វិធីសាស្រ្តងាយៗដើម្បីលើកទឹកចិត្តខ្លួនឯង

តើអ្នកធ្លាប់បាត់បង់ទឹកចិត្ត លែងចង់ធ្វើអ្វីផ្សេងៗបន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវមិនល្អ ដូចជាបញ្ហាបរាជ័យនានាក្នុងជីវិតដែរឬទេ? ហើយនៅពេលដែលអ្នកបាក់ទឹកចិត្ត កើតទុក្ខ គ្មានអ្នកណាជួយលើកទឹកចិត្ត តើអ្នកមានអារម្មណ៍យ៉ាងណា? ជាទូទៅ មនុស្សយើងចូលចិត្តត្អូញត្អែរថា នៅពេលដែលខ្លួនបាក់ទឹកចិត្ត ហេតុអ្វីក៏គ្មានអ្នកជូយផ្ដល់កម្លាំងចិត្តអ៊ីចឹង? តាមពិតទៅបើគ្មានអ្នកណាជួយជំរុញទឹកចិត្តទេ នៅចាំកើតទុក្ខដល់ណា ម៉េចក៏មិនលើកទឹកចិត្តខ្លួនឯងវិញទៅ? តាមពិតទៅ មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯង ហើយវិធីសាស្រ្តក្នុងការធ្វើវាគឺពិតជាសាមញ្ញបំផុត។

១- រក្សាសុទិដ្ឋិនិយមជានិច្ច៖ មនុស្សដែលមានសុទិដ្ឋិនិយមក្នុងខ្លួន ជាមនុស្សដែលរីករាយបំផុត។ ពេលដែលលោកអ្នករីករាយ ហើយជឿជាក់ថាអ្វីៗគ្រប់យ៉ាងនឹងត្រឡប់មកជាល្អប្រសើរឡើងវិញ មិនថាឧបសគ្គនោះធំឬពិបាកយ៉ាងណាទេ លោកអ្នកប្រាកដជាអាចដោះស្រាយបានទាំងអស់

២- រៀនជានិច្ច៖ អ្វីៗដែលស្ថិតនៅជុំវិញខ្លួនអ្នកសុទ្ធតែជាមេរៀនទាំងអស់។ បញ្ហា រឿងខកចិត្ត និងបរាជ័យទាំងឡាយសុទ្ធសឹងតែអាចផ្ដល់មកឱ្យអ្នកនូវមេរៀនយ៉ាងល្អបំផុត។ ដូច្នេះ នៅពេលដែលអ្នកអាចចាត់ទុកអ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែជាមេរៀន អ្នកនឹងលែងកើតទុក្ខឬពិបាកចិត្តដោយសារវាទៀតហើយ

៣- ឈប់គិតពីរឿងដែលធ្វើឱ្យអ្នកស្មុគស្មាញ៖ យើងទទួលស្គាល់ថា បញ្ហាបានធ្វើឱ្យជីវិតរបស់យើងកាន់តែស្មុគស្មាញ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺមិនមែនទ្រាំនៅវិលវល់ក្នុងភាពស្មុគស្មាញទាំងអស់នោះទេ។ ចូរព្យាយាមដកខ្លួនចេញពីភាពស្មុគស្មាញបន្តិចម្ដងៗ តាមរយៈការឈប់គិតពីវា ហើយព្យាយាមគិតអំពីអ្វីដែលផ្ដល់មកឱ្យអ្នកនូវភាពវិជ្ជមាន

៤- ស្គាល់ខ្លួនឯងច្បាស់៖ មនុស្សដែលមិនស្គាល់ខ្លួនឯងច្បាស់ មិនអាចមានថាមពលលើកទឹកចិត្តខ្លួនឯងឡើយ។ ដូច្នេះហើយ ចូរចំណាយពេលបន្តិចដើម្បីសិក្សាពីខ្លួនឯង រកខ្លួនឯងឱ្យឃើញ ហើយប្រើប្រាស់តម្លៃនៃជីវិតរបស់ខ្លួនមកលើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំឡើងវិញ

៥- ជួយអ្នកដទៃ៖ ចូរកុំហ្មងសៅដែលអ្នកមិនអាចទទួលបានការលើកទឹកចិត្តពីអ្នកដទៃ ប៉ុន្តែអ្នកអាចលើកទឹកចិត្តឬជួយយកអាសាអ្នកដទៃជំនួសវិញ តាមរយៈការចែករំលែកគំនិតល្អៗនិងជួយដោះស្រាយទុក្ខលំបាកផ្សេងៗ  ដែលការធ្វើបែបនេះនឹងជួយឱ្យអ្នកយល់កាន់តែច្បាស់ជាងមុនពីតម្លៃនៃជីវិតនិងការរស់នៅប្រកបដោយកម្លាំងចិត្ត។

អត្ថបទដោយ៖ សៅ ពៅបញ្ញា


Comments