តើអ្នកដឹងទេថា ភេសជ្ជៈដែលមានជាតិផ្អែមឬទឹកក្រូចសិប្បនិមិត្តមួយកំប៉ុងដែលមានចំណុះ១២អោន (៣៥៥មីលីលីត្រ) មានផ្ទុកនូវជាតិស្ករជាមធ្យមរហូតដល់ទៅ៣៩ក្រាមឯណោះ។ បើប្រៀបធៀបបរិមាណស្កររបស់នំដូណាត់នោះ ភេសជ្ជៈដែលមានជាតិផ្អែមមានបរិមាណស្ករលើសនំដូណាត់ដល់ទៅ៣ដង។ យោងតាមទិន្នន័យរបស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មនុស្សចំនួន៤៩% ជាមធ្យមផឹកភេសជ្ជៈដែលមានជាតិផ្អែម១កំប៉ុងក្នុងមួយថ្ងៃដើម្បីធ្វើឱ្យរាងកាយទទួលបាននូវកាឡូរីនិងជាតិស្ករគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការរបស់កោសិកាខាងក្នុងឱ្យមានដំណើរការផលិតថាមពលបានល្អ។ ប៉ុន្តែ ការទទួលភេសជ្ជៈដែលមានជាតិផ្អែមឬទឹកក្រូចញឹកញាប់ពេកឬលើសចំនួនកំណត់អាចផ្ដល់ទៅឱ្យអ្នកនូវផលប៉ះពាល់៤យ៉ាងទៅដល់សុខភាព ដែលរួមមាន៖
១- ការធាត់
វាប្រហែលមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលការផឹកភេសជ្ជៈដែលមានជាតិផ្អែមអាចបណ្តាលឱ្យអ្នកឡើងគីឡូបាន។ ប៉ុន្តែ ទោះបីជាភេសជ្ជៈដែលមានជាតិផ្អែមតែមួយកំប៉ុងមានផ្ទុកនូវកាឡូរីចំនួន១៤០ក៏ដោយ ក៏វានៅតែមិនអាចផ្តល់ថាមពលឱ្យអ្នកបានគ្រប់គ្រាន់សម្រាប់សេចក្ដីត្រូវការរបស់រាងកាយនោះឡើយ។
២- ការប្រឈមនឹងជំងឺទឹកនោមផ្អែម
ការទទួលទាននូវភេសជ្ជៈដែលមានជាតិផ្អែមញឹកញាប់អាចបណ្តាលឱ្យអ្នកប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន ព្រោះថាជាតិស្ករដែលបានមកពីភេសជ្ជៈដែលមានជាតិផ្អែមគឺវាតម្រូវឱ្យកោសិកានៃរាងកាយរបស់អ្នកបំប្លែងទៅជាខ្លាញ់ ហើយផ្ទុកនៅក្នុងថ្លើម។ ហើយខ្លាញ់ដែលនៅក្នុងថ្លើមរបស់អ្នកនោះ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមបានយ៉ាងងាយ។
៣- បណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល
ការទទួលទានភេសជ្ជៈដែលមានជាតិផ្អែមនេះទៀតសោតក៏អាចបណ្តាលឱ្យមានភាគរយខ្ពស់ក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ដោយសារតែភេសជ្ជៈដែលមានជាតិផ្អែមគឺធ្វើឱ្យការកើនឡើងនៃខ្លាញ់ក្នុងរាងកាយដែលបណ្តាលឱ្យសរសៃឈាមនៅត្រង់ខួរក្បាលរបស់អ្នកមានសភាពខុសពីធម្មតា ដូច្នេះហើយអាចបង្កើនឱ្យមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។
៤- ការប្រឈមនឹងជំងឺខ្សោយបេះដូង
យោងតាមទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេសបានបង្ហាញថា ការផឹកភេសជ្ជៈដែលមានជាតិផ្អែមច្រើនអាចបណ្តាលឱ្យអ្នកកើតជំងឺខ្សោយបេះដូង ព្រោះជំងឺនេះមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម ការធាត់ និងដំណើរការមិនល្អនៃសម្ពាធឈាម ដូចដែលបានបង្ហាញខាងលើនេះ។
ប្រភព៖ គេហទំព័រ Eat This
ប្រែសម្រួលដោយ៖ អ៊ង គឹមងៀន
Comments
Post a Comment