វិធីសាស្រ្តពង្រឹងសមត្ថភាពក្នុងការសិក្សា

 

ជាទូទៅ មនុស្សយើងម្នាក់ៗតែងតែមានការគិត និងការប្រព្រឹត្តផ្សេងៗពីគ្នា ហើយវិធីសាស្រ្តមួយក៏មិនអាចប្រើបានគ្រប់មនុស្សទាំងអស់នោះដែរ ដូច្នេះនៅក្នុងការរៀនក៏ដូចគ្នា មានវិធីសាស្រ្តជាច្រើនដែលយើងអាចរៀន និងយកទៅអនុវត្ត តែក៏ត្រូវស្គាល់ខ្លួនឯងថា យើងរៀនតាមវិធីអ្វីដែលអាចអោយយើងចងចាំបានល្អ និងងាយស្រួលសម្រាប់ខ្លួនឯង។ ដូចនេះខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលជួយដល់ការអនុវត្តក្នុងការសិក្សារៀនសូត្រ៖

១. វិធីសាស្រ្តនៃការរៀន

នៅក្នុងវិធីសាស្រ្តនៃការរៀនគឺមានវិធីសាស្រ្តផ្សេងៗគ្នាទៅតាមបុគ្គលនិមួយៗ អ្នកខ្លះរៀនតាមរយៈការស្តាប់ អ្នកខ្លះរៀនតាមការអាន អ្នកខ្លះរៀនតាមការមើល និងអ្នកខ្លះទៀតទាល់តែធ្វើសកម្មភាពទើបចងចាំបានល្អ។

ការរៀនដោយប្រើពាក្យសំដី៖ គឺជាការនិយាយពាក្យឬសូត្រព័ត៌មានសំខាន់ៗ ដោយប្រើភាសាសរសេរនិងនិយាយ។ លើសពីនេះ យើងអាចសរសេរនៅពាក្យគន្លឹះមួយចំនួន ដែលងាយយល់និងងាយចងចាំ បន្ទាប់មកយកទៅបិទកន្លែងណាដែលយើងអាច​ឃើញរាល់ថ្ងៃ ដោយអាននិងរំលឹកឡើងវិញ ២ដងក្នុង១ថ្ងៃ គឺនៅពេលភ្ងាក់ពីគេង និងមុនពេលចូលគេង ការធ្វើបែបនេះក៏ជួយដល់ការចងចាំយើងផងដែរ។

ការរៀនដោយការស្តាប់ គឺអាចរៀនជាមួយដៃគូ ពិភាក្សាគ្នា ម្នាក់សួរនិងម្នាក់ឆ្លើយ។ មួយវិញទៀត អ្នកអាចនិយាយ​​អោយខ្លាំងៗពេលកំពុងរៀន ឬថតសំលេងទុករួចយកមកស្តាប់នៅពេលក្រោយវិញ។ ជាមួយគ្នានេះដែរ បើអ្នកចងចាំបានល្អដោយការស្តាប់ អ្នកអាចថតសំលេងគ្រូរបស់អ្នកពេលកំពុងបង្រៀន រួចយកមកស្តាប់ឡើងវិញក៏ជាជំនួយដល់ការរៀនផងដែរ( តែត្រូវប្រាកដថាអ្នកបានសុំអនុញ្ញាតពីគ្រូរបស់អ្នក)

ការរៀនដោយការមើល ប្រើហ្វឺតពណ៌ផ្សេងគ្នា highligh ទៅលើគំនិតផ្សេងគ្នាដែលអ្នកបានកត់ទុក និងប្រើដ្យាក្រាមដើម្បីសង្ខេបចំណុចសំខាន់ៗក្នុងការចងចាំ ការធ្វើបែបនេះ ក៏ជាជំនួយដល់ការរំលឹកមេរៀន និងងាយស្រួលក្នុងការចងចាំ។

ការរៀនដោយការធ្វើសកម្មភាព អាចធ្វើសកម្មភាពដើរចុះដើរឡើងក្នុងការទន្ទេញមេរៀនឬអានអត្ថបទអ្វីមួយ ព្រោះនៅពេលដែលរាងកាយយើងមានចលនា ខួរក្បាលរបស់យើងក៏ដំណើរការបានល្អ ដូចនេះក៏ងាយស្រួលក្នុងការចងចាំផង​​ដែរ។

២. ការគ្រប់គ្រងពេលវេលា

ប្រើបញ្ជី និង កំណត់ត្រា ត្រូវមានប្រតិទិននិងបញ្ជីភាកិច្ច ដែលជាឧបករណ៍ដើម្បីកត់ចំណាំចំនួនការងាដែលយើងត្រូវធ្វើ និងបញ្ចប់ពេលណា មានរយៈពេលយូរឬក៏ឆាប់។

រៀបចំផែនការ ផ្តល់អតិភាពលើកិច្ចការ គឺត្រូវបំបែកគម្រោងផែនការទៅជាសកម្មភាពតូចៗដែលយើងអាចសម្រេចបាន និងធ្វើកិច្ចការណាដែលសំខាន់មុន។

ផ្តោតលើកិច្ចការតែមួយ ការផ្តោតលើកិច្ចការតែមួយគឺជួយយើងមិនអោយបង្កើតកំហុសច្រើនក្នុងការធ្វើកិច្ចការនោះ ហើយយើងក៏អាចបន្តទៅកិច្ចការផ្សេងទៀតបានឆាប់និងរហ័សផងដែរ។

មើលថែខ្លួនឯង នៅក្នុងការគ្រប់គ្រងពេលវេលាគឺសំខាន់បំផុតគឺការគ្រប់គ្រងខ្លួនឯង ព្រោះបើសិនជាយើងខ្សោយក្នុងការគ្រប់គ្រងខ្លួនឯងនោះការគ្រប់គ្រងពេលវេលាក៏គ្មានប្រសិទ្ធភាពដែរ។ ដូចនេះការមើលថែខ្លួនឯងគឺសំខាន់ បើសុខភាពឬក៏អារម្មណ៍របស់យើងអត់ល្អ ការបំពេញភារកិច្ចអ្វីក៏មិនមានប្រសិទ្ធភាពដែរ ហេតុនេះអ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ លំហាត់ប្រាណប្រចាំថ្ងៃ របបអាហារដែលមានសុខភាពល្អ នៅពេលតានតឹងផ្លូវចិត្តស្វែងរកកន្លែងសម្រាប់បន្ធូរអារម្មណ៍។

សរុបមក អ្នកអាចជ្រើសយកវិធីសាស្រ្តណាមួយក៏បានក្នុងចំណោមវិធីសាស្រ្តទាំងអស់នេះ បើសិនជាអ្នកមានការចងចាំបានល្អតាមរយៈអ្វី អ្នកអាចអនុវត្តតាមវិធីសាស្រ្តនោះតែម្តង ព្រោះវិធីសាស្រ្តខាងលើមិនប្រាកដថាប្រើបានគ្រប់មនុស្សទាំងអស់នោះទេ។

------

ឯកសារយោង៖ Book Psychology Fifth edition Global edition, 2017 by  Saundra K. Ciccarelli, J. Noland White

អត្ថបទ​ប្រែសម្រួលដោយ៖ ទូច ណេង

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានហ៊ាតប៊ុក

HeartBookCambodia

 

 

Comments