ហេតុអ្វីទើបបានជាកម្មវិធីផតខាស់ (Podcast) ទទួលបានការពេញនិយមខ្លាំងនៅពេលបច្ចុប្បន្ននេះ?

ជាការពិត មនុស្សម្នាក់ៗតែងតែចង់ប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងទទួលបាននូវលទ្ធផលល្អថែមទៀតផង។ ម្យ៉ាងទៀត វានឹងកាន់តែប្រសើរ ប្រសិនបើលោកអ្នកអាចឆក់យកឱកាសរៀនសូត្រពីអ្វីដែលថ្មីៗតាមរយៈបច្ចេកវិទ្យានៅកំលុងពេលដែលអ្នកធ្វើដំណើរឬធ្វើកិច្ចការផ្ទះមួយចំនួន។ ដូច្នេះ តើអ្នកចង់ទទួលបានការចែករំលែកពត៌មាននិងចំណេះដឹងថ្មីៗ ផ្ទួនគ្នានឹងពេលដែលអ្នកកំពុងបើកបរ ហាត់ប្រាណ ធ្វើម្ហូប ឬកិច្ចការផ្សេងទៀតដែរឬទេ?

ផតខាស់ (Podcast) គឺជាកម្មវិធីមួយប្រភេទដែលប្រមូលផ្តុំដោយឯកសារជាសំឡេង ឬការសន្ទនាជាសំឡេងរវាងបុគ្គលល្បីៗឬវាគ្មិនកិត្តិយសជាមួយនឹងពិធីករ។ Podcast មានគោលបំណងចែករំលែកពត៌មាន ព្រឹត្តិការណ៍សង្គមផ្សេងៗ ចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួន ឬការកម្សាន្តជាដើម។ យើងអាចស្វែងរកវាបាននៅលើទូរសព្ទឬកុំព្យូទ័រ តាមរយៈអ៊ីនធឺណិត។ បើសិក្សាពីប្រវត្តិរបស់ Podcast វិញ កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីអ៊ីនធឺណិតមិនទាន់មានវត្តមានមកម្ល៉េះ។ 

ដោយសារតែអត្ថប្រយោជន៍របស់ Podcast ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើការងារផ្សេងៗទៀត នៅកំលុងពេលស្ដាប់និងត្រង់ត្រាប់យកចំណេះដឹងបែបនេះហើយ ទើបជាហេតុធ្វើឱ្យមនុស្សជាច្រើនមានការពេញនិយមប្រើប្រាស់ ហើយបុគ្គលឬក្រុមខ្លះទៀតចាប់ផ្តើមផលិតមាតិកាថ្មីៗដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីមួយនេះក្នុងបំណងធ្វើឱ្យវាកាន់តែមានប្រជាប្រិយភាពឡើង។

តាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២០នេះ ប្រជាជនប្រមាណ១៥៥លាននាក់ ប្រើប្រាស់កម្មវិធីនេះរៀងរាល់សប្ដាហ៍ ខណៈពេលដែលបច្ចុប្បន្ននេះ ៧០០ ០០០ស្ថានីយ៍កំពុងដំណើរការយ៉ាងសកម្មនៅលើកម្មវិធីមួយនេះ និង កំពុងមានស្រាប់នូវវគ្គសំឡេងសម្រាប់ស្ដាប់រហូតដល់ទៅ២៩លានឯណោះ។ ជាពិសេស វគ្គជាច្រើនដែលកំពុងមានវត្តមាននៅក្នុងកម្មវិធីនេះសុទ្ធតែអាចឱ្យអ្នកប្រើប្រាស់ដំណើរការបានដោយឥតគិតថ្លៃ។ អ្នកដែលចូលចិត្តប្រើប្រាស់កម្មវិធីនេះមានវ័យចន្លោះពី ២៥ ដល់ ៤៤ឆ្នាំ ស្មើនឹង ៤៩ ភាគរយនៃអ្នកប្រើប្រាស់សរុប។ 

ប្រភព៖ គេហទំព័រ Brandastic

ប្រែសម្រួលដោយ៖ ឆេង ភត្រា

Comments