពិសេសនៅរដ្ឋធានីប៊ែរឡាំង
នៅឆ្នាំ១៩៥២ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់សម្រេចបិទព្រំប្រទល់
រវាងប្រទេសទាំងពីរ ហើយនាឆ្នាំ១៩៦១
អាល្លឺម៉ង់ខាងកើតចាប់ផ្តើមសាងសង់ជញ្ជាំងស៊ីម៉ង់ឡើងនៅក្នុងទីក្រុងប៊ែរឡាំង
ចំណែកឯនៅតំបន់ផ្សេងទៀត របងខណ្ឌចែកនេះត្រូវបានសាងសង់ឡើងក្រោមទម្រង់ជាចម្រឹងដែក
ខ្សែលួសឆក់ ឬជាគ្រាប់មីនជាដើម។ ជារួម
របងខ័ណ្ឌចែកមានប្រវែងសរុបប្រមាណ ១៤០០គីឡូម៉ែត្រ
ហើយជញ្ជាំងស៊ីម៉ង់មានប្រវែងសរុបប្រមាណ ១៥៥ គីឡូម៉ែត្រ ហើយនៅក្នុងនោះ ជញ្ជាំង
ប៊ែរឡាំង មានប្រវែងប្រមាណ៤៤គីឡូម៉ែត្រ មានកម្ពស់ ៣,៦ម៉ែត្រ
មានប៉ុស្តិ៍យាម ៣០២កន្លែង មានបំពាក់ស៊ីរ៉ែនអាសន្ន ហ៊ុមព័ទ្ធទៅដោយបន្លាលួស មានឆ្មាំ១៦០០នាក់
និងឆ្កែ៦០០ក្បាល ដើរល្បាតតាមផ្លូវជាប់ជញ្ជាំងនោះជាប់ជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ
មានមនុស្សជាច្រើននៅតែព្យាយាមភៀសខ្លួនដដែល។ អ្នកខ្លះបានភៀសខ្លួនតាមរូងភ្នំ
ខ្លះទៀតតាមបាឡុង និងរថភ្លើង។ ចន្លោះឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៨៩ មានមនុស្សប្រមាណ
៥០០០នាក់ប៉ុណ្ណោះដែលបានឆ្លងជញ្ជាំងនោះរួច
ចំណែកអ្នកខ្លះទៀតរងរបួសនៅពេលដែលព្យាយាមឆ្លង។ ជាលទ្ធផល មានមនុស្សប្រមាណជា
១៤០នាក់ដែលត្រូវបានសម្លាប់ដោយទាហានយាមល្បាត។
នៅឆ្នាំ១៩៨៩
ប្រជាពលរដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតមិនអាចទ្រាំទ្រនឹងស្ថានភាពប្រទេសរបស់ពួកគេតទៅទៀតបានទេ។
ពួកគេក៏ចាប់ផ្តើមធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារនូវលទ្ធិប្រជាធិបតេយ្យ។
នាថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ១៩៨៩ គណបក្សកាន់អំណាចនៅក្នុងប្រទេស
អាល្លឺម៉ង់ខាងកើតបានចេញសេចក្តីថ្លែងការណ៍អំពីកំណែទម្រង់នៃការធ្វើដំណើរ
ដើម្បីឆ្លើយតបទៅនឹងការធ្វើបាតុកម្ម ប៉ុន្តែការផ្សព្វផ្សាយនេះបង្កឱ្យមានការភ័ន្តច្រឡំថាជញ្ជាំងខ័ណ្ឌនោះនឹងត្រូវបានបំផ្លាញចោលទៅវិញ។
ជាលទ្ធផល ប្រជាពលរដ្ឋទាំងពីរប្រទេសបានធ្វើព្យុហយាត្រាជួបជុំគ្នាអបអរ
ហើយនៅទីបញ្ចប់នៅឆ្នាំ១៩៩០ ប្រទេសអាល្លឺម៉ង់ទាំងពីរបានបង្រួបបង្រួមគ្នា
ក្រោមឈ្មោះជាផ្លូវការថា “សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់” រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ លី អ៊ុកខា
កែសម្រួលដោយ៖ ជុំ អូវីស្សា
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ឯកសារយោង
History.com
Editors. (2009). Berlin Wall. Retrieved from https://www.history.com/topics/cold-war/berlin-wall.
National
Geographic. (2019). Why the Berlin Wall rose—and how it fell. Retrieved from
https://www.nationalgeographic.com/history/article/why-berlin-wall-built-fell.
RFI.
(2014). ប្រវត្តិនៃការដួលរលំជញ្ជាំងប៊ែរឡាំង អាល្លឺម៉ង់.
Retrieved from https://www.rfi.fr/km/mur-berlin-chute-25ans-histoire.
Comments
Post a Comment