ជារៀងរាល់ថ្ងៃ មនុស្សយើងម្នាក់ៗតែងតែមានការមមាញឹកឬរវល់ជាមួយនឹងកិច្ចការងាររបស់ខ្លួន ខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ទោះឈឺឬជាដើម្បីបំពេញសេចក្ដីត្រូវការនិងដើម្បីទទួលបានប្រាក់ចំណូលមកចិញ្ចឹមជីវិត។ ជាការពិត ការខិតខំប្រឹងប្រែងដើម្បីស្វែងរកប្រាក់ឬបំពេញកិច្ចការងារផ្សេងៗគឺជារឿងល្អ ប៉ុន្តែអ្នកក៏គួរតែចំណាយពេលខ្លះដើម្បីធ្វើអ្វីមួយសម្រាប់ខ្លួនឯង ដើម្បីឱ្យជីវិតរបស់អ្នកកាន់តែមានតម្លៃផងដែរ។
រឿងដែលអ្នកគួរតែធ្វើសម្រាប់ខ្លួនឯងនោះមានដូចជា៖
១- ការថែទាំសុខភាព៖ ទោះបីបើរវល់ការងារខ្លាំងប៉ុនណា អ្នកត្រូវចេះស្រឡាញ់ខ្លួនឯងដោយការបរិភោគឱ្យបានទៀងទាត់និងបរិភោគតែអាហារដែលមានសារធាតុចិញ្ចឹមល្អៗចំពោះរាងកាយ គេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី៦-៨ម៉ោងនិងធ្វើលំហាត់ប្រាណ ដើម្បីការពាររាងកាយពីការប្រឈមមុខនឹងជំងឺផ្សេងៗ។ អ្នកមិនគួរបរិភោគអាហារកំប៉ុង អាហារណាដែលមានជាតិខ្លាញ់ច្រើន អាហារមានរសជាតិខ្លាំងៗពេក ឬ ជក់បារីនិងទទួលទានគ្រឿងស្រវឹងផ្សេងៗ ព្រោះរបស់ទាំងអស់នេះអាចធ្វើឱ្យអ្នកមានជំងឺដោយមិនដឹងខ្លួន។
២- សម្រាកលម្ហែអារម្មណ៍៖ ក្រោយពីបំពេញការងាររួចរាល់ហើយ អ្នកគួររកពេលវេលាខ្លះដើម្បីលម្ហែអារម្មណ៍របស់អ្នក។ អ្នកអាចចេញទៅខាងក្រៅជួបជុំជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ដើម្បីដើរលេងនៅកន្លែងស្អាតៗនិងបរិភោគអាហារជុំគ្នាផងដែរ។ ម្យ៉ាងទៀត អ្នកអាចធ្វើអ្វីដែលអ្នកចូលចិត្តដូចជា ការអានសៀវភៅ ការសរសេរអត្ថបទ ការស្តាប់ចម្រៀង ស្តាប់ធម៌ទេសនា អប់រំផ្លូវចិត្ត ឬការច្រៀងរាំផ្សេងៗ ឬមួយក៏ទៅកន្លែងស្ងប់ស្ងាត់ មានទេសភាពស្អាត មានខ្យល់អាកាសបរិសុទ្ធ និងសម្រាកលម្ហែធ្វើឱ្យរំសាយអស់ភាពតានតឹងនិងមានអារម្មណ៍ស្រស់ថ្លានៅទីនោះផងដែរ។
៣- ផ្តល់កម្លាំងចិត្តដល់ខ្លួនឯង៖ ទោះបីបើអ្នកជួបការលំបាក ភាពនឿយហត់ អស់កម្លាំង និងបាក់ទឹកចិត្តប៉ុនណា ចូរអ្នកកុំភ្លេចផ្តល់កម្លាំងចិត្តដល់ខ្លួនឯង សរសើរខ្លួនឯង លើកទឹកចិត្តខ្លួនឯង ប្រាប់ខ្លួនឯងថាគ្រប់យ៉ាងអ្នកធ្វើបានល្អអស់ពីសមត្ថភាពហើយ តាំងស្មារតី ប្រមូលកម្លាំងកាយចិត្តនិងបន្តដំណើរជីវិតរបស់ខ្លួនទៅមុខទៀត ព្រោះថាជីវិតមួយនេះជាជីវិតរបស់យើង មានតែយើងទេដែលជាអ្នកកំណត់វាសនានៃជីវិតរបស់ខ្លួនឯង កម្លាំងចិត្តនេះក៏អ្នកជាអ្នកបង្កើតឡើងឱ្យខ្លួនឯងជានិច្ច មិនពិបាកឱ្យអ្នកដទៃនៅចាំជួយ ក៏អ្នកអាចរស់នៅដោយសប្បាយរីករាយបាន។
៤- ជូនអំណោយចំពោះខ្លួនឯង៖ យើងគួរតែចេះផ្តល់អំណោយជូនខ្លួនឯង ក្រោយពីធ្វើកិច្ចការអ្វីមួយបានជោគជ័យ ទោះបីបើវាមិនធ្វើឱ្យយើងភ្ញាក់ផ្អើល ដូចអ្នកដទៃជូនយើងក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏បានធ្វើឱ្យយើងរីករាយនិងសប្បាយចិត្តចំពោះលទ្ធផលដែលយើងបានសម្រេច។ ការផ្ដល់នូវអំណោយជូនខ្លួនឯងនេះបានន័យថា យើងកំពុងតែស្រឡាញ់ខ្លួនឯង មានមោទកភាពចំពោះខ្លួនឯង ថ្វីត្បិតតែមិនច្រើន មិនថ្លៃ តែវាពិតជាមានតម្លៃនិងមានន័យសម្រាប់ជីវិត។
៥- ការអភិវឌ្ឍខ្លួនឯង៖ ទន្ទឹមនឹងការធ្វើការងារ អ្នកក៏មិនគួរភ្លេចអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀតដែរ។ ចូរអ្នកធ្វើខ្លួនប្រៀបបានទៅនឹងទឹកសមុទ្រដែលទឹកហូរចូលច្រើនយ៉ាងណាក៏មិនចេះពេញ កុំធ្វើខ្លួនដូចទឹកស្រះ រួចគិតថាខ្លួនចេះគ្រប់យ៉ាងហើយ ហើយបញ្ចប់ការរៀនសូត្រអ្វីថ្មីៗបន្ថែមទៀត។ មនុស្សយើងមិនអាចនៅតែដដែលរហូតបានទេ ប្រសិនយើងចង់បានអ្វីថ្មី គឺត្រូវធ្វើសកម្មភាពថ្មីៗ មិនមានអ្នកណាធ្វើសកម្មភាពដដែលៗហើយអ្នកទទួលបានលទ្ធផលថ្មីនោះទេ។ ការអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគឺជាការបើកជើងមេឃនៃឱកាសសម្រាប់ខ្លួនឯង។
អត្ថបទដោយ៖ ធី វីរាក់
© គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment