រឿងនិទានចាស់បុរាណមួយបានដំណាលថា ស្ត្រីដែលមានបញ្ហាក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះនឹងមានកូនដែលមានសក់ក្បាលពេញ។ ក្នុងឆ្នាំ២០០៦ អ្នកសិក្សាស្រាវជ្រាវបានត្រួតពិនិត្យទៅលើបញ្ហានេះនិងបានរកឃើញថា ស្ត្រី២៨នាក់ដែលមានបញ្ហាក្រហាយទ្រូង ២៣នាក់ក្នុងចំណោមពួកគេពិតជាមានទារកដែលមានសក់ច្រើនមែន។ ពួកគេជឿជាក់ថា អរម៉ូនដែលត្រូវបានបញ្ចេញក្នុងពេលមានផ្ទៃពោះក៏អាចគ្រប់គ្រងការលូតលាស់សក់របស់ទារកផងដែរ។ ទោះបីបើវាជាការពិតឬយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញទារកខ្លះកើតមកមានសក់ ហើយខ្លះទៀតមិនមានទេ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដូចខាងក្រោមដែលធ្វើឱ្យទារកមួយចំនួនមានសក់ ហើយខ្លះទៀតក៏មិនមាន៖
១- ហ្សែនដើរតួនាទីសំខាន់លើបញ្ហានេះ៖ ខណៈពេលដែលអ្នកជំនាញមិនប្រាកដ១០០% ថាហេតុអ្វីបានជាទារកខ្លះកើតមកមានសក់ ហើយខ្លះទៀតមិនមាន ពួកគេជឿថាកត្តានេះគឺបណ្ដាលមកពីហ្សែននិងតំណពូជ (DNA)។ ជាធម្មតា ការលូតលាស់នៃសក់កើតឡើងនៅសប្តាហ៍ទី៣០ នៃការពពោះ។ ប្រសិនបើទារកចាប់ផ្តើមដុះសក់នៅក្នុងស្បូន គេនឹងកើតមកដោយមានសក់នៅលើក្បាល។
២- កត្តាអរម៉ូនពេលមានផ្ទៃពោះ៖ កម្រិតអរម៉ូនខ្ពស់នៅខាងក្នុងស្បូនអាចជួយជំរុញដល់ការលូតលាស់សក់របស់ទារកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលសម្រាលកូន កម្រិតអរម៉ូនថយចុះគួរឱ្យកត់សម្គាល់។ នេះជាកត្តាធ្វើឱ្យការលូតលាស់សក់របស់ទារកថយចុះ។
៣- ទារកដែលគ្មានសក់មិនមែនមកពីខ្វះជីវជាតិគ្រប់គ្រាន់នោះទេ៖ ដោយសារទារកកើតមកមានបរិមាណសក់ខុសៗគ្នា ឪពុកម្តាយខ្លះអាចព្រួយបារម្ភថា ដោយសារតែម្តាយមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់កំលុងពេលមានផ្ទៃពោះឬទារកមិនទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។ ប៉ុន្តែទាំងនេះមិនមែនជាការពិតនោះឡើយ ហើយវាជារឿងធម្មតាទេដែលទារកមានសក់តិចរហូតដល់អាយុ១ខួប។ ប្រសិនបើទារកមិនមានជាតិដែកគ្រប់គ្រាន់ ឬទទួលរងពីជំងឺផ្សេងៗ ដែលធ្វើឱ្យសក់របស់ពួកគេអាចរងផលប៉ះពាល់ ប៉ុន្តែជាធម្មតាវានឹងមានសញ្ញាផ្សេងទៀតដែលមិនទាក់ទងនឹងសក់ផងដែរ។
ប្រភពពី៖ គេហទំព័រ Bright Side
រៀបរៀងដោយ៖ អៀ ដាវី
Comments
Post a Comment