វិធីសាស្ត្រក្នុងការគ្រប់គ្រងកំហឹង

មនុស្សគ្រប់គ្នាសុទ្ធតែ​កើត​ដោយភ្ជាប់មកជាមួយនូវអត្តចរិតពីធម្មជាតិ ចេះមានអារម្មណ៍ស្រលាញ់ សើច យំ ខឹង ស្អប់ជាដើម ហើយក៏គ្មាននរណាម្នាក់ដែលអាចអះអាងថាខ្លួនឯងមិនចេះខឹងសោះនោះទេ។  ក៏ប៉ុន្ដែសកម្មភាពនៃការបញ្ចេញកំហឹងរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយ អ្នកខ្លះខឹងបែបស្ងៀមស្ងាត់​ អាចរំងាប់អារម្មណ៍ខ្លួនឯងបាន ឯអ្នកខ្លះទៀតមិនចេះគ្រប់គ្រងនៃអារម្មណ៍ខឹងរបស់ខ្លួន ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។ កំហឹងមិនដែលផ្ដល់ផលល្អចំពោះភាគីណាមួយទេ ដូចនេះអ្នកគួរមានវិធីសាស្ត្រគ្រប់គ្រងវាឱ្យបានល្អទើបខ្លួនឯងអាចរួចផុតពីទាសករនៃកំហឹងបាន។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចយកទៅអនុវត្តនៅពេលកើតមានកំហឹងម្ដងៗ៖

- ដើរចេញ៖ វិធីងាយបំផុតគឺដើរចេញនៅពេលខ្លួនឯងមានកំហឹង កុំចាំបាច់តបតនឹងនរណាក្នុងពេលនេះ អ្នកអាចដើរ ធ្វើលំហាត់ប្រាណ ឬធ្វើយ៉ាងណាបានបញ្ចេញកម្លាំងកាយដែលអាចបង្វែរអារម្មណ៍ខឹងបាន

- ចំណាយពេលធ្វើចិត្តឱ្យត្រជាក់៖ ទប់អារម្មណ៍មួយពេលហើយធ្វើចិត្តឱ្យត្រជាក់ ដកដង្ហើម មួយៗ វែងៗ ធ្វើសមាធិ ហាត់យ៉ូហ្កា វាក៏អាចជួយអ្នករំងាប់ភាពឆេវឆាវបានផងដែរ

- រៀនលំហែអារម្មណ៍៖ ពេលមានអារម្មណ៍ខឹងខ្លាំង អ្នកគួរជ្រើសរើសសកម្មភាពណាមួយដែលខ្លួនឯងចូលចិត្តដើម្បីបន្លប់ការខឹងមានដូចជា ស្ដាប់បទចម្រៀង លេងហ្គីតា ទស្សនាវីដេអូអប់រំ  វីដេអូលើកទឹកចិត្ត ញ៉ាំអាហារ ឬអានសៀវភៅដែលខ្លួនឯងតែងតែអានជាប្រចាំជាដើម។

- ចែករំលែករឿងនោះទៅដល់មនុស្សដែលអ្នកជឿទុកចិត្ត៖ ពេលខឹង ឬ ស្តេ្រសអ្នកប្រហែលជាចង់គេចចេញនៅស្ងៀមស្ងាត់ម្នាក់ឯង​មិនខាន ប៉ុន្តែប្រសិនបើបាននិយាយរឿងរ៉ាវប្រាប់មនុស្សជិតស្និទ្ធអ្នកប្រហែលជាបានធូរក្នុងចិត្តច្រើន ដូចនេះអ្នកអាចជ្រើសរើស ឪពុកម្ដាយ បងប្អូន មិត្តជំនិត  ឬ នរណាម្នាក់ដែលអ្នកគិតថាជាអ្នកស្ដាប់ដ៏ល្អសម្រាប់អ្នក។

- រាប់លេខ៖ ចាប់ផ្ដើមដោយការ រាប់លេខពី១ ដល់ ១០ យឺតៗ ម្ដងជាពីរដង ឬ ដកដង្ហើមឱ្យធំៗ ស្រូបយកខ្យល់អាកាសឱ្យបានច្រើនបំផុតមុននឹងឆ្លើយតបទៅនឹងអ្វីដែលធ្វើឱ្យអ្នកខឹង។

- ញ៉ាំទឹកឱ្យបានច្រើន៖ ទឹកមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏អាចជួយឱ្យអ្នកត្រជាក់ចិត្តស្ងប់អារម្មណ៍ បន្ធូរភាពតានតឹងបានមួយកម្រិតផងដែរ។

ទាំងអស់នេះជាវិធីសាស្ត្រងាយៗដែលអ្នកអាចអនុវត្តបានក្នុងការឃុំគ្រងកំហឹងរបស់ខ្លួនឯង។

------

អត្ថបទដោយ៖ ផេង ផល្លា

កែសម្រួលដោយ៖ ជ័ង យៀកលីន

©គ្រឹះស្ថានហាតប៊ុក

HeartBookCambodia

 ប្រភពឯកសារ៖ -https://sokhakrom.com/kh/healthtip/detail https://hellokrupet.com

 

 

 

 

Comments