ដំណោះស្រាយបញ្ហាផ្លូវចិត្ត ក្នុងបរិបទកូវីដ-១៩

 

ពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះ​ពាល់អវិជ្ជមានយ៉ាងខ្លាំងដោយសារការរីករាលដាល និងការបម្លែងខ្លួនឥតឈប់ឈរនៃជំងឺកូវីដ-១៩។ ប្រទេសកម្ពុជាក៏ដូច្នោះដែរ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាលបានណែនាំឱ្យស្ថិតនៅតែក្នុងផ្ទះ លាងដៃនឹងអាល់កុលឬសាប៊ូឱ្យបានញឹកញាប់ ពាក់ម៉ាសរាល់ពេលចេញទៅក្រៅ ជាពិសេស រក្សាគម្លាតដែលធ្វើឱ្យទំនាក់ទំនងថយចុះ ស្របពេលដែលមនុស្សមួយចំនួនកំពុងប្រឈមនឹងការបាត់បង់ការងារឬវិបិត្តហិរញ្ញវត្ថុផងនោះ ពួកគាត់អាចនឹងលេចឡើងនូវសញ្ញាណមួយចំនួននៃជំងឺស្រ្តេស។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយឬបញ្ជៀសអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជំងឺស្រ្តេសដោយសារតែវិបត្តិកូវីដ-១៩៖

 

- ការស្វែងយល់ពីជំងឺកូវីដ-១៩ឱ្យបានច្បាស់ ដើម្បីកាត់បន្ថយភាពភ័យខ្លាច និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៖ តួយ៉ាង របៀបឆ្លង រោគសញ្ញា និងវិធីព្យាបាល ព្រោះជំងឺកូវីដ-១៩នេះ គឺជាជំងឺដែលអាចព្យាបាលឱ្យជាបាន

- ការសមាធិ៖ ការចំណាយពេល ១៥នាទីឬ ៣០នាទីក្នុងមួយថ្ងៃសមាធិ ដើម្បីកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងបង្កើនតុល្យភាពផ្លូវចិត្ត

- ការធ្វើលំហាត់ប្រាណឱ្យបានទៀ​ងទាត់​៖ មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយការផលិតអ័រម៉ូនស្រ្តេស សុខភាពរាងកាយរឹងមាំធន់នឹងជំងឺឆ្លង និងមានអារម្មណ៍ស្រស់ស្រាយ។ មួយវិញទៀត អ្នកអាចស្វែងរកសកម្មភាពហាត់ប្រាណសប្បាយៗជាច្រើនតាមអ៊ីនធឺណែត (Internet) និងសាកល្បងកម្មវិធីហាត់ប្រាណទាំងនោះជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ទោះបីជានៅក្នុងកំឡុងពេលបិទខ្ទប់ក៏ដោយ

- របបអាហារ៖ ការគ្រប់គ្រងរបបអាហារឱ្យបានល្អ ពិតជាផ្តល់ផលវិជ្ជមានជាច្រើនដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។​ សូមអ្នកបរិភោគបន្លែ ត្រីសាច់ អាហារមានជាតិខ្លាញ់ទាប ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន វីតាមីន C និងសារធាតុបំប៉នជាច្រើនមុខទៀតឱ្យបានគ្រប់គ្រាន់

- បង្កើតសកម្មភាពសប្បាយរីករាយ និងការអានសៀវភៅ៖ ការស្វែងរកសកម្មភាពទាំងឡាយណា ដើម្បីធ្វើឱ្យអារម្មណ៍រីករាយដូចជា ការអានសៀវភៅ ការស្តាប់វីដេអូលើកទឹកចិត្ត (Podcast) ការញាំអាហារ ការគូរគំនូរ និងការស្វែងរកទម្លាប់ឬជំនាញថ្មី (តួយ៉ាង ការរៀនធ្វើម្ហូប ការរៀនលេងឧបករណ៍តន្ត្រី និងការរៀនភាសាបរទេសជាដើម)

- ការរៀបចំ និងច្នៃប្រឌិតបរិកាសជុំវិញខ្លួន៖ តួយ៉ាង ការរៀបចំឱ្យមានខ្យល់ចេញចូលនិងពន្លឺគ្រប់គ្រាន់ បោសសំអាតសម្លាប់មេរោគ កាត់បន្ថយសំលេងរំខាន និងការតុបតែងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក

- ស្វែងរកវិធីក្នុងការបង្កើនទំនាក់ទំនងក្នុងសង្គម៖ តាមរយៈការនិយាយគ្នាតាមទូរស័ព្ទ ការផ្ញើសារឬវីដេអូជាមួយមិត្តភក្តិ​និងគ្រួសារ ការបង្កើតកាលវិភាគហាត់ប្រាណរួមគ្នាតាមរយៈវីដេអូអនឡាញ (Online) ការបង្កើតក្រុមអនឡាញដើម្បីសិក្សាឬកម្សាន្តរួមគ្នាឱ្យបានច្រើន

- តាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់៖ ជាពិសេសពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក

- ទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន (ដូស) ដើម្បីកាត់បន្ថយឱកាសចម្លងនៃជំងឺកូវីដ-១៩៖ អនុវត្តតាមអនុសាសន៍របស់ក្រសួងសុខាភិបាលបានពន្យល់ណែនាំ ៣ កុំ ៣ ការពារ ជាពិសេស ការទទួលយកវ៉ាក់សាំងកូវីដ-១៩ និងការជំរុញលើកទឹកចិត្តឱ្យមិត្តភក្តិ គ្រួសារ មនុស្សដែលអ្នកស្រលាញ់​ឱ្យទៅទទួលយកការចាក់វ៉ាក់សាំង​ឱ្យបានគ្រប់ៗគ្នា

១០- ការគេងឱ្យបានគ្រប់គ្រាន់ នៅក្នុងបរិបទនេះងាយនឹងធ្វើឱ្យអ្នកមានការព្រួយបារម្ភច្រើន ហើយវាអាចធ្វើឱ្យប៉ះពាល់ទៅដល់ការគេងផងដែរ។ អាស្រ័យហេតុនេះ សូមព្យាយាមគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាពរាងកាយរឹងមាំ និងមានអារម្មណ៍ល្អ

១១- ការស្វែងរកជំនួយ៖ ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងឬអ្នកណាម្នាក់មានបម្រែបម្រួលអាកប្បកិរិយាដែលជាសញ្ញាណនៃជំងឺផ្លូវចិត្តដោយសារកូវីដ-១៩ សូមប្រញាប់ទៅពិគ្រោះ និងទទួលយកការព្យាបាលពីគ្រូពេទ្យ​ជាបន្ទាន់ជាជាងការសំងំនៅក្នុងផ្ទះ និងបន្តឱ្យជំងឺទាំងនោះជះផលរំខានអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក

១២- ការជួយសហគមន៍៖ តាមរយៈការបរិច្ឆាគម្ហូបអាហារ ថវិកា សម្ភារៈប្រើប្រាស់សម្រាប់ជនងាយរងគ្រោះ និងអ្នកជំងឺកូវីដ-១៩។ ម្យ៉ាងវិញទៀត អ្នកក៏អាចចូលរួមស្ម័គ្រចិត្តក្នុងយុទ្ធនាការសង្គមនានាតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងកិច្ចចូលរួមព្យាបាល និងកាត់បន្ថយជំងឺកូវីដ-១៩។

 

សរុបមកវិញ អ្នកត្រូវយកចិត្តទុកដាក់មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឯង មិត្តភក្តិ គ្រួសារ និងមនុស្សដែលអ្នកស្រលាញ់ឱ្យបានល្អបំផុតក្នុងបរិបទកូវីដ-១៩នេះ។ ម្យ៉ាងវិញទៀត ជំនួសឱ្យការភ័យស្លន់ស្លោ អ្នកត្រូវយល់ដឹងឱ្យបានកាន់តែច្បាស់ពីជំងឺកូវីដ -១៩ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

-----

 

អត្ថបទ​រៀបរៀងនិងប្រែសម្រួលដោយ៖ ផាត​​សុទ្ធារី

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានហ៊ាតប៊ុក

HeartBookCambodia

ប្រភពអត្ថបទដោយ៖

Joy, H. (2022). Simple 9 Things to Reduce Your Stress During Covid-19. Medindia. Retrieved from https: Simple 9 Things to Reduce Your Stress During Covid-19 (medindia.net)

Emily, B. (2021). COVID-19: What is post-pandemic stress disorder and how can it affect your heart?. Patient. Retrieved from https: COVID-19: What is post-pandemic stress disorder and how can it affect your heart? | Patient


 

Comments